Google Search:

Wednesday, November 10, 2010

អំពីសញ្ញាពិសេល (វណ្ណយុត្តិ)

នៅក្នុងអក្សរខ្មែរ ក្រៅពីស្រះ និងព្យពា្ជនៈ យើងមានសញ្ញាពិសេស (វណ្ណយុត្តិ) ជាច្រើនទៀត។
និយមន័យៈ សញ្ញាពិសេល (វណ្ណយុត្តិ) ជាសញ្ញាប្រើបន្ថែមលើតួអក្សរ ដើម្បីបំបែរសំលេងស្រះ ឬធ្វើសេចក្តីនៃអត្ថបទ អោយមានសង្កត់ច្បាស់លាស់។
សញ្ញាពិសេសមានៈ
សញ្ញា បន្តក់ (់)
សញ្ញា សក់ក (៊)
សញ្ញា លេខប្រាំបី (៏)
សញ្ញា ផាត់លើ (័)
សញ្ញា របាទ (៌)
សញ្ញា ជើងក្អែក (៎)
សញ្ញា ឧទាន (!)
សញ្ញា វង់ក្រចក ( )
សញ្ញា ធ្មេញកណ្តុរ (៉)
សញ្ញា ដំលើ (ំ)
សញ្ញា ផ្ទួន (ៗ)
សញ្ញា បដិសេធ (៍)
សញ្ញា រះមុខ (ះ)
សញ្ញា ល្បះ (។ ៕)
សញ្ញា សួរ (?)
សញ្ញា អព្ភន្តរៈ (« ») ។ល។

អំពីសញ្ញា បន្តក់ (់)
និយមន័យៈ សញ្ញា បន្តក់ (់) សំរាប់ដាក់ថែមលើតួប្រកបដែលព្យាង្គដើមកើតពីព្យញ្ជនៈផ្សំនឹងស្រះ «អ» ឬស្រះ «អា» ដើម្បីកាត់សូរវែងជាសូរខ្លី។
ឧ. កង - កង់
ចង - ចង់
ពត - ពត់
ខាន - ខាន់
កំណត់ចំណាំ
១. ព្យពា្ជនៈប្រកបដែលអាចទទួលសញ្ញាបន្តក់បានមាន៩តួ គឺៈ ក ង ច ញ ត ន ប ល ស ។
២. ចំពោះពាក្យបាលីសំស្រឹ្កត គេមិនត្រូវដាក់សញ្ញាបន្តក់ (់) ឡើយ។
ឧ. ជន ជល កុសល សព...។
៣. ចំពោះស្រះ «អា» ប្រកបនិង «ង» ដែលត្រូវបំបែកសូរវែងជាសូរខ្លីនោះ គេមិនប្រើសញ្ញាបន្តក់ (់) លើ «ង» ទេ គេប្រើសញ្ញាដំលើ (ំ) លើស្រះ «អា» ជាជំនួសវិញ។
ឧ. សាង សាំង
ចាង ចាំង

អំពីសញ្ញា ធ្មេញកណ្តុរ (៉)
និយមន័យៈ សញ្ញា ធ្មេញកណ្តុរ (មូសិកទន្ត ៉) ប្រើសំរាប់បំបែរសូរ ព្យពា្ជនៈពួក «អ៊» ៨តួ អោយទៅជា ព្យពា្ជនៈពួក «អ» និងបំបែរសូរ ព្យពា្ជនៈ «ប» អោយទៅជា «ប៉» ។
ឧ. ង ញ ន ប ម យ រ ល វ
ង៉ ញ៉ ន៉ ប៉ ម៉ យ៉ រ៉ ល៉ វ៉ ។
វិធីប្រើៈ នៅលើ ព្យពា្ជនៈ សញ្ញា ធ្មេញកណ្តុរ (៉) ប្រើជាមួយស្រះ « ុ ូ េ ែ ៃ ោ ៅ » ។
ឧ. ងក់ ញ៉ែងញ៉ង ប៉ាក់ ម៉ោង យ៉ាង រ៉ាវ តាវ៉ៅ ...។
ុ នៅក្រោម ព្យពា្ជនៈ ធ្មេញកណ្តុរ ៉ ប្តូរជាបុកជើង ុ វិញ។ វាប្រើជាមួយស្រះ «ិ ី ឹ ឺ ើ ាំ »។
ឧ. បីុ យ៉ាប់យីុន វឹុង មឺុងៗ រុំារ៉ៃ ញុំញើុ ញឹុកញ៉ាក់ ... ។
កំណត់ចំណាំៈ នៅក្នុងពាក្យពីរព្យាង្គ បើព្យាង្គដើមមានសូរ «អ» ព្យាង្គទីពីរគឺ «អ៊» ត្រូវដូរជាសូរ «អ» ដោយមិនចាំបាច់ដាក់សញ្ញា ធ្មេញកណ្តុរឡើយ ។
ឧ. ស្រវឹង ស្រវា ស្រលាញ់ ប្រមោយ សង្វាត អង្វរ ... ។

អំពីសញ្ញា សក់ក (៊) ឬសញ្ញា «អ៊» (ត្រីសព្ទ)
និយមន័យៈ សញ្ញា សក់ក (ត្រីសព្ទ) ប្រើសំរាប់បំបែរសូរ ព្យពា្ជនៈពួក «អ» ៤តួអោយទៅជា «អ៊»។
ប ស ហ អ
ប៊ ស៊ ហ៊ អ៊
វិធីប្រើៈ ៊ នៅលើ ព្យពា្ជនៈ «ប» សញ្ញាសក់កប្រើជាមួយសញ្ញាស្រះទាំងអស់។
ឧ. សាប៊ូ ប៊ុត ... ។
៊ នៅលើ ព្យពា្ជនៈសញ្ញា សក់ក ប្រើជាមួយស្រះ « ា ុ ូ េ ែ ៃ ោ ៅ»។
ឧ. ស៊ុម ស៊ូ ហ៊ោ ... ។
ុ នៅក្រោម ព្យពា្ជនៈសញ្ញា សក់ក ៊ ប្តូរជាបុកជើងវិញ ុ ។ វាប្រើជាមួយស្រះ « ិ ី ឹ ឺ ើ ាំ ។
ឧ. សីុ សើុប សាំុ ហីុ ហីុង ហឹុង អឹុកអធឹក អីុកអ៊ាក ... ។
កំណត់ចំណាំៈ ក្នុងពាក្យពីរព្យាង្គ បើព្យាង្គដើម មានសូរ «អ៊» ព្យាង្គទីពីរដែលមានសូរ «អ» ត្រូវដូរទៅជាសូរ «អ៊» ដោយមិនចាំបាច់ដាក់សញ្ញាសក់ក ៊ ឡើយ។
ឧ. ទ្រហោ ទ្រហឹង ទំហំ ទំហឹង ... ។

អំពីសញ្ញា លេខ៨ (៏)
និយមន័យៈ សញ្ញាលេខ ៨ (៏) សំរាប់ប្រើដាក់លើអក្សរ ៤តួ ក ដ ន ហ ដែលជាពាក្យសំរាប់ភ្ជាប់បទមួយទៅបទមួយ ឬពីឃ្លាមួយទៅឃ្លាមួយ ឬប្រើក្នុងពាក្យឧទានសព្ទខ្លះ។
ឧ. ក៏បាន អុញន៏! ដ៏ប្រសើរ ហ៏យកចុះ!

អំពីសញ្ញា ផ្ទួន (ៗ)
និយមន័យៈ សញ្ញាផ្ទួន (ៗ) លេខទោ ប្រើសំរាប់ផ្ទួនពាក្យអោយថាពីរដងដដែល។
ឧ. រៀនៗ បន្តិចៗ មួយថ្ងៃម្តងៗ
វិធីប្រើ
ទីកន្លែងៈ សញ្ញាផ្ទួនប្រើនៅក្រោយពាក្យ។
សង្កេតៈ ពាក្យខ្លះពុំប្រើសញ្ញាផ្ទួនទេត្រូវសរសេរពីរដងដូច នានា... ។ សង្កត់ពាក្យដែលត្រូវប្រើលេខទោ ត្រូវដកឃ្លាបន្តិចអំពីពាក្យដទៃដើម្បីជៀសវាងច្រឡំ ។
ឧ. រាល់ព្រឹក សូភីយួរទឹក ម្តងពីរធុងៗ យកទៅស្រោចដំណាំ។
លោកគ្រូវាយជួងចេញលេង ក្នុងមួយម្តងៗ ។

