កាលពីព្រេងនាយមានបុរសម្នាក់ខ្ពើមក្តីទៅឡើងចុងត្នោត ហើយយកស្លឹកត្នោតចាក់ស្មុគ្រធ្វើរូបសត្វផ្សេងៗ។ ហើយគិតថា «អញលក់ស្មុគ្រទាំងអស់នោះយកប្រាក់ទៅទិញសំលៀកបំពាក់ នឹងក្របីធ្វើស្រែហើយនឹងលោះខ្ញុំប្រើបើកាលណាអញប្រើវាមិនបាន អញវាយធាក់វា» ថាតែប៉ុណ្ណោះក៏យកជើងធាក់ស្មុគ្រនោះធាក់មិនតិចតួច ធាក់ទាល់តែភ្លាក់ជើងធ្លាក់ពីលើចុងត្នោត តែបុរសនោះស្រវាចាប់ចុងត្នោតជាប់ដូចគេចងព្យួរតែកតោកនៅនោះ។ បុរសនោះភ័យណាស់មិនដឹងបើគណនាឡើយ។ ពេលនោះបុរសម្នាក់ទៀតដែរ ខ្ពើមអាចម៍ជិះនៅលើខ្នងដំរី ក៏បរដំរីនោះទៅលុះដល់ក្រោមដើមត្នោត បុរសខ្ពើមក្តីក្រឡេកឃើញក៏ស្រែកហៅថា «ឪអ្នកជិះដំរីមេត្តាជួយយកអោយខ្ញុំផង»។ បុរសជិះដំរីក្រឡេកឃើញបុរសខ្ពើមក្តីតោងធាងត្នោតព្យួរខ្លូននៅនោះ ក៏ឆ្លើយតបទៅវិញថា «មិនដឹងជួយដូចម្តេចទេ?» ។ បុរសនៅចុងត្នោតថា «ត្រូវអ្នកបរដំរីមកខាងក្រោមខ្ញុំ ហើយត្រូវឈរទាញជើងខ្ញុំចុះ។ បុរសជិះដំរីឮហើយក៏បរដំរីទៅពីខាងក្រោម រួចក្រោកឈរលើខ្នងដំរីលើកដៃប្រវាចាប់ជើងកំពុងតែចាប់ជើងដំរីស្រាប់តែដំរីទៅមុខបាត់ទៅ។ បុរសទាំងពីរនាក់ក៏ព្យួរតែកតោកនៅនោះ។ បុរសខាងលើភ័យពេករាកអាចម៍ដាក់ក្បាលបុរសខាងក្រោម។ បុរសពីរនាក់ភ័យណាស់មិនដឹងធ្វើដូចម្តេច។ ក្នុងវេលានោះមានបុរសទំពែកទាំង ៤ នាក់ដើររកសីកាត់ក្តី លុះដើរទៅដល់កន្លែងនោះ បុរសពីរនាក់ដែលតោងធាងត្នោតនោះស្រែកហៅថា «នែលោកទាំង៤នាក់ដែលដើរនោះមេត្តាជួយយកអាយុខ្ញុំផង សឹមខ្ញុំទៅនៅជាខ្ញុំបម្រើលោក»។ បុរសទាំង៤នាក់ឮ ងើបមើលទៅឃើញបុរសពីរនាក់ ក៏ជំនុំគ្នាថា «យើងទាំង៤នាក់តាំងពីដើររកសីកាត់ក្តីថ្ងៃណាមិនដែលមានខ្ញុំប្រើសោះ ឥឡូវយើងរកបុរសពីរនាក់នេះធ្វើខ្ញុំយើង» គិតដូច្នេះបុរសទាំង៤នាក់ដើរចូលទៅក្រោមដើមត្នោតក៏និយាយថា «យើងមិនដឹងធ្វើដូចម្តេចទេ» ។ បុរសទាំងពីរនាក់ថា «ឱលោកអើយ! លោកយកសំពត់នោះចងនឹងកលោកម្នាក់១ជ្រុង ហើយឈរទាញអោយតឹងពីក្រោមខ្ញុំៗ នឹងទម្លាក់ខ្លួនខ្ញុំទៅលើសំពត់នោះ»។ បុរស៤នាក់ស្តាប់ហើយក៏ធ្វើតាមពាក្យបុរសពីរនាក់ស្រេចហើយ បុរសពីរនាក់ទម្លាក់ខ្លួនមកសំពត់នោះ។ ឯបុរសទាំង៤ក៏ទង្គិចក្បាលគ្នាស្លាប់អស់ទៅ។ បុរសទាំងពីរនាក់ដឹងថាបុរសទាំង៤នាក់នោះស្លាប់ហើយភ័យណាស់ លុះយប់មានផ្ទះយាយចាស់ម្នាក់ប្តីគាត់មិននៅទៅធ្វើចម្ការ បុរសពីរនាក់ក៏នាំគ្នាសែងខ្មោចបុរសទំពែងទាំំង៤យកទៅដាក់រានហាលផ្ទះនោះហើយនាំគ្នារត់ទៅ។ លុះព្រឹកឡើងយាយចាស់នោះភ្ញាក់ពីដេក ចេញទៅលុបមុខខាងក្រៅឃើញខ្មោចនោះហើយភ្ញាក់ព្រឺត «យី! ខ្មោចអ្វីមកស្លាប់នៅទីនោះ?» ថាហើយក៏ខ្មោចនោះមួយម្តងៗ យកទៅដាក់ក្នុងផ្ទះ ហើយយកខ្មោចនោះទៅរុំសំពត់យកមកដាក់ខាងក្រៅ រួចយំត្អូញថា ប្តីស្លាប់ ហើយដើរទៅរកអ្នកស្រុកអោយគេជួយយកទៅកប់ហើយត្រឡប់ទៅផ្ទះវិញ។ លុះស្អែកឡើងយាយចាស់ធ្វើដូចមុនទៀតប្រាប់គេថាប្តីខ្លួនត្រឡប់មកវិញ។ អ្នកស្រុកគេក៏ជួយទៀត លុះស្អែកឡើងយាយដូច្នេះទៀតរហូតទាល់តែអស់ខ្មោចទាំង៤។ អ្នកស្រុកគិតថា «យើងទៅវាយខ្មោចនេះក្រែងមកទៀតគិតហើយនាំគ្នាទៅចាំនៅផ្លូវដែលយកខ្មោចនោះទៅកប់។ លុះព្រលប់តាប្តីយាយអស់អង្ករត្រឡប់ពីចម្ការ មកយកអង្ករសីលីឆ្នាំងមួយផងមកដល់ប្រទះនឹងពួកអស់ស្រុកដែលគេចាំនោះគេស្រែកថា «កនយើងមកទៀតហើយ» គេនាំគ្នាដេញវាយ តាស្រែក «ខ្ញុំទេ ខ្ញុំមកពីចម្ការ។ គេថាតាឯងស្លាប់ទៅហើយ មកវិញ៤-៥ដងអោយតែគេពិបាក គេក៏វាយតានោះទាល់តែស្លាប់ទៅ៕
ខ្ពើមអាចម៍ឡើងជិះដំរី ខ្ពើមក្តីឡើងចុងត្នោត