Google Search:

Wednesday, November 10, 2010

រឿងអាខ្វាក់អាខ្វិន

កាលពីព្រេងនាយមានមនុស្សពីរនាក់ ម្នាក់ខ្វាក់ ម្នាក់ខ្វិននៅខ្ញុំគេទាំងពីរនាក់អស់អ្នកស្រុកគេហៅ អាខ្វាក់អាខ្វិន ប៉ុន្តែនៅម្ចាស់ដោយខ្លួន អាខ្វាក់នៅនឹងផ្ទះគេមួយ អាខ្វិននៅនឹងផ្ទះគេមួយទៀតជិតគ្នា ។ អាខ្វាក់ អាខ្វិនយកគ្នាជាសំឡាញ់ ។ ឯអាខ្វាក់ ៗ ទាំងពីរមើលមិនឃើញ អាខ្វិនជើងទាំងពីរដើរមិនរួច បើនឹងទៅណា បានតែកិលនឹងគូទ ។ ម្ចាស់ប្រើអាខ្វាក់អាខ្វិនគ្មានប្រណីអាណិតថាខ្វាក់ខ្វិនសោះ ។ អាខ្វាក់អាខ្វិននាយពិបាក ណាស់ ក៏គិតគ្នាថា « យើងនឿយហត់ណាស់ នឹងទ្រាំនៅជាមួយគេមិនបានទេ មានតែយើងគិតរត់ « ហើយ អាខ្វាក់សួរអាខ្វិនថា « បើដូច្នេះយើងនឹងគិតដូចម្តេច? » ។ អាខ្វិនឆ្លើយឡើងថា « អញឃើញទូកគេនៅកំពង់ នោះមាន យើងត្រូវរត់ដោយទូកនោះទើបរួច » ។ អាខ្វាក់អាខ្វិនគិតគ្នាព្រមហើយលុះយប់ក៏បបួលគ្នាចុះទៅកំពង់ ហើយចេញទូកពីកំពង់ទៅ ប៉ុន្តែអាខ្វាក់អាខ្វិនជាមនុស្សមិនចេះអុំទូក ក៏អង្គុយម្នាក់ឯក្បាល ម្នាក់កន្សៃឈមមុខគ្នាប្រឹងអុំទូកទៅ ។ អាខ្វាក់អាខ្វិនមើលមិនឃើញ អាខ្វិនជាមនុស្សមិនដែលអុំទូកសោះ ហើយយប់ ងងឹតមើលមិនឃើញគិតស្មានថាទូកលឿនទៅមុខ តែទូកចេះតែវិលនៅត្រង់កំពង់នោះឯង លុះអុំយូរទៅដល់ពាក់កណ្តាលអាធ្រាត្រ ឮសំលេងសត្វអកយំ អាខ្វាក់អាខ្វិននិយាយគ្នាថា « យើងប្រឹងអុំឡើងដល់កន្លែងអន្លង់អកហើយ » ៗ ហើយអាខ្វាក់អាខ្វិនខំអុំទៅទៀតលុះដល់ពេលមាន់រងាវហើយនិយាយគ្នាថា « យើងជិតដល់ស្រុកគេហើយ ប្រឹងអុំក្រែងគេតាមទាន់ » ។ អាខ្វាក់អាខ្វិនក៏ប្រឹងអុំ លុះត្រាតែមាន់រងាវកុះឮសម្លេងតាវ៉ៅយំ ភ្លឺព្រាងៗ ពីឯកើត ក៏អាខ្វិននិយាយទៅអាខ្វាក់ថា « ដូចកំពង់ផ្ទះយើង » ។ លុះភ្លឺបន្តិចឡើង ម្ចាស់ចុះមក ដងទឹកឃើញអាខ្វាក់អាខ្វិនអង្គុយអុំទូកឈមមុខទល់គ្នា ហើយគេហៅអោយអុំទូកចូលមក គេដឹងថា « អាខ្វាក់អាខ្វិនរត់ប៉ុន្តែគេគិតថា វានឹងរត់ទៅឯណាបើខ្វិនខ្វាក់ដូច្នេះ » គេក៏អោយឡើងទៅផ្ទះវិញ គេមិនបានជេវាយទេ ។ អាខ្វាក់អាខ្វិនទៅនៅដូចពីដើមវិញ ។ លុះយូរបន្តិចទៅ អាខ្វាក់អាខ្វិនបបួលគ្នារត់ម្តងទៀត អាខ្វិននិយាយ នឹងអាខ្វាក់ថា « យើងរត់ម្តងនេះទៀតកុំអោយម្ចាស់គេតាមទាន់ យើងកុំទៅជើងទឹក ទៅជើងគោកវិញ » ។ អាខ្វាក់ឆ្លើយថា « ទៅដូចម្តេចនឹងបានជើងគោកនោះបើអញខ្វាក់ ឯងខ្វិនរត់ទៅណារួច » ។ អាខ្វិនឆ្លើយឡើងថា « ឯងកុំព្រួយចិត្តឯងអោយអញជិះលើឯង ហើយអញបង្ហាញផ្លូវ » ។ អាខ្វាក់អាខ្វិនគិតគ្នាព្រមហើយលុះដល់ យប់ស្ងាត់គេដេកលក់អស់ អាខ្វាក់លើកអាខ្វិនអោយជិះលើស្មាបង្ហាញផ្លូវអាខ្វាក់អោយទៅ ។ ឯម្ចាស់លុះដល់ ព្រឹកឡើងមិនឃើញអាខ្វាក់អាខ្វិន ដឹងថាអាខ្វាក់អាខ្វិនរត់ ប៉ុន្តែគិតថា « មនុស្សខ្វាក់ខ្វិនវានឹងរត់ទៅណារួច » ក៏ គេមិនទៅតាម អាខ្វាក់អាខ្វិនខំរត់ទៅពីរបីថ្ងៃបានទៅដល់ស្រុកមួយ ស្រុកនោះមានខ្លាសាហាវ អ្នកស្រុកហាម ប្រាមកូនចៅគេថា « ដ្បិតព្រលប់យប់ងងឹតហើយ កុំលេងនឹងដីខ្លាចខ្លាឃ្លេ » ។ អាខ្វាក់អាខ្វិនទៅដល់ស្រុកនោះ ជួនជាព្រលប់យប់ងងឹតហើយ គិតគ្នាថា « យើងដល់ស្រុកគេហើយ បើដូច្នោះយើងគិតធ្វើស្រែ តើយើងបាន នង្គ័ល រនាស់ ក្របីគោពីណានឹងធ្វើស្រែនឹងគេ មានតែយើងគិតលួចគេទើបបាន ។ អាខ្វិនបញ្ជាអោយអាខ្វាក់អោយដើរចូលទៅភូមិគេ អស់អ្នកស្រុកគេឃើញគេប្រាប់ថា « ស្រុកនេះមានខ្លាសាហាវណាស់ »។ អាខ្វាក់ ឆ្លើយឡើងថា « ឃ្លេមិនខ្លាចទៅខ្លាចឯខ្លា » ។ ខ្លាក៏ជួនជាមកលបខាំគេពេលនោះដែរ ដល់ឮអាខ្វាក់ថា« ឃ្លេមិនខ្លាចទៅខ្លាចឯខ្លា » ក៏គិតថា « ពីដើមគេខ្លាចតែអញ ឥឡូវមានឃ្លេផ្សេងទៀត គេខ្លាចជាងអញទៅទៀត អញមិនដែលឃើញមិនដែលឮសោះទេឃ្លេនោះ បើដូច្នេះអញចាំលបមើលអោយឃើញច្បាស់ប្រាកដ » ។ អាខ្វិន ឃើញក្រោលគោគេហើយប្រាប់អាខ្វាក់ថា « ឯងទៅលួចគោចុះអញចាំនៅក្រៅរបង ។ អាខ្វាក់ដាក់អាខ្វិនហើយដើរស្ទាបចូលទៅជួនជាជួបនឹងខ្លា ។ ខ្លាឃើញអាខ្វាក់គិតថាជាឃ្លេក៏ខ្លាចមិនហ៊ានកំរើកខ្លួន ។ អាខ្វាក់ស្ទាបអស់ទាំងខ្លួនខ្លា គិតស្មានថាគោ ហើយស្ទាបទៅលើក្បាលខ្លាមិនឃើញស្នែង ក៏អរថា « គោនេះស្នែងនប់ធាត់ល្អណាស់ អញទុកជាអានប់កូនក្រោល « អាខ្វាក់ក៏ចាប់ទាញខ្លាដឹកយកមកនឹងខ្លុះ ។ ឯខ្លាគិតខ្លាចអាខ្វាក់ ដោយស្មានថាឃ្លេ អាខ្វាក់ធ្វើដូចម្តេចក៏ចេះតែតាម អាខ្វាក់ដឹកមកដល់របងហើយប្រាប់ទៅអាខ្វិនអោយយកកន្លុះមកនឹងខ្លុះអានប់កូនក្រោល អាខ្វិនឃើញហើយប្រាប់ទៅអាខ្វាក់ថា « អាខ្វាក់! ខ្លាទេ » ។ អាខ្វាក់ឆ្លើយថា បើឯងខ្លាចឯងអោយកន្លុះមកអញៗ នឹងចាក់ច្រមុះខ្លុះយកទៅភ្ជួរស្រែ » អាខ្វិនក៏ហុចកន្លុះទៅអោយអាខ្វាក់ៗ បានកន្លុះហើយក៏ចាក់ច្រមុះខ្លា ។ ខ្លាឈឹច្រមុះទ្រាំមិនបានក៏ស្ទុះច្រឡោតស្រែកឮតែវ៉ូម ហើយរត់ទៅ ឯអាខ្វិន ខ្លាចស្ទើរនឹងស្លាប់ ប៉ុន្តែអាខ្វាក់មិនព្រមចេះតែទន្ទេញថា « ស្តាយអានប់កូនក្រោលអញធាត់ល្អណាស់ » ហើយក៏ទៅតាម ។ លុះដល់ពាក់កណ្តាលស្រែបានឃើញខ្ទមស្រែគេមួយ មានទាំងរនាស់ ហើយឃើញអណ្តើតមួយ អាខ្វិនឃើញហើយនិយាយប្រាប់អាខ្វាក់ថា « វើយអាខ្វាក់មានខ្ទមស្រែគេ ហើយមានខ្សែពួរនឹងចន្អេរសន្ឋឹកផង » ។ អាខ្វិនថា « ចេះតែយកអោយអស់ » ។ អាខ្វិនប្រកែកថា « ធ្ងន់អីឯងធ្ងន់តែឯងទេ ចេះតែយក ទៅ ។ ហើយអាខ្វាក់អាខ្វិនយករបស់ទាំងអស់ មានបាយមួយឆ្នាំងដែលគេដាំទុកនៅជើងក្រានផង ថាហើយអាខ្វិន ជិះលើអាខ្វាក់ទៀត ។ អាខ្វាក់ជាមនុស្សមានកម្លាំងខ្លាំង ក៏យករបស់ទាំងអស់ទៅ លុះដើរចូលព្រៃលិចវាលទៅ ត្រាតែភ្លឺ បានជួបមនុស្សម្នាក់គេមកយកឃ្មុំ ។ អាខ្វិនឃើញប្រាប់អាខ្វាក់ថា « នែវើយមានគេមកយកឃ្មុំ » ។ អាខ្វាក់ឮហើយស្រែកហៅទៅអ្នកយកឃ្មុំថា « វើយចែកឃ្មុំគ្នាសីផង » ។ អ្នកយកឃ្មុំឆ្លើយថា « គ្នាសីតែទឹកទេ ទុកកាកអោយឯង » ហើយអ្នកយកឃ្មុំដោះទុកសត្វធំ ដាក់បំពង់ចុកជិតយកទៅអោយអាខ្វាក់ អាខ្វាក់កាន់យកទៅលុះលិចវាលចូលព្រៃ ហើយថ្ងៃណាស់ឃ្លានបាយ និយាយគ្នាថា « យើងសីបាយសិនអោយមានកម្លាំងសឹម ទៅទៀត » ។ អាខ្វាក់ដាក់អាខ្វិនចុះហើយដាក់របស់ចេញពីខ្លួន យកបំពង់ឬស្សីដែលអ្នកយកឃ្មុំអោយនោះ ដោយស្មានថាជាសាច់ឃ្មុំមកសីនឹងបាយ ដល់ដកឆ្នុកឡើងធំស្អុយលាមក អាខ្វាក់ថា « កន្លែងសំណាក់នេះ ស្អុយលាមកហើយក៏បបួលអាខ្វិនទៅឈប់មុខទៀត » ។ អាខ្វាក់ចុកបំពង់លាមកហើយក៏បបួលអាខ្វិនទៅឈប់ មុខទៀត ដល់បន្តិចទៅអាខ្វាក់ថា « អស់កម្លាំងឃ្លានបាយណាស់រកកន្លែងឈប់សីបាយ » អាខ្វិនក៏មើលឃើញម្លប់ល្អ ហើយមានទឹកត្រពាំងល្មមសីបាយបាន អាខ្វិនទះកំភ្លៀងអាខ្វាក់តម្រង់ចូលទៅ កន្លែងម្លប់ឈើនោះឯង ដល់ហើយអាខ្វាក់ដកឆ្លុកបំពង់នោះឡើងធំស្អុយទៀត អាខ្វាក់ប្រាប់ទៅអាខ្វិនដូចអំពីមុន អាខ្វាក់អាខ្វិនចេះតែស្អុយលាមកដូច្នេះឯងពីរបីដង ។ ក្រោយទៀតអាខ្វាក់ឃ្លានបាយណាស់ បបួលអាខ្វិន ឈប់ហើយដកឆ្នុកបំពង់យកដៃលូកទៅធំស្អុយលាមក ដឹងថាលាមកក៏ប្រាប់ទៅអាខ្វិនថា « វើយ! អាខ្វិន អាដែលយកឃ្មុំនោះវាបញ្ឆាតយើងជុះលាមកដាក់បំពង់ ហើយចុកមាត់បំពង់មកអោយយើង » អាខ្វាក់ខឹងណាស់លាងដៃរួចហើយសីបាយពីរនាក់អាខ្វិន និយាយគ្នាថា « យើងសីបាយអោយមានកម្លាំង រួចយើងតាម ទៅសម្លាប់អាចង្រៃដែលវាបញ្ឆោតអោយលាមកយើងអោយវាស្លាប់ កុំអោយវាធ្លាប់តែបញ្ឆោតយើងដូច្នេះ » ។ អាខ្វាក់អាខ្វិនសីបាយហើយប្រញាប់ទៅរកអ្នកយកឃ្មុំនោះ លុះទៅវង្វេងផ្លូវមិនដឹងជាទៅឯណា ។ អាខ្វាក់ លឺសំលេងសត្វសសេះចោះដើមឈើយកកណ្តៀសី គិតស្មានថាអ្នកយកឃ្មុំក៏ស្រែកហៅថា « ឯងមានចិត្ត ឯងចុះពីដើមឈើមក» ។ លុះដើរទៅដល់អាខ្វិនប្រាប់ថា «សត្វសសេះចោះដើមឈើ មិនមែនមនុស្សទេ»។ អាខ្វាក់អាខ្វិនដើរលិចវាលចូលព្រៃ លេចព្រៃចូលវាលទៅឆ្ងាយណាស់ ក៏បានទៅដល់ស្រុកមួយ ស្រុកនោះមាន ស្តេចគង់នៅនោះ ហើយមានយក្ខតែងមកសីមនុស្សនៅសាលា ។ ថ្ងៃដែលអាខ្វាក់អាខ្វិនទៅដល់នោះស្តេចអោយយកនាងពៅជាព្រះរាជបុត្រីក្រមុំតែមួយ ជាបុត្រសម្លាញ់ ប៉ុន្តែយក្ខវាចង់សីបើមិនអោយនាងពៅទៅយក្ខ សីនោះយក្ខនឹងសីមនុស្សក្នុងនគរ ទាំងនាហ្មឺនទាំងស្តេច។ នាងពៅអាណិតអស់រាស្រ្ត នូវនាហ្មឺន នឹងស្តេចបាន ជាមកអោយយក្ខសី។ ជូនជាថ្ងៃនោះឯងអាខ្វាក់អាខ្វិនទៅដល់សាលានោះ ហើយអាខ្វាក់ប្រាប់ទៅអាខ្វិនថា «យើងដល់សាលាសំណាក់ ដែលគេឈប់ យើងក៏ល្មមដល់ពេលឈប់» ហើយអាខ្វាក់អាខ្វិនចូលទៅក្នុងសាលា។ ឯនាងពៅនៅក្នុងស្គរឮមាត់អាខ្វាក់អាខ្វិននិយាយគ្នា ហើយសួរទៅថា «អ្នកមកពីណាត្បិតសាលានេះស្តេច ធ្វើសំរាប់ដាក់មនុស្សអោយយក្ខសី សព្វថ្ងៃតែដល់ព្រលប់យក្ខវាហោះមកឮសន្ឋឹកដូចផ្គរ វាមកសីមនុស្សនៅសាលានេះ ឯខ្លួនខ្ញុំមកអោយចំណីយក្ខ ដូច្នេះចូរឯងទៅជាឆាប់ ខំតែនៅមុខជាយក្ខវាសីជាចំណីវាមិនខានទេ»។ ឯអាខ្វាក់ហេតុតែជាមនុស្សខ្វាក់ពីកំណើតមិនចេះខ្លាចអ្វីផងមានកម្លាំង មានរិទ្ឋិផង ឮហើយក៏ឆ្លើយថា «ខ្លាចអី យក្ខនោះបើវាមកយើងមិនចេះកាប់អោយវាស្លាប់ទៅ នាងឯងនៅអោយតែស្ងៀមយកបាយចំណីចំណុកមកអោយយើងសីមានកម្លាំងនឹងកាប់យក្ខអោយស្លាប់ នាងឯងរកដាវអោយតែមុតល្អ យើងនឹងកាប់យក្ខនោះ។ នាងពៅឮអាខ្វាក់ថាដូច្នោះក៏ប្រាប់ទៅថា «បើអ្នកសម្លាប់យក្ខនោះបាន របស់ទ្រព្យទាំងប៉ុន្មានដែលគេយកមកអោយយក្ខនោះខ្ញុំជូនអ្នកទាំងអស់»។ អាខ្វាក់ឮដូច្នោះអរណាស់ បង្គាប់ទៅអាខ្វិនថា «អោយយកចំណីចំណុកមកសីអោយមានកម្លាំង នឹងអាលសម្លាប់យក្ខ»។ អាខ្វិនឮនាងពៅថា «យក្ខវាសី