អំពីសញ្ញា ផាត់លើ (័)
និយមន័យៈ សញ្ញាផាត់លើ (សំយោគសញ្ញា ័) ប្រើសំរាប់បង្កើតសូរស្រះ អ៊ អាក់ អៃ អ៊ៃ អ៊ាក់
ឧ. ជ័រ ខ្ទ័រ ញ័រ ស័ក្តិ ក្ស័យ វិន័យ ភ័យ ... ។
វិធីប្រើៈ ទីកន្លែងៈ សញ្ញាផាត់លើ ប្រើលើ ព្យពា្ជនៈដើមព្យាង្គ។
សូរស្រះ អ៊ំ ឧ. ទំព័រ ញ័រ ព័ន្ធ ជីវ័ន ទ័ព ... ។
សូរស្រះ អាក់ៈ ពាក្យក្លាយពីបាលីសំស្រ្កឹតដែលមាន ព្យពា្ជនៈដើមព្យាង្គជាពួក «អ»។ ឧ. ស័ព្ទ ប្រវ័ញ្ច សញ្ញាប័ត្រ ... ។
សូរស្រះ អ៊ាក់ៈ ពាក្យក្លាយពីបាលីសំស្រ្កឹតដែលមាន ព្យពា្ជនៈដើមព្យាង្គជាពួក «អ»។ ឧ. ពិភ័ក្តិ ល័ក្ខ ... ។
សូរស្រះ អៃៈ ពាក្យក្លាយពីបាលីសំស្រ្កឹតដែលមាន ព្យពា្ជនៈដើមព្យាង្គជាពួក «អ» ហើយប្រកបជា «យ»។ ឧ. ប្រាស្រ័យ ប្រល័យ សម័យ និស្ស័យ ... ។
សូរស្រះ អ៊ៃៈ ពាក្យក្លាយពីបាលីសំស្រ្កឹតដែលមាន ព្យពា្ជនៈដើមព្យាង្គជាពួក «អ៊» ហើយប្រកបជា «យ»។ ឧ. ជ័យ វ័យ នភាល័យ ន័យ ... ។

អំពីសញ្ញា បដិសេធ (៍)
និយមន័យៈ សញ្ញាបដិសេធ (ទណ្ឌឃាត) ប្រើសំរាប់លុបសូរមិនអោយអានតាមសំនេរ។ ឧ. ភូមិ៍ អានថា (ភូម) ប្រយោជន៍ អានថា (ប្រយ៉ោច) អនុវត្តន៍ អានថា (អនុវត្ត)
វិធីប្រើៈ
ទីកន្លែងៈ សញ្ញាបដិសេធប្រើលើព្យញ្ជានៈ ឬលើស្រះនៃពាក្យក្លាយពីបាលីសំស្រឹ្កត ឬពាក្យក្នុងភសាជាតិសុទ្ធ។
សូរត្រូវលុបៈ លុបសូរស្រះ អាទិ៍ ភូមិ៍ ...
លុបសូរព្យញ្ជនៈ មក៍ មើល៍ យក៍ ...
លុបសូរព្យាង្គ សប្តាហ៍ ពោធ៍ ...

អំពីសញ្ញា របាទ (៌)
និយមន័យៈ សំរាប់ជំនួសព្យញ្ជនៈ «រ»។ ឧ. ទុរ្គត់ - ទុគ៌ត បរ្ពត់ - បព៌ត មរ្តក់ - មត៌ក ..។
វិធីប្រើ
ទីកន្លែងៈ សញ្ញា របាទ (៌) ប្រើនៅលើព្យញ្ជនៈ។
ព្យញ្ជនៈ «រ» សញ្ញា របាទជាព្យញ្ជនៈ (រ) សុទ្ធ គ្មានស្រះនៅជាមួយទេរ (រ) បន្លឺឡើងមុនព្យញ្ជនៈដែលខ្លួននៅលើ។
កំណត់ចំណាំៈ សញ្ញា របាទ (៌) ប្រើតែចំពោះពាក្យដែលខ្ចីមកអំពីសំស្រ្កឹត។ ពាក្យខ្លះអាចសរសេរជាតួរ «រ» ឧ. មរតក - មត៌ក ។
អំពីសញ្ញា រះមុខ (ះ)
និយមន័យៈ សញ្ញា រះមុខ (ះ) ប្រើសំរាប់ជំនួសព្យញ្ជនៈ «ស» ដែលជាតួប្រកប។ ឧ. ជិះ ផ្ទុះ ហោះ ចំហេះ ។
វិធីប្រើៈ សញ្ញា រះមុខ (ះ) ប្រើនៅខាងក្រោយស្រះប្រកប ។

