មានរឿងព្រេងមួយ ដំណាលថា : មានបុរសកំជិលម្នាក់
មានប្រពន្ធគ្រប់លក្ខណ៍ មានកិរិយាមារយាទល្អ
ចេះគោរពប្រណិប័តន៍ប្ដី ។ តាំងពីបានគ្នាជាប្ដីប្រពន្ធមក ,
បុរសកំជិលចេះតែពីដេក ដល់ឃ្លានបាយ ទើបក្រោកឡើងស៊ីៗ
រួចដេកទៅវិញ សូម្បីថ្នាំជក់ ក៏ប្រពន្ធមូរឲ្យដែរ ។
ប្រពន្ធជាមនុស្សគោរពប្រណិប័តន៍ប្ដី មិនមានពាក្យអាក្រក់
ទៅលើប្ដីសោះ លើកបាយទឹកនិងរបស់អ្វីឲ្យប្ដី សុទ្ធតែសំពះ ,
ដល់ទៅយូរទៅ មានសេចក្ដីក្រីក្រខ្លាំងណាស់
នាងនោះរកអ្វីចិញ្ចឹមពុំបានសោះឡើយ, ថ្ងៃមួយ នាងរៀបស្លា៥ម៉ាត់
បារី៥ចូលទៅក្រាបសំពះប្ដី ហើយថា << ខ្ញុំសុំទោសអ្នកប្ដី
ត្បិតយើងសព្វថ្ងៃ ក្រណាស់ យើងមិនបានរកស៊ី គ្មានទទួលទានទេ
សុំឲ្យអ្នកទៅកាប់ឈើ ធ្វើនង្គ័ល រនាស់ធ្វើស្រែនឹងគេ
ត្បិតដល់រដូវធ្វើស្រែហើយ >> ។ ប្ដីថាបើដូច្នោះ
ឲ្យនាងដាំបាយ វេចជាសំណុំចុះ ប្ដីនឹងទៅរកកាប់ឈើ ធ្វើនង្គ័ល
រនាស់ >> ។ ប្រពន្ធក្រោកពីយប់ដាំបាយ វេចជាកញ្ចប់
មានទាំងដឹង ពូថៅទៅផង ។ បុរសកំជិល ដេកទាល់តែថ្ងៃរះ
ប្រពន្ធពុំហ៊ានដាស់ ចាំឲ្យក្រោកខ្លួនឯង, ដល់ក្រោកហើយ
ប្រពន្ធដងទឹក ទៅលប់មុខឲ្យ រួចស្រេច នាងក៏ហុចស្លាបារី
នឹងបាយកញ្ចប់ ព្រមទាំងគ្រឿងប្រដាប់ទៅឲ្យប្ដី ។ បុរសនោះ
ក៏ចុះពីលើផ្ទះទៅ ចូលក្នុងព្រៃរកឈើ, បានឃើញឈើមួយដើម
មានមែកសាខាម្លប់ត្រជាក់ ក៏ដាក់បាយសំណុំ ដឹង ពូថៅ
ហើយដេកគងអន្ទាក់ខ្លា មើលទៅលើនិយាយតែម្នាក់ឯងថា <<
មែកឈើនេះ ត្រូវធ្វើជាភ្នៀងនង្គ័ល, មែកនេះត្រូវធ្វើជាយាម ,
មែកនេះត្រូវធ្វើជាដង មែកនេះត្រូវជានឹម មែកនេះ
ត្រូវធ្វើជារនាស់ ។ គ្រាន់តែដេកថាប៉ុណ្ណឹង
ពេលឃ្លានបាយក្រោកឡើងស្រាយបាយសំណុំស៊ីៗរួច ដេកថាដូចមុនទៀត ,
ថ្ងៃរសៀលត្រឡប់មកផ្ទះវិញ ។ ប្រពន្ធឃើញរត់ទទួលយកគ្រឿងប្រដាប់
នាំប្ដីឡើងទៅលើផ្ទះ យកទឹកលាងជើងឲ្យប្ដី ហើយសួរថា <<
អ្នកទៅបានការដូចម្ដេចខ្លះ ? ប្ដីថាមិនទាន់បានទេនាង !
