កាលពីដើមមានមនុស្សពីរនាក់ដើរទៅផ្លូវឆ្ងាយ ជួនយប់ក្នុងព្រៃងងឹតដើរទៅមិនរួចបបួលគ្នាដេកក្នុងព្រៃ។ អ្នកទាំងពីរនាក់ចង់ដេកតែកណ្តាល ប៉ុន្តែមិនដឹងធ្វើដូចម្តេចនឹងបានដេកកណ្តាល។ បុរសទាំងពីរគិតគ្នាថា «បើដូច្នេះយើងដេកយកជើងទល់គ្នា» ហើយបុរសទាំងពីរនោះក៏ដេកយកជើងទល់គ្នា លក់ទាំងពីរនាក់ទៅ។ ក្រោយមកមានខ្លាឃើញមនុស្សដេកយកជើងទល់គ្នា ហើយទទូរសំពត់ជិតមើលមិនដឹងថាសត្វអ្វីវែងដូច្នេះ ឆ្ងល់ណាស់ ត្បិតមិនដែលឃើញក៏បបួលសត្វឯទៀតជាច្រើនមានទាំងដំរីក្របី គោ រមាសរមាំង ក្តាន់ប្រើស ទ្រាយចចក ស្វានស្វាគ្រប់ប្រភេទអស់មកមើល គ្មានសត្វណាមួយស្គាល់សោះ។ ក្រោយមកទៀតទាំងអស់គិតថា «ឥឡូវនេះនឹងមានអ្នកឯណាស្គាល់សត្វនេះច្រើនភាសាណាស់ហើយ នៅសល់សត្វអ្វីទៀត ដែលមិនទាន់បានមកមើល?» សត្វទាំងនោះគិតគ្នាទៅឃើញនៅសល់តែទន្សាយពុំបានមកមួយទៀត ឮល្បីថាទន្សាយនោះជាអ្នកមានប្រាជា្ញចេះនិយាយក្បួនច្បាប់ទំលាប់ ចេះកលមាយា ចំទំនឹមទំនៀមច្រើនបើដូច្នេះយើង ប្រើបងដំរីអោយទៅអញ្ជើញបងទន្សាយនោះទើបបាន ត្បិតបងទន្សាយបើមាននរណាទៅពឹងការអ្វីគាត់ប្រកាន់ខ្លួនណាស់»។ សត្វទាំងនោះគិតគ្នាហើយអោយដំរីទៅអញ្ជើញទន្សាយ។ ដំរីទៅឃើញទន្សាយអង្គុយនៅលើក្បាលដំបូក។ ទន្សាយឃើញដំរីយេកយោកមកពីនាយក៏សួរ «បងដំរីមានហេតុអ្វីបានជារលះរលាំងមក?»។ ដំរីឆ្លើយថា «បងទន្សាយត្បិតមានសត្វអ្វីមួយចំឡែកណាស់ គ្មានអ្នកណាស្គាល់សោះបានជាអស់សត្វក្នុងព្រៃនេះអោយខ្ញុំមកអញ្ជើញបងទន្សាយឯងទៅមើល ក្រែងបងទន្សាយឯងស្គាល់សត្វនោះ»។ ឯទន្សាយឮដូច្នេះឆ្លើយថា «សត្វនៅដូចម្តេច តួចឬធំ វែងឬខ្លី?» ។ ដំរីថា «សត្វនោះធំចុងដើមតូចកណ្តាល ហើយវើងប្រវែង ប្រមាណប្រាំហត្ថ»។ ឯទន្សាយឮដូច្នេះហើយឆ្លើយឡើងថា «ឳ!