អំពីសញ្ញា ចុចពីរ (ៈ)
និយមន័យៈ សញ្ញា ចុចពីរ (ៈ) ប្រើសំរាប់កត់សូរ (អាក់) និង (អ៊ាក់) ។ ឧ. វណ្ណៈ សុខៈ ធុរៈ សាធារណៈ ...។
វិធីប្រើៈ សញ្ញា ចុចពីរ (ៈ) ប្រើនៅក្រោយព្យញ្ជនៈ នៃពាក្យក្លាយពីបាលីសំស្រ្កឹត។
កំណត់ចំណាំៈ ពាក្យក្លាយពីបាលីសំស្រ្កឹតខ្លះ ប្រើសញ្ញាចុចពីរនៅក្នុងពាក្យ ឬកណ្តាលពាក្យ។ ឧ. កាលៈទេសៈ គណៈកម្មការ គណៈប្រតិភូ រយៈពេល ... ។

អំពីសញ្ញាជើងក្អែក (៎)
និយមន័យៈ សញ្ញាជើងក្អែក (កាកបាទ ៎) ប្រើសំរាប់ដាក់លើពាក្យឧទានសព្ទ។ ឧ. ហ៎ះ! អូ៎យ! ចា៎ះ នុ៎ះ ... ទៅសាលារៀន ចូរកូនស្តាប់អ្នកគ្រូលោកគ្រូពន្យល់នឹងអោយដំបូន្មានអោយបានម៉ត់ចត់ ណ៎ា កូនណ៎ា!
កំណត់ចំណាំៈ នៅក្នុងគណិតវិជ្ជា សញ្ញាជើងក្អែក (៎) ជាសញ្ញាលេខបូក។ ឧ. ៣+៤=៧

អំពីសញ្ញាល្បះ (។)
និយមន័យៈ សញ្ញាល្បះ (។) ប្រើសំរាប់រាំងឃ្លា ឬសង្កាត់ពាក្យក្នុងអត្ថបទនីមួយៗអោយដាច់ស្រឡះ និងមានន័យច្បាស់លាស់។ ឧ.
ខ្ញុំទៅសាលារៀននៅម៉ោង ៦ កន្លះ។

អំពីសញ្ញា ឧទាន(!)
និយមន័យៈ សញ្ញា ឧទាន(!) ប្រើសំរាប់ដាក់នៅក្រោយ ពាក្យ ឬល្បះឧទាន។ ពាក្យឧទានជាពាក្យដែលមានលក្ខណៈ ញញើត ស្ញប់ស្ញែង អស្ចរ្យ ខឹង ឆ្ងល់ សរសើរ ដំអែដំអូញ ធុញទ្រាន់ ក្រៀមក្រំ ពិបាកចិត្ត ឬដោយត្រាប់សូរសំលេងផ្សេងៗ ។ ឧ.
យីអើ!
គិតយ៉ាងដូចម្តេចអញ្ចេះហ្ន៎!
ល្អអ្វីម្លេះទេ!
អផ្សុកណាស់!

អំពីសញ្ញាសួរ (?)
និយមន័យៈ សញ្ញាសួរ (បុច្ចនសញ្ញា ?) ប្រើសំរាប់ដាក់នៅក្រោយពាក្យ ឬល្បះសួរ។ ឧ.
ម៉ោងប៉ុន្មានហើយ?
តើខ្ញុំគួរធ្វើយ៉ាងណាទៅ?

អំពីសញ្ញា វង់ក្រចក ()
និយមន័យៈ សញ្ញា វង់ក្រចក () ប្រើសំរាប់ដាក់គៀប ឬដាក់អមព្យញ្ជនៈមួយតួ ឬពាក្យមួយម៉ាត់ ឬសេចក្តីមួយឃ្លា ឬមួយល្បះ នៅក្នុងអត្ថបទអោយដាច់អំពីគេ ដើម្បីបញ្ជាក់ឬពន្យល់អោយច្បាស់សេចក្តីនោះឡើង។

អពីសញ្ញា អព្ភន្តរៈ (« »)
និយមន័យៈ សញ្ញា អព្ភន្តរៈ (« ») ប្រើសំរាប់ដាក់គៀប ឬដាក់អមព្យញ្ជនៈមួយតួ ឬពាក្យមួយម៉ាត់ ឬសេចក្តីមួយឃ្លា ឬមួយល្បះ នៅក្នុងអត្ថបទអោយដាច់អំពីគេ អ្នកនិពន្ធចង់អោយអ្នកអានចាប់អារម្មណ៍ យកចិត្តទុកដាក់ ឬសំរាប់ពាក្យឆ្លើយឆ្លងគ្នា។ ឧ.
«រៀនផង ធ្វើការផង» និង «ធ្វើការផង រៀនផង»។