Google Search:

Wednesday, November 10, 2010

រឿង ចៅតប់ប្រមល់

កាលពីព្រេងនាយមានបុរសពីរនាក់ បានធ្វើការកុសលជាមួយគ្នា។ លុះបុរសទាំងពីររំលាយខន្ឋទៅ បុរសម្នាក់បានទៅកើតជាព្រះឥន្រ្ទ បុរសម្នាក់ទៀតទៅកើតជាបុរសកំសត់មានប្រពន្ឋក្រលំបាកណាស់រកសីនេសាទដាក់លបយកត្រី ជាអម្រស់អម្ររចិញ្ចឹមជីវិត។ គ្រាៗ ព្រះឥន្រ្ទបានបើកទិព្ឋចក្ខុទតមកឃើញបុរសនោះទេវនាលំបាកដូច្នេះ មានសេចក្តីអាណិតអាសូរករុណា វេលាយប់ព្រះឥន្រ្ទយកមាស ៣ដុំ ទៅដាក់ក្នុង លបបុរសនោះ។ លុះព្រឹកឡើងបុរសនោះទៅលើកលបមើលឃើញមាស មិនស្គាល់ជាមាស សំគាល់ថាជាថ្ម ក៏ចោលទៅក្នុងទឹក ហើយដាក់លបទៅក្នុងទឹកវិញ។ បុរសបានមកមើលលបទៀតគំរប៣ដង។ ព្រះឥន្រ្ទយកមាសដាក់ក្នុងលបនោះដូចមុនទៀត។ បុរសឃើញដូច្នោះនឹកខឹង ក៏ចងមាសទាំង៣ ដុំនោះពុនយកទៅធ្វើ ជាថ្មជើងក្រានដាំបាយ។ ប្រពន្ឋបុរសមិនស្គាល់មាស ក៏យកដុំមាសនោះទៅធ្វើថ្មជើងក្រានតាមបង្គាប់ប្តី។ ក្រាយនោះមានព្រះរាជបម្រើមកទារពន្ខព្រះរាជធានី មើលទៅឃើញដុំមាសដែលបុរសនោះធ្វើថ្មជើងក្រាន ក៏អោយបុរសនោះយកមាស៣ដុំបង់ពន្ឋដែលបុរសនោះជំពាក់រាជការ។ បុរសនោះនឹកអរណាស់ ដោយខ្លួនទ័លក្រហើយព្រះរាជបម្រើយកដុំថ្មជើងក្រានដូច្នោះ ក៏ព្រមតាមបានប្រគល់ថ្មជើងក្រានទាំង៣ដុំនោះទៅអោយព្រះរាជបម្រើភ្លាម។ លុះព្រះរាជបម្រើបានដុំមាសពីបុរសនោះហើយក៏យកមួយដុំទៅថ្វាយព្រះមហាក្សក្រ។ លុះទ្រង់សាកសួរពីហេតុដែលបានមាសមកនោះព្រះរាជបម្រើទួលតាមដំណើរ។ ស្តេចទ្រង់ជ្រាបថាបានមាសពីបុរសដូច្នេះទ្រង់អោយហៅបុរសនោះៗ ទៅដល់ទ្រង់សាកសួរទៀត។ បុរសក្រាបទួលថាមាសរបស់ខ្លួន៣បានជូនមកព្រះរាជបម្រើហើយ។ ស្តេចអោយទារយកមាស២ ដុំពីព្រះរាជបម្រើនោះហើយ ទ្រង់បង្គាប់អោយបុរសនោះយកមាសមកថ្វាយព្រះអង្គថែមទៀត។ បុរសនោះក្រាបទួលថារកមាសទៀតពុំបានទេ។ ស្តេចទ្រង់អោយយកបុរសនោះទៅឃុំ។ ព្រឹកឡើងនាយតម្រួតដែលជាអ្នករក្សានេះ ប្រើធ្វើការដោយជេរស្តីបុរសនោះ។ លុះទ្រង់ជ្រាបដល់ស្តេចៗ ទ្រង់ហៅបុរសនោះមកសួរពីហេតុធ្វើការអោយមានទាស់ចិត្តនាយតម្រួត។ បុរសនោះក្រាបទួលថា «ទួលព្រះបង្គំមានសេចក្តីតប់ប្រមល់នៅក្នុងខ្លួនខ្លាំងណាស់»។ ស្តេចក៏មានព្រះបន្ទួលថា «បើដូច្នេះត្រូវឯងរកសព្វគ្រប់ប្រមល់នោះមកអោយអញ បើឯងរកពុំបានទេអញនឹងអោយពិឃាតឯងក្នុងគ្រានេះ»។ បុរសឮដូច្នេះក៏ភ័យគិតថា «មុខជាស្លាប់ហើយក្នុងគ្រានេះមិនដឹងជាទៅរកសត្វតប់ប្រមល់ឯណាទេ» តែមិនហ៊ានប្រកែកដោយខ្លាចអំណាចស្តេចក៏ក្រាបបង្គំលាស្តេចដើរចេញទៅដោយបំណងថានឹងដើរ អោយស្លាប់ក្នុងព្រៃ លុះដើរចូលព្រៃឆ្ងាយទៅព្រះឥន្រ្ទបើកព្រះនេត្រទិព្វមក ឃើញបុរសនោះមានសេចក្តីវេទនាលំបាកដូច្នេះក៏និម្មិតជាអាស្រម១ នៅខាងមុខទីដែលបុរសដើរទៅហើយព្រះឥន្រ្ទក្រឡាខ្លួនជាព្រះមហាឥសី។ បុរសនោះមើលឃើញអាស្រមដូច្នេះក៏មានចិត្តត្រេអរ ដើរចូលទៅថ្វាយបង្គំឥសីក្នុងអាស្រមនោះ។ ឥសីសួរបុរសនោះថា «ចៅមានហេតុអ្វី?។ បុរសនោះទួលឥសីតាមដំណើរស្តេចអោយរកសត្វតប់ប្រមល់យកទៅថ្វាយនោះ។ ឥសីថា «ចៅកំព្រួយ» រួចឥសីបានយកបំពង់ពក ១ មកសេកមន្តវិជ្ជាសិល្បសាស្រ្តក្លាយជាខ្លាសឹង្ហដំរីពស់រមាស សុទ្ឋតែជាសត្វសាហាវទាំងអស់ ហើយឥសីសេកជប់បង្រួញសត្វទាំងអស់នោះចូលទៅក្នុងបំពង់ពក ប្រគល់បំពង់ពកនោះ ទៅអោយបុរសនោះរួចផ្តាំថា «អោយយកទៅថ្វាយស្តេច ប៉ុន្តែមុននឹងបើកឆ្នុកនោះ អោយស្តេចប្រមូលព្រះរាជវង្សានុវង្សមកជួបជុំហើយបិទទ្វារវាំងអោយជិតសឹមបើកឆ្នុកមើល ព្រោះសត្វនោះរត់រហ័សណាស់»។ លុះបុរសទទួលបណ្តាំឥសីស្រេចហើយ ក៏នាំយកសត្វនោះទៅថ្វាយស្តេចក្រាបទួលថា «ទួលព្រះបង្គំរកសត្វតប់ប្រមល់បានហើយនៅក្នុងបំពង់ពកនោះ» ហើយក៏ទួលតាមដំណើរដែលឥសីផ្តាំមក។ ស្តេចអោយប្រមូលព្រះរាជវង្សានុវង្ស ជួបជុំហើយទ្រង់ចាត់ការបិទទ្វារកំពែងវាំងស្រេច ទ្រង់អោយអាមាត្យបើកឆ្នុកបំពង់ពកនោះ។ ខ្លាដំរីសឹង្ហរមាសពស់ក៏ចេញពីក្នុងបំពង់មកខាំស្តេច និងព្រះ រាជវង្សានុវង្សនោះដល់មរណភាពអស់ទៅ។ ក្រោយនោះពួកអ្នកនគរបានឃើញបុរសនោះមានឬទ្ឋានុភាពដូច្នេះក៏រៀបអភិសេកបុរសនោះអញ្ចើញឡើងសោយរាជ្យសម្បត្តិជាព្រះមហាក្សត្រក្នុងនគរនោះទៅ។ សត្វទាំងឡាយក៏លាស្តេចបុរសនោះចូលទៅនៅព្រៃផ្តាំថា «បើស្តេចមានភ័យ ឬមានការអ្វីយើងនឹងមកជួយយកអាសារជាដរាប» ៕

កម្លាំងអ្វីមិនស្មើកម្លាំងកម្ម