បើដូចសូមបងដំរីកុំព្រួយចិត្តចាំខ្ញុំទៅមើលអោយស្គាល់សត្វនោះ ប៉ុន្តែបងដំរីឯង អោយខ្ញុំជិះលើក្បាលបងឯងទៅ»។ ដំរីឮដូច្នោះហើយដើរចូលទៅអោនក្បាលអោយទន្សាយជិះលើក្បាល ធ្វើជាក្អេងក្អាង លុះទៅដល់ហើយទន្សាយចុះពីក្បាលដំរីយកស្លឹកឈើ ដែលមានស្នាមដង្កូវវារដូចជាអក្សរកាន់លើកឡើងធ្វើជាសំបុត្រថា «អស់បងប្អូនស្តាប់ខ្ញុំ ត្បិតខ្ញុំជាបំរើព្រះឥន្ទៗ លោកប្រើអោយនាំសំបុត្រមកហើយ ទន្សាយឡើងលើដំបូកធ្វើជាអានសំបុត្រថា «សត្វនេះព្រះឥន្ទលោកប្រើមកឈ្មោះ យោគីយោគា យកទាំងអស់គ្នាយកទាំងអញយកទាំងឯង»។ អស់សត្វឮទន្សាយមើលសំបុត្រថា «ព្រះឥន្ទអោយមកយកទាំងអស់គ្នា «ក៏ស្ទុះបោលជាន់គ្នាស្លាប់ បាក់ដៃបាក់ជើងពាសពាញស្រែកលាន់ទាំងព្រៃ។ មនុស្ស២នាក់នៅដឹងថាសត្វទាំងនៅផ្អើលភ្ញាក់រត់ជាន់គ្នាស្លាប់ដូច្នោះ ក្រោកឡើងលើកដៃសំពះទន្សាយថា «បងទន្សាយមានគុណនឹងយើងខ្លាំងណាស់ បើប្រសិនជាយើងមិនបានបងទន្សាយមកធ្វើឧបាយកលអោយយើងទេនោះសមខ្លាវានឹងសីុជាចំណីវាទៅហើយបងទន្សាយឯងមានប្រាជ្ញាល្មមធ្វើជាសុភាបាន»។ ឯមនុស្សទាំងពីរនាក់ មើលទៅ ឃើញអស់សត្វជាន់គ្នាសត្វពេញព្រៃដូច្នេះបបួលគ្នាអារយកសាច់រែកទាំងពីរនាក់ ដើរទៅបន្តិចឃើញខ្លាសំគមមួយ ដំរីវាជាន់បាក់ជើងដើរបានតិចៗ ក៏បបួលគ្នាយកខ្សែចងដឹកយកទៅលុះដើរទៅបន្តិចជួបនឹងអ្នកបររទេះ គោ។ ឯអ្នកបររទេះគោនោះឃើញអ្នកទាំងពីររែកសាច់មកដូច្នេះ ក៏បញ្ឈប់រទេះសួរថា «អ្នកធ្វើដូចម្តេចក៏បាន សាច់ច្រើនម្លេះ?»។ អ្នកនោះបញ្ឆោតថា«ឆ្កែកំបាក់ជើងខ្ញុំនេះឯងវាដេញខាំ ត្បិតឆ្កែនេះជាឆ្កែបណ្តេញ ខ្ញុំតែងតែដេញសត្វមកមិនស្ងួតឆ្នាំងដល់មួយពេលទេ ក្រែងតែគ្មានសត្វ បើព្រៃឯណាមានសត្វហើយមិនដែលរួចនឹងអាក្លឹកឆ្កែបណ្តេញខ្ញុំនេះទេ អោយឃើញតែស្នាមជើងនោះសង្ឃឹមពាបានអោយលាងឆ្នាំងអោយហើយទៅមុខ ជានឹងបានមិនដែលខានទេ»។ ឯអ្នកបររទេះឮអ្នកនោះនិយាយអួតប្រាប់ដូច្នេះ ហេតុតែជាមនុស្សល្ងង់មិនស្គាល់ហើយចង់បានខ្លាកំបាក់ជើងសំគមនោះណាស់ គិតថាជាឆ្កែមែនទែនក៏និយាយអង្វរលួងលោមថា «បើដូច្នេះអ្នកអាណិតខ្ញុំៗ សុំទិញឆ្កែអ្នកយកទៅបណ្តេញត្បិតស្រុកខ្ញុំមានសត្វច្រើនណាស់»។ អ្នករែកសត្វឆ្លើយថា «បើខ្ញុំលក់ឆ្កែនេះអោយអ្នកឯងផ្ទះខ្ញុំសមនឹងក្រៀមឆ្នាំងហើយ រកអ្វិគ្មានទេប៉ុន្តែអ្នកបានជួបនឹងខ្ញុំម្តងបើនិយាយគ្នាក៏មិនបានឆ្កែខ្ញុំនេះ ខ្ញុំស្រឡាញ់វារកអ្វីប្រៀបគ្មានទេ បើអ្នកចង់ទិញតើអ្នកអោយថ្លៃប៉ុន្មាន?»