ចាំស្អែកសឹមទៅទៀត ដល់កន្លែងដើមឈើនោះហើយ ,
រុក្ខទេវតាដែលអាស្រ័យនៅទីនោះ ឮបុរសកំជិលថាដូច្នោះ ក៏ភ័យ
ខ្លាចរកកន្លែងនៅគ្មាន
ក៏គិតគ្នានឹងតាមទៅវាយសម្លាប់បុរសកំជិលនោះ
ឲ្យស្លាប់នៅមាត់ជណ្ដើរផ្ទះ កុំឲ្យវាមកកាប់ឈើនេះបាន ។
បុរសនោះក៏ត្រឡប់មកផ្ទះវិញ ។ រុក្ខទេវតា តាមមកដល់មាត់របង
ឃើញប្រពន្ធរត់ទៅទទួលប្ដីដល់មាត់ជណ្ដើរ យកទឹកលាងជើងប្ដី ។
ដោយសិរីសួស្ដីប្រពន្ធនោះ ទេវតាចូលមិនចុះ មិនហ៊ានវាយ ។
បុរសនោះរួចពីអន្តរាយ ក៏ឡើងទៅលើផ្ទះ ប្រពន្ធសួរ
និយាយដូចមុនទៀតថា << បានសព្វគ្រប់អស់ហើយ ព្រឹកនឹងទៅកាប់
>> ។ ទេវតាភ័យណាស់ថា << បុរសនោះ
មុខជាកាប់ហើយព្រឹកនេះ >> ក៏នាំគ្នាមកនិយាយអង្វរថា
<< សុំកុំកាប់ឈើនោះ>>។ បុរសថា << អញមិនព្រមទេ
ព្រឹកនេះអញទៅកាប់ហើយ >> ។ ទេវតាភ័យណាស់
ក៏នាំគ្នានិយាយសូក ដោយប្រាប់ទីកន្លែងកំណប់មាសប្រាក់
ឲ្យបុរសៗសួរថា << ឲ្យកំណប់ប៉ុន្មានកន្លែង ? >> ។
ទេវតាថាពីរកន្លែង បុរសថា << មិនព្រមទេ, បើ៤កន្លែងទើបព្រម
ហើយឲ្យដាក់ឈើសម្គាល់ឲ្យផង >> ។ ទេវតាក៏ព្រមធ្វើតាម
កុំឲ្យតែកាប់ដើមឈើនោះ ។ បុរសថា << បើដូច្នោះ ខ្ញុំលែងកាប់
, តែថាព្រឹកនេះ ខ្ញុំទៅគាស់កំណប់នោះហើយ >> ។ ទេវតាថា
<< ទៅចុះខ្ញុំដោតឈើសម្គាល់ទុកឲ្យ >> ។
ព្រឹកឡើងប្ដីប្រពន្ធ នាំគ្នាទៅគាស់កំណប់ដែលទេវតាឲ្យ,
ក្នុងកំណប់មួយៗទាំងពីរនាក់ប្ដីប្រពន្ធ ត្រូវជញ្ជូនបីថ្ងៃ
បានសុទ្ធតែមាសនិងប្រាក់ចាក់គរពេញផ្ទះ ។ នាងនោះ
ក៏រៀបចំដាក់ហិប ដាក់ឡាំង មិនឲ្យអ្នកណាឃើញ
ហើយក៏ជួលជាងឲ្យធ្វើគ្រឿងប្រដាប់ លក់ជាជំនួញរឹតតែមានឡើងៗ
បានជាសេដ្ឋី មានមនុស្សកុះករមូលមកនៅពឹងពាក់ជាច្រើន
រាប់មិនអស់ ។
ទ្រព្យគង់ត្បិតស្រី ចេះសំចៃទុក
ផ្ទះធំស្រណុក ត្បិតល័ក្ខណ៍ស្រីជា