កាលពីព្រេងនាយមានចាបស្រុកនិងចាបព្រៃដើររកសីដោយពួក ជារាល់ថ្ងៃ។ ខាងចាបស្រុកមានមេបាប្រដៅថា «បើរកសីកុំជជែកឈ្លោះគ្នាអោយលឺមាត់គីកកងឡើយ អោយប្រយ័ត្នខ្លួនបើព្រានគេវាយលប់ ត្រូវអោយបបួលគ្នាខំហើរទួលលប់អោយបើក ដើម្បីអោយរស់រួចជិវិត។ ពួកចាបស្រុកក៏តាមដំបូន្មានមេបាប្រដៅតែងដើររកសីទៅមិនសូវហ៊ានមាត់អោយជាគីកកងទេ ជួនកាលបើព្រានវាយលប់ត្រូវបបួលគ្នាហើរចូលលប់ អោយបានរួចជីវិតរៀងៗមក។ មានកាល១ថ្ងៃ ពួកចាបព្រៃពួកចាបស្រុកហើររកសីជួបប្រទះហ្វូងគ្នា នៅដើមត្រែងមួយគុម្ព។ ពួកចាបព្រៃទុំនៅខាងក្រោមពួកចាបស្រុកទុំនៅខាងលើក៏បាក់មែកត្រែងពីលើមកត្រូវក្បាលចាបព្រៃៗ និយាយប្រកាន់ទៅចាបស្រុកថា «ហេតុអីក៏កាច់មែកត្រែងទម្លាក់មកត្រូវក្បាលពួកយើង?»។ ចាបស្រុកក៏បានប្រាប់ទៅចាបព្រៃវិញថា «យើងមិនបានកាច់មែកត្រែងអោយបាក់ត្រូវអ្នកឯងទេ គឺមែកត្រែងវាធ្លាក់ឯងធ្លាក់មកទេតើ» ។ ពួកចាបព្រៃជាពួកឥតកានដំបូន្មានមិនពិចារណាអោយឃើញខុសត្រូវ ក៏បបួលគ្នាបង្ក ហេតុបង្កើតជាជំលោះនិងចាបស្រុក ឮមាត់ជាគីកកងរំពងឡើង។ ពួកព្រានបានឮមាត់ចាបនៅគុម្ពត្រែងនោះច្រើនក៏លប់ទៅវាយត្រូវទាំងអស់គ្នា។ ចាបទាំងពីរពួកនេះបានត្រូវលប់ក៏នៅតែជាប់ឈ្លោះគ្នា។ ចាបស្រុកពោលទៅចាបព្រៃថា «បើពួកឯងគ្រាន់បើហេតុម្តេចក៏មិនបម្រះអោយរួចពីលប់ទៅ»។ ចាបព្រៃក៏ពោលមកចាបស្រុកវិញថា «បើពួកឯងគ្រាន់បើហេតុម្តេចក៏មិនបម្រះអោយរួចពីលប់នេះទៅ បានតែពាក្យបញ្ចួនគ្នាទៅវិញទៅមកមិនគិតបម្រះអោយរួចជិវិតសោះ។ កំពុងតែឈ្លោះគ្នាស្រាប់តែព្រានក្រសោបឡើងចាប់ចាបទាំងអស់ ក៏ពិឃាតក្ស័យអស់ទៅ។ នេះហើយចាបស្រុកជាចាបល្អ តែខកខ្លួនមករកសីជួបចូលនឹងវ៉ូងចាបព្រៃ ជាពួកចាបប្រព្រឹត្តអាក្រក់ ក៏មានរឿងឈ្លោះ ទាល់តែព្រានវាយលប់ត្រូវស្លាប់ទំាងអស់គ្នា។
ចោទគេដោយស្មាន ត្រឡប់បានក្តីទុក្ខ