។ អ្នកបររទេះគោឆ្លើយថា «ខ្ញុំមានតែគោមួយនឹមនេះឯង ហើយគោនេះខ្ញុំស្រឡាញ់រកអ្វីប្រៀបគ្មានទេ ត្បិតបរមួយថ្ងៃរាល់ល្ងាចមិនឈប់សោះក៏បានក្នុងមួយថ្ងៃអោយផឹកទឹកតែម្តងទាំងលឿនទៀត ក្នុងស្រុកអាយនេះ គ្មានគោណាល្បឿនស្មើទេតែឥឡូវនេះចិត្តខ្ញុំចង់បានឆ្កែអ្នកឯងយកទៅដេញសត្វឯស្រុកខ្ញុំៗ សុំដូរជាថ្នូរជាគោមួយនឹមព្រមទាំងកណ្តឹងចង្រ្កង់ត្រដោកខ្សែទាមខ្សែចន្ទោលគ្រប់ប្រដាប់ប្រដាស្រាប់ តែឡើងជិះបរតែម្តងខ្ញុំសុំតែខ្លួន និងប្រពន្ធចុះចេញ»។ អ្នករែកសត្វឮអ្នកបររទេះថា «ដូរជាគោមួយនឹមប្រដាប់ស្រាប់តែឡើងបរ» ក៏នឹកអរក្នុងចិត្តណាស់ ដោយសាររែកសត្វវាធ្ងន់ផងហើយធ្វើជាមិនចង់ដូរទេតែក្នុងចិត្តចង់ដូរណាស់និយាយថា «ឆ្កែខ្ញុំនេះខ្ញុំស្រឡាញ់ ឥឡូវអ្នកមកសុំដូរពីខ្ញុំទៅខ្ញុំខំកាត់ចិត្តដូរអោយអ្នកទៅចុះ ប៉ុន្តែអ្នកថ្នមវាអោយល្អកុំអោយវាអត់ឃ្លានហើយអ្នកយកសាច់នេះទុកអោយវាសីុតាមផ្លូវទៅ»។ ឯអ្នករែកសត្វអោយសាច់ទៅអ្នកនោះល្មមខ្លាសីុឆ្អែតហើយយកសាច់ដាក់លើរទេះបរទៅ។ អ្នកម្ចាស់រទេះគោនោះ ក៏ដឹកខ្លាសំគមកំបាក់ជើងទៅទៅបន្តិច ទៅអោយសាច់ទៅខ្លាសីុតែរឿយៗ ។ ខ្លានោះបានសាច់សីុមានកម្លាំងក៏ក្រាញមិនចង់ទៅ។ ត្រាតែដាច់ខ្សែ ហើយដើរចូលក្នុងព្រៃទៅ អ្នកដឹងថាខ្លាបោលចូលក្នុងព្រៃហើយក៏រត់ទៅចាប់ហើយហៅថា «បឹសៗអក្លឹកមកឯអាយ»។ ខ្លាឃើញមនុស្សទៅជិតបែរជាគំរាមធ្វើ ហ៊ែហ៊ៗ សន្ធាប់អោយអ្នកនោះ អ្នកនោះឃើញខ្លាគំរាមគួរអោយខ្លាចដូច្នោះក៏ថយមកក្រោយវិញមិនហ៊ានតាមទៅទៀត ប៉ុន្តែនឹកស្តាយមើលទៅរទេះទៅបាត់មិនដឹងជាទៅទីណា។ អ្នកម្ចាស់ខ្លាបានរទេះគោនោះហើយក៏ម្នីម្នាដាក់អម្រែកសើរទេះឡើងជិះទាំងពីរនាក់បរជាប្រញាប់ទៅអោយហួសតែមុខម្ចាស់រទេះនោះ។ អ្នកម្ចាស់រទេះដល់ខ្លាបោលចូលព្រៃទៅហើយនឹកស្តាយណាស់មិនដឹងគិតធ្វើដូចម្តេចក៏បបួលប្រពន្ធត្រឡប់ទៅផ្ទះវិញ៕
យកហេះទៅដូរហោះ