ក៏ភ័យស្ទើរស្លាប់។ អាខ្វាក់សី បាយឆ្អែតហើយ បិទទ្វារសាលាទាំងអស់។ លុះដល់ព្រលប់ងងឹតបន្តិចល្មមវេលាយក្ខមកសីមនុស្ស យក្ខហោះមកសន្ឋឹកដូចព្យុះលាន់ខ្ទរទាំងដី។ អាខិ្វនភ័យណាស់ស្ទើរនឹងលិចអាចម៏លេចនោម នាងពៅក៏សន្លប់នៅក្នុងស្គរ។ អាខ្វាក់អាខ្វិនឮសន្ឋឹកយក្ខមិនខ្លាចសោះ អង្គុយចាំនៅមាត់ទ្វារលុះដល់យក្ខមកហើយឃើញទ្វារសាលាបិទ យក្ខស្រែកសន្ឋាប់ដូចរន្ទះថា «នរណាបិទទ្វារសាលាអញ? «អាខ្វាក់គ្មានខ្លាចយក្ខស្រែកវិញថា «អញបិទទ្វារសាលា អញខ្លាចអីឯង»។ យក្ខឆ្លើយថា «មនុស្សមកពីណាចិត្តធំដល់ម្លេះអញសុំមើលថ្លើមឯងប៉ុណ្ណា បានជាឯងចិត្តធំដល់ម្លេះ»។ អាខ្វាក់បោះចង្អេរគ្រាងធំទៅអោយយក្ខវាមើលឃើញចង្អេរគ្រាង ហើយគិតក្នុងចិត្ត ថា «ថ្លើមអានេះធំណាស់សមខ្លួនវាធំជាងខ្លួនអញ ហើយយក្ខថា «បើថ្លើមធំប៉ុណ្ណោះ ចៃឯងធំប៉ុណ្ណា?» ។ អាខ្វាក់បោះអណ្តើតទៅអោយយក្ខមើល។ យក្ខស្មានថាជាចៃមែន ហើយគិតក្នុងចិត្តថា «ចៃវាធំប៉ុណ្ណោះសមខ្លួនវាធំមែន» យក្ខសួរទៅទៀតថា «រោមជើងឯងធំប៉ុណ្ណា?» ។ អាខ្វាក់បោះពួរដែលគេទាក់ក្របីទៅអោយយក្ខមើលហើយថារោមជើងអញធំប៉ុណ្ណេះ «យក្ខភិតភ័យរត់ត្រលប់ទៅវិញ។ អាខ្វាក់អាខ្វិនប្រាប់ទៅនាងពៅថា «យក្ខវាត្រលប់ទៅវិញត្បិតវាខ្លាចយើង បើដូច្នេះនឹងមានយក្ខមកទៀតទេ?»។ នាងពៅក្រោកពីកភិតភ័យសន្លប់ឡើង ប្រាប់ទៅអាខ្វាក់ថា «មានយក្ខញីមួយ យប់បន្តិចទៀតវានឹងមក» ។ អាខ្វាក់ឮនាងពៅប្រាប់ដូច្នេះ ក៏ប្រាប់ទៅអាខ្វិនថា «ឯងទៅរករើសដាវមួយអោយមុតធំវែង ល្មមនឹងកម្លាំងអញ» អាខ្វិនក៏ទៅរើសដាវអោយអាខ្វាក់។ លុះដល់យប់បន្តិចទៅ យក្ខញីវាហោះមកឮសន្ឋឹកដូចផ្គរ។ អាខ្វាក់លឺសន្ឋឹកយក្ខមកដូច្នេះក៏ឈរកាន់ដាវចាំនៅមាត់ទ្វារ ហើយបិទទ្វារទុកដល់យក្ខនោះវាមកដល់ហើយវាច្រានចូលទ្វារអើតកមក អាខ្វាក់លឺសន្ឋឹកយក្ខច្រានទ្វារ កាប់ស្មានត្រូវយក្ខដាច់កស្លាប់នៅទីនោះឯង។ អាខ្វាក់អាខ្វិនដឹងថាយក្ខស្លាប់ហើយ ក៏បបួលគ្នាយកទ្រព្យមាសប្រាក់នោះទៅ។ លុះដល់ព្រឹកឡើងអាខ្វិនឃើញដើមក្រសាំងមួយប្រាប់អាខ្វាក់អោយចូលទៅនឹងចែករបស់គ្នា លុះដល់ហើយអាខ្វាក់ដាក់អាខ្វិន ចុះពីលើក យករបស់មកចែកគ្នា អាខ្វិនវាធ្វើជាមេចំណែករើសរបស់ល្អៗនៅមុខខ្លួនអាក្រក់នៅមុខអាខ្វាក់ ហើយសួរទៅអាខ្វាក់ថា «ឯងយករបស់នៅពីឯង ឬយករបស់នៅពីមុខអញ? ។ អាខ្វាក់មាន ប្រាជ្ញាគិតថា អាខ្វិនវាយករបស់អាក្រក់នៅមុខខ្លួន ក៏ប្រាប់ទៅអាខ្វិនថា «អញយករបស់នៅមុខឯង» ។ អាខ្វាន់ដឹងថាអាខ្វាក់យករបស់ល្អ ក៏ប្រាប់ទៅអាខ្វាក់ថា «ចែកម្តងទៀត ចែកមុននេះមិនស្មើទេ» ហើយអាខ្វិនយករបស់ចែកម្តងទៀតដល់ចែកក្រោយទៀត អាខ្វិនយករបស់ល្អដាក់ពីមុខអាខ្វាក់ ហើយសួរថា «អាខ្វាក់ឯងយករបស់នៅខាងណា?» ។ អាខ្វាក់គិតថា «អញយករបស់នៅមុខអញ» ។ អាខ្វិនឃើញអាខា្វក់បានរបស់ល្អក៏ឆ្លើយឡើងថា «ចែកមិនត្រូវទេអោយចែកម្តងទៀត»។ អាខ្វាក់ឆ្លើយថា «ឯងចែកខ្លួនឯងហើយមិនត្រូវ» ។ អាខ្វិនយករបស់ចែកជាថ្មីទៀតហើយអោយអាខ្វាក់ ថាដូចពីមុន ។ អាខ្វាក់ថាត្រូវតែរបស់ល្អ។ អាខ្វិនប្រាប់អាខ្វាក់ «អោយចែកម្តងទៀត»។ អាខ្វាក់ អាខ្វិនក្រកែកគ្នាទៅវិញទៅមក ស្រាប់តែផ្លែក្រសាំងជ្រុះមកត្រូវក្បាលអាខ្វាក់ៗ គិតស្មានថាអាខ្វិនវាយក៏ឆ្លើយថា «និយាយតែត្រឹមមាត់មិនអស់ចិត្តដៃដល់ផងទៀត» ហើយអាខ្វាក់ស្ទុះទៅធាត់ដាល់អាខ្វិន ទាល់តែអាខ្វិនត្រង់ដៃត្រង់ជើងទាំងអស់ ឯអាខ្វិនស្ទុះទៅដាល់អាខ្វាក់ត្រូវភ្នែកៗ ក៏ភ្លឺជាទាំងពីរឡើង អ្នកទាំងពីរក៏បបួលគ្នាចែករបស់តាមល្អតាមអាក្រក់ស្មើគ្នាទាំងពីរនាក់ ហើយបបួលគ្នាដើរទៅទៀត។ និយាយពីនាងពៅ កាលក្រោយអាខ្វាក់អាខ្វិនទៅដល់ព្រឹកភ្លឺមែនទែនឡើងអស់មនុស្សម្នាគេមកមើលនាងពៅនៅសាលា ឃើញនាងនៅរស់យក្ខមិនបានសី