Google Search:

Wednesday, November 10, 2010

ចរិយាសម្បត្តិ (បទពាក្យ៧)

យើងកើតជាមនុស្សប្រសើរក្តាត់ លើសអស់សព្វសត្វលើផែនដី
មានរូបមានរាងល្អប្រពៃ ប្រាជ្ញាកែច្នៃអោយរិតល្អ ។
ប្រាជ្ញាជាគ្រឿងដុះខាត់យើង អោយបានរុងរឿងថ្កើងបវរ
ប្រកបឬកពាចរិយធម៌ ផ្សំនឹងលំអនៃអង្គប្រាណ ។
សមរូប ល្អឬក ល្អចរិយា គ្មានទើសនេត្រានោះទើបបាន
ឈ្មោះថាល្អពិតគួរប្រមាណ គេរៀនអោយបានសព្វវិជ្ជា ។
រូបល្អហើយតែខ្វះចរិយា ជាអលង្កានោះមុខជា
មិនបានគាប់ភ្នែកជនគ្រប់គ្នា ព្រោះមានឬកពាច្រលើសបើស ។
សំដីសំដៅមិនសមរម្យ ឬកមិនរម្យទមឃើញទាក់ទើស
ទោះទៅទីណាគ្មានគេរើស ពុំមានគេជ្រើសធ្វើជាមិត្ត ។
ដូចនេះត្រូវកុមាររាល់គ្នា ខិតខំសិក្សាពត់ចរិត
អោយបានប្រពៃល្អប្រណិត កាយវិការពិតជាកុលបុត្រ ។
ចរិយាជាគ្រឿងតុបតែង បវរចិញ្ជែងថ្លាបរិសុទ្ឋ
ជាអលង្កាកែវមណីរ័ត្ន ល្អល្អប្រាកដនៃរូបា ៕