Google Search:

Wednesday, November 10, 2010

រឿង តម្លង់ប្រាំពីរសន្តាន

កាលពីព្រេងនាយមានបុរសប្តីប្រពន្ឋ នាំគ្នាទៅសួរបងប្អូននៅភូមិព្រៃសណ្តែកដើរៗ ទៅប្រទះនឹងបុរសដំឡង់ម្នាក់កំពុងតែទឹមគោភ្ជួរស្រែ។ បុរសប្តីប្រពន្ឋនោះសួរថា «អ្នកអើយអ្នក! ផ្លូវណាកាត់ទៅលើភូមិព្រៃសណ្តែក ត្បិតខ្ញុំខានមកយូរឆ្នាំហើយ មិនដឹងថាផ្លូវណាកាត់ទៅអោយត្រង់?»។ បុរសដំឡង់នោះស្រាប់តែខឹងឆ្លើយថា «គោអញៗទឹមសុទ្ឋតែកូនក្រោលបង្គោលស្នឹងអាក្រហម ១នេះ ម្តាយក្មេកគាត់ចែកឯអាស្នែងកន្ឋែកឪអញគាត់អោយអញមិនលួចរបស់អាណាមកទឹមទេ»។ ឯបុរសប្តីប្រពន្ឋដែលបានសួរផ្លូវនោះឮហើយ និយាយគ្នាថា «អ្នកនេះយើងសួរផ្លូវគាត់ៗ គាត់និយាយពីគោហើយស្តីគំរោះគំរើយអោយយើងផង ណ្ហើយគេហ៍! យើងកុំខ្ជីសួរវា យូរឆាប់គង់តែនឹងទៅដល់ផ្ទះបងប្អូនមិនខាន» ហើយក៏បណ្តើរគ្នាទៅ។ បុរសដំឡង់នោះក៏ខំព្យួរស្រែមិនឈប់ដល់ពេលថ្ងៃជិតត្រង់ស្រីដំឡង់ជាប្រពន្ឋ ក៏ទួលបាយទៅអោយប្តីបរិភោគ លុះទៅដល់ដាក់ល្អីបាយក្រោមម្លប់ឈើនៅភ្លឺស្រែ។ ប្តីឃើញប្រពន្ឋយកបាយមកអោយក៏ឈប់ភ្ជួរស្រែបរិភោគបាយ ទាំងខ្សឹប ប្រាប់ប្រពន្ឋថា «មានមនុស្សប្តីប្រពន្ឋបណ្តើរគ្នាមកពីណាមកចោទប្រកាន់ថា អញលួចគោវា ឯគោមួយនឹមនេះ ប្រាកដជាម៉ែឪអញចែកមក»។ ប្រពន្ឋឃើញប្តីនិយាយម្ហបៗនឹកស្មានថាស្តីអោយខ្លួន ស្រាប់តែខឹងហើយឆ្លើយតបវិញថា «អញគិតថាប្តីមកភ្ជួរស្រែទាល់តែថ្ងៃត្រង់ខំប្រញាប់ប្រញាល់ទួលបាយមកអោយសី ឥឡួវទៅជាថាឯងមានសាហាយអញសាហាយនឹងឈ្មោះអាណាគាត់រកមុខអោយឃើញ។ ឯប្តីគិតតែពមបាយអស់មួយកូនល្អីប្រពន្ឋថាអ្វីក៏មិនឮផង។ លុះប្តីបរិភោគរួចប្រពន្ឋកន្រ្ទាក់យកល្អី។ ប្តីសួរថា «ឯងមានការអ្វីឯផ្ទះបានជាប្រញាប់ម្លេះ?» ។ ប្រពន្ឋថា «អញពិតជានិយាយប្រាប់ម៉ែឪជាមិនខាន» ហើយកន្តៀតល្អីត្រឡប់ទៅផ្ទះជួបនឹងម្តាយនិយាយទាំងទឹកមុខខឹងក្រហមប្រាប់ម្តាយថា «កូនប្រសារម៉ែវាល្អហើយ ខ្ញុំទួលបាយទៅអោយសី ដាក់ល្អីស្ទើរតែមិនទាន់ វាស្តីថាអោយខ្ញុំថាមានសាហាយ»។ ចំណេកម្តាយខឹងញ័រឡើងថា ហងឯងដូច្នេះទេតើ បានជាមុខក្រហមអញថាកូនថាចៅបានជាចំាផ្ទះអោយវា ឥឡូវវាថាឯងលួចថ្នាំយកទៅដូរដូងមេអន្តរធាន ឯងក្រោយៗ កុំនិយាយដូច្នេះមិនត្រូវទេ សូម្បីតែថ្នាំ ១ឆ្នុកក៏អញមនលួចយកផង បើទុកជាអញយកមែន ម្តាយនឹង កូននឹងត្រូវហងឯងពោលអោយអញខ្មាស់គេ ចាំឪហងមកអញនឹងប្រាប់អោយជេរវាយប្រដៅហងឯងមិនខាន»។ លុះយូរបន្តិចប្តីមកពីកាប់បង្គោលធ្វើរបងបង្ការមិនអោយគោក្របីសីសំណាបសំទួង ប្រពន្ឋនិយាយប្រាប់ប្តីថា «កូនស្រីយើងវាយកបាយទៅអោយប្តី ខ្ញុំចាំផ្ទះអោយវាៗ មកវិញវាថាខ្ញុំលួចថ្នំាដូរដួងខ្ញុំខឹងណាស់។ ប្តីស្តាប់មិនឮខឹងនឹងប្រពន្ឋក៏ជេរថា «មេចោរគ្រហរ! ហងឯងប្រច័ណ្ឌអញអីម្លេះអញមានស្លៀកពាក់តែតួដើរលេងចងស្រីឯណាអញទៅកាប់ឈើធ្វើបង្គោលរបងទេតើ អញអត់តែម្តងនេះទេ ក្រោយៗបើហងឯងនៅតែស្តីប្រច័ណ្ឌអញទៀតមុខជាអញធាក់អោយដួលទាំងជំហរមិនខាន «ហាមប្រពន្ឋហើយបរិភោគបាយរួចទៅចងសន្ទូចបានត្រី ត្រឡប់មកផ្ទះវិញ។ វេលាល្ងាចប្រពន្ឋក៏ធ្វើត្រីស្លអាំងអោយប្តីបរិភោគភាគខ្លះ រំលែកទុកព្រឹកខ្លះ ដើម្បីនឹងធ្វើសំរាប់យកទៅប្រគេនលោកកូននៅឯវត្ត និងកូនប្រុសម្នាក់ទៀតអោយនៅរៀនអក្សរជាមួយនឹងលោកបងនោះ។ លុះព្រឹកឡើងម្តាយនោះដាំបាយដុសដាក់ចានមានម្ហូបពីល្ងាចស្រាប់ ទួលយកទៅដល់កុដ៌ប្រគេនលោកកូនហើយនិយាយថា «ខ្ញុំព្រះករុណារំលឹកលោកកូនណាស់មួយទៀតប្អូនតូចវារៀនអក្សរគ្រាន់បើទេ?»។ លោកកូននោះប្រាប់ថា! អាត្មាសព្វថ្ងៃនេះកំពុងស្រឡាញ់សិលផ្នួសណាស់ អាត្មាមិនសឹកទេ»។ ម្តាយក៏ហៅកូនតូចដែល នៅបម្រើបងនោះថា «អានាងលា! លាលោកបងទៅផ្ទះនិងម្តាយ បានមួយថ្ងៃពីរថ្ងៃសិនត្បិតឪឯងរលឹកណាស់»។ កូនតូចឆ្លើយប្រាប់ម្តាយថា «ត្រីងៀតលោកបងនៅពីរកន្ទុយទុកក្នុងកុដ៌នេះ ពេលល្ងាចខ្ញុំយកពីរចំរៀកដុត សីបាយ ដែលសល់ពីលោកឆាន់ពេលព្រឹកនោះ។ ឯលោកសង្ឈដែលគង់នៅជិតកុដ៌ទាំងប៉ុន្មាន បានឮម្តាយលោក និងកូននិយាយតែដោយមិនចុះសំរុងគ្នាដូច្នេះ លោកទាំងអស់ទប់មិនបានក៏សើចទ្រហឹងអឹងអាប់។ សិកានោះក៏សំពះលាលោកកូនត្រឡប់មកដល់ផ្ទះវិញ ហើយលុតជង្គង់ជូនបុណ្យប្តីថា «ខ្ញុំជូនពរអ្នកផង»។ ប្តីឆ្លើយថា «អើ អញឃើញបាយសំលខអាំងព្យួរទុកនៅសង្រែកអញសីអស់ទៅហើយ»។ ប្រពន្ឋក៏មើលមុខប្តីៗ មើលមុខប្រពន្ឋប៉ប្រិចភ្នែកម៉ក់ៗ ធ្វើជាហឺតែដោយខ្លួន។ លុះយូរបន្តិចស្រាប់តែប្អូនស្រីបង្កើតខាងប្តីនៅភូមិ ដទៃមកដល់បានផ្លែពង្រមួយផ្តិល និងស្លឹកប្រស់ស្វាមួយសំណុំមកផ្ញើបង និយាយសួរថា «បងបានភ្ជួររាស់ដងស្ទួងបានស្រែប៉ុន្មានហើយ?»។ បងទាំងប្តីប្រពន្ឋឆ្លើយប្រាប់ទៅប្អូនស្រីវិញថា «អើហង! ល្មមទុកដាក់អោយវាមានប្តីទៅចុះ តែហងមើលកុំអោយតែចេះលេងបៀរ ផឹកស្រា ជក់អាភៀន»។ ប្អូនស្រីស្តាប់មិនឮទៀត ក៏ប្រាប់ទៅបងទាំងពីរនាក់ថា «ខ្ញុំស្តាយត្រឡាចខ្ញុំមួយទ្រើងណាស់ កំពុងតែផ្កាក្តឹបតួចៗស្រាប់តែមានមេជ្រូកឈ្មួលគល់ដាច់ងាប់អស់»។ ប្អូនស្រីនោះក៏ត្រឡប់ទៅវិញ។ ព្រោះអ្នកទាំង៧ នាក់គឺបុរស ស្រ្តី ប្តីប្រពន្ឋ ម្តាយឪពុក លោកភិក្ខុ កុមារ ជាប្អូន និងប្អូនស្រីសុទ្ឋតែថ្លង់និយាយមិនចុះសំរុងគ្នា បានជារឿងនេះគេហៅថា រឿង ដំឡង់ ៧ សន្តាន៕

ស្តាប់មិនទាន់ជាក់ កុំអាចញាក់ចិញ្ចីម