មានរឿងនិទានមួយថា អណ្ដើក និងស្វា វាសុំធ្វើដន្លងគ្នា
តែគ្មានកូនចៅទៅចងពន្ធអ្វីទេ គ្រាន់តែនិយាយថា
សុំគ្នាធ្វើដន្លង ។ សត្វទាំងពីរ ស្រឡាញ់រាប់អានគ្នា
ដូចដន្លងអ្នកទាំងពួងនោះដែរ ។ លុះចំណេរយូរទៅ ដន្លងខាងស្វានោះ
គេមានកូនត្រូវរៀបការ គេហៅភ្ញៀវពួកស្វា សន្មតថ្ងៃនឹងស៊ីការ
ទើបនឹកឃើញអណ្ដើកជាដន្លងថា << យើងការកូននេះ
ហៅភ្ញៀវអស់ហើយ នៅតែអណ្ដើកជាដន្លង មិនទាន់បានទៅប្រាប់ឥឡូវ
ជិតថ្ងៃការណាស់ទៅហើយ បើដូច្នោះឲ្យបំរើទៅអញ្ជើញគាត់ផង
បំណាច់យើងរាប់អានគ្នា យូរឆ្នាំណាស់មកហើយ >>
គិតហើយក៏ចាត់បំរើឲ្យទៅអញ្ជើញ ។
ថ្ងៃដែលគេប្រជុំញាតិស៊ីការនោះ អណ្ដើកក៏ទៅដល់ដែរ
តែនឹងឡើងទៅស៊ីផឹកនឹងគេមិនរួច ។ ពួកស្វាបានឃើញ
ក៏ទៅប្រាប់ដន្លងស្វាថា << ត្បិតដន្លងអណ្ដើកមកដល់ហើយ
នៅឯក្រោមដើមឈើ >> ។ ដន្លងស្វាចុះមក
ឃើញអណ្ដើកក៏ប្រាប់ថាដន្លងឯង ឡើងមិនរួចនឹងគេ
មានតែដន្លងឯងខាំវល្ល៍នេះចុះ យើងនឹងស្រាវឡើង
ប៉ុន្តែបើមិនទាន់ដល់ទៅកន្លែងដែលយើងអង្គុយទេ
ដន្លងឯងកុំនិយាយឲ្យសោះ ទោះបីឃើញអ្វី ឬគេថាអ្វីក៏ដោយ,
តែនិយាយធ្លាក់មកស្លាប់ហើយ ។
អណ្ដើកទទួលបណ្ដាំដន្លងនោះសព្វគ្រប់ហើយ ក៏ទទួលខាំវល្លិ៍ ។
ពួកស្វាទាំងប៉ុន្មាន ក៏ស្រាវវល្លិ៍នោះឡើង
នាំអណ្ដើកទៅឯថ្នាក់លើ ។ លុះទៅជិតដល់កន្លែង ដែលគេនឹងដាក់នោះ
ជួនជាដន្លងស្រីស្វា ឃើញអណ្ដើក ក៏សួរដោយរាប់អានថា <<
ដន្លង ! សុខសប្បាយទេឬ ? >> ។ អណ្ដើកភ្លេចពាក្យបណ្ដាំ
ហាមាត់ស្ដីទៅនឹងដន្លង ក៏របូតមាត់
ធ្លាក់ខ្លួនដល់ដីបែកស្នូកដូចគេបោកនឹងថ្ម ស្លាប់នៅវេលានោះ
ខានស៊ីការនោះទៅ ។
មាត់អណ្ដើក