ឃើញឯយក្ខស្លាប់ចង្រ្កាងនៅមាត់ទ្វារ អស់មនុស្សម្នាទៅក្រាបទួលស្តេចតាមដំណើរស្តេចទ្រង់អោយទៅយកនាងពៅពីក្នុងស្គរ ទ្រង់មានព្រះទ័យត្រេអរណាស់ព្រោះព្រះរាជធីតាបានរួចពីស្លាប់ ទ្រង់មានព្រះបន្ទួលសួរទៅនាងពៅថា «ដូចម្តេចបានជាកូនរួចពីស្លាប់ ហើយឃើញយក្ខស្លាប់ទៅវិញ? ។ នាងពៅក្រាបបន្ទួលព្រះបិតាតាមដំណើរសព្វគ្រប់។ ព្រះបិតាបានឮព្រះរាជធីតាទួលដូច្នេះ ទ្រង់អោយប៉ាវគងរកអ្នកណាដែលសម្លាប់យក្ខនោះ ទ្រង់នឹងព្រះរាជទានព្រះរាជធីតា ជាមហេសី ហើយអោយសោយរាជ្រ។ ឯអ្នកប៉ាវគងដើរប៉ាវគងទៅក្នុងស្រុកតូចធំ ជួបនឹងចៅខ្វាក់ចៅខ្វិន ហើយចៅខ្វាក់ចៅខ្វិននសួរថា «មានកលិយុគកលោយាមអិបានជាស្តេចៗ អោយប៉ាវគង?» ។ អ្នកប៉ាវគងប្រាប់ថា «ស្តេចអោយប៉ាវគងរកអ្នកដែលសម្លាប់យក្ខនឹងយកទៅអោយសោយរាជ្រ» ។ ចៅខ្វាក់ចៅខ្វិនឮ ក៏ត្រេអរណាស់ប្រាប់ថា «ខ្ញុំនេះហើយសម្លាប់យក្ខ កាលដើមខ្ញុំខ្វាក់ខ្វិន ឥឡូវជាហើយមិនជឿសោតខ្ញុំមានរបស់ដែលខ្ញុំជាសំគាល់ផង»។ អ្នកប៉ាវគងនាំចៅខ្វាក់ចៅខ្វិនទៅថ្វាយស្តេចលុះទៅដល់ហើយ ចៅខ្វាក់ចៅខ្វិនយកទាំងរបស់ដែលយកអំពីសាលាទៅគាល់ស្តេចគ្រាន់ជាសំគាល់។ ចៅខ្វាក់ចៅខ្វិនក្រាបបង្គំ ស្តេចទ្រង់មានព្រះបន្ទួលសួរថា «ចៅឯងឬដែលសម្លាប់យក្ខ?» ។ ចៅខ្វាក់ចៅខ្វិនក្រាបទួលតាមដំណើរសព្វគ្រប់។ ស្តេចទ្រង់អោយទៅហៅនាងពៅមកអោយមើល ហើយទ្រង់សួរថា «ចៅនេះឬដែលសម្លាប់យក្ខ?»។ នាងពៅក្រាបទួលថា «អ្នកនេះហើយដែលសម្លាប់យក្ខ ប៉ុន្តែកាលពីមុនគាត់ខ្វាក់ខ្វិន ឥឡូវនេះមិនខ្វាក់ខ្វិនទេ» ។ ស្តេចទ្រង់ជ្រាបទ្រង់ផ្សំផ្គុំនាងពៅជាមួយចៅខ្វាក់អោយសោយរាជ្យជំនួសព្រះអង្គ។ ដល់ចៅខ្វាក់បានសោយរាជ្រហើយអោយចៅខ្វិន ធ្វើជាឧបរាជត្បិតជាមនុស្សកម្សត់កម្រផងគ្នា ក៏បានសេចក្តីសុខរៀងរាបដរាបទៅ៕

ភ្នែកសាច់មិនសម្រេចដូចភ្នែកប្រាជ្ញា