ក្នុងកាលកន្លងទៅហើយ មានមនុស្សពីរនាក់ ជាប្តីប្រពន្ធ ។ ថ្ងៃមួយ
ប្តីចេញទៅរកអន្ទង់ដើម្បីជាអាហារ បានអន្ទង់១
យកមកប្រគល់ឲ្យប្រពន្ធ ប្រាប់ថា «ចូរឯងយកអន្ទង់នេះទៅស្លស៊ី» ។
ប្រពន្ធឆ្លើយថា «ចុះបើអន្ទង់នេះវែងម្ល៉េះ
បានឆ្នាំងវែងពីណានឹងយកមកស្ងោរអន្ទង់នេះបាន?» ។ ប្តីឮហើយ
នឹកក្នុងចិត្តថា «ប្រពន្ធងញល្ងង់អីម្ល៉េះ!» ហើយប្រាប់ប្រពន្ធថា
«បើឯងរកឆ្នាំងវែងពុំបានទេ ឯងយកអន្ទង់នេះទៅព្យួរទុកទៅ!» ។
ប្រពន្ធក៏យកអន្ទង់ទៅព្យួរទុក ហើយគេចទៅដេកបំបៅកូនក្នុងមុងទៅ ។
ប្តីក៏យកអន្ទង់នោះមកកាប់ចិញ្រ្ចាំ ហើយយកឆ្នាំងមកដាក់ស្ល-កកូរ,
លុះឆ្អិនក៏ដោះដួស រួចហៅប្រពន្ធឲ្យមកស៊ីៗ រួចលាងចានទុក
តែសម្លអន្ទង់នោះសល់បន្តិចនៅបាតឆ្នាំង, ប្តីមិនលាងឆ្នាំងនោះទេ
ហើយចេញទៅភ្ជួរស្រែបាត់ទៅ ។ ឯប្រពន្ធ ដឹងថាប្តីចេញទៅបាត់ហើយ
នឹកដល់សម្ល-កកូរអន្ទង់ដែលឆ្ងាញ់ ក៏ស្ទុះក្រោកឡើង
ទៅយកឆ្នាំងនោះមកលិទ្ធ, ដល់ខំលិទ្ធណាស់ទៅ ក្បាលនាំងនោះ
ចូលទៅក្នុងឆ្នាំងៗ គ្របជាប់ពីលើ,
មិនដឹងធ្វើដូចម្តេចនឹងយកឆ្នាំងនោះចេញបាន ក៏វាទៅពួនក្នុងមុង ។
លុះប្តីត្រឡប់មកពីភ្ជួរស្រែវិញ រកប្រពន្ធពុំឃើញក៏ស្រែកហៅ
ឮសូរឆ្លើយសំឡេងនោះក្រងូរងល់ ហាក់ដូចជាចំឡែកណាស់,
ប្តីដើរចូលមករកមើល ទើបរកដំបងវាយឆ្នាំងនោះបំបែកទៅ ។
ប្រពន្ធលាន់មាត់ស្រែកថា «យ៉ា!អញពួននឹងគាត់ឯងសោះ» ។
ប្តីនឹកអស់សំណើច ក៏ដើរចេញទៅ ។