កាលពីព្រេងនាយ មានមនុស្សពីរនាក់ដើរទៅផ្លូវឆ្ងាយ
ចួនយប់ក្នុងព្រៃងងឹតដើរទៅមិនរួច បបួលគ្នាដេកក្នុងព្រៃ ។
អ្នកទាំងពីរនាក់ ចង់ដេកកណ្តាលតែរៀងខ្លួន
ប៉ុន្តែមិនដឹងគិតធ្វើដូចម្តេចនឹងបានដេកកណ្តាល ។
បុរសទាំងពីរនាក់គិតគ្នាថា " បើដូច្នោះ យើងដេកយកជើងទល់គ្នា "
ហើយបុរសទាំងនោះ ក៏ដេកយកជើងទល់គ្នាទាំងពីរនាក់ទៅ ។
ក្រោយមកមានខ្លាមកឃើញមនុស្សដេកយកជើងទល់គ្នា ហើយទទូរសំពិតជិត
មើលមិនដឹងជាសត្វអ្វីវែងដូច្នោះ ឆ្ងល់ណាស់ត្បិតមិនដែលឃើញ
ក៏បបួលអស់សត្វឯទៀតជាច្រើន មានទាំងដំរី ក្របី គោ រមាស រមាំង
ក្តាន់ប្រើស ទ្រាយ ចចក ស្វាន ស្វា គ្រប់សត្វទាំងអស់មកមើល
គ្មានសត្វណាមួយស្គាល់សោះ ។ ក្រោយមកទៀត
សត្វទាំងអស់នោះគិតគ្នាថា " ឥឡូវនេះ
នឹងមានអ្នកឯណាស្គាល់សត្វនេះ? ពួកយើងបបួលគ្នាមកមើលសត្វនេះ
ច្រើនភាសាណាស់ហើយ នៅសល់សត្វអ្វីទៀត ដែលមិនទាន់បានមកមើល? " ។
អស់សត្វទាំងនោះ គិតគ្នាទៅ ឃើញនៅសល់តែទន្សាយពុំបានមក, មួយទៀត
ឮល្បីថា " ទន្សាយនោះ ជាអ្នកមានប្រាជ្ញា
ចេះនិយាយក្បួនច្បាប់ទម្លាប់ ចេះកលមាយា
ចាំទំនឹមទំនៀមច្រើនបើដូច្នេះ
យើងប្រើបងដំរីឲ្យទៅអញ្ជើញបងទន្សាយនោះទើបបាន
ត្បិតបងទន្សាយបើមាននរណាទៅពឹងការអ្វីគាត់ៗ កាន់ខ្លួនណាស់ " ។
សត្វទាំងនោះ គិតគ្នាហើយ ឲ្យដំរីទៅអញ្ជើញទន្សាយ ។ ដំរីក៏ទៅ
ឃើញទន្សាយអង្គុយនៅលើក្បាលដំបូក ។
ទន្សាយឃើញដំរីដើរយេកយោកមកពីនាយ ក៏សួរថា " បងដំរី!
មានហេតុអ្វី បានជារលះរលាំងមក? " ។ ដំរីឆ្លើយថា " បងទន្សាយ!
ត្បិតមានសត្វអ្វីមួយចំឡែកណាស់ គ្មាននរណាស្គាល់សោះ
បានជាអស់សត្វក្នុងព្រៃនេះ ឲ្យខ្ញុំមកអញ្ជើញបងទន្សាយឯងទៅមើល
ក្រែងបងទន្សាយឯងស្គាល់សត្វនោះ" ។ ឯទន្សាយឮដូច្នោះ ហើយសួរថា "
សត្វនោះដូចម្តេច តូចឬធំ វែងឬខ្លី ? ។ ដំរីថា " សត្វនោះ ធំចុង
ធំគល់ តូចកណ្តាល ហើយវែងប្រមាណប្រាំហត្ថ " ។
ទន្សាយឮដូច្នោះឆ្លើយឡើងថា " ឱបើដូច្នោះ បងដំរីកុំព្រួយចិត្ត
ចាំខ្ញុំទៅមើលឲ្យស្គាល់សត្វនោះ ប៉ុន្តែបងដំរីឯង
ឲ្យខ្ញុំជិះលើក្បាលបងឯងទៅ " ។ ដំរីឮដូច្នោះហើយ
ដើរចូលតៅឱនក្បាលឲ្យទន្សាយជិះលើក្បាល ទន្សាយធ្វើជាក្អេងក្អាង
លុះទៅដល់ហើយ ចុះពីក្បាលដំរី
យកស្លឹកឈើដែលមានស្នាមដង្កូវវារដូវជាអក្សរ
កាន់លើកឡើងធ្វើជាសំបុត្រថា " អស់បងប្អូនស្តាប់ខ្ញុំ
ត្បិតខ្ញុំជាបម្រើព្រះឥន្រ្ទៗ លោកប្រើឲ្យនាំសំបុត្រមក "
ហើយទន្សាយឡើងលើដំបូកធ្វើជាអានសំបុត្រថា " សត្វនេះ
ព្រះឥន្រ្ទលោកប្រើមក ឈ្មោះសត្វយោគីយោគា យកទាំងអស់គ្នា យកទាំងអញ
យកទាំងឯង " ។ អស់សត្វឮទន្សាយមើលសំបុត្រថា "
ព្រះឥន្រ្ទឲ្យមកយកទាំងអស់គ្នា " ក៏ស្ទុះបោលជាន់គ្នាស្លាប់
បាក់ដៃបាក់ជើងពាសពេញ ស្រែកលាន់ទាំងព្រៃ ។ មនុស្ស២នាក់នោះ
ដឹងថាសត្វទាំងនោះ ផ្អើលភ្ញាក់រត់ជាន់គ្នាស្លាប់ដូច្នោះ
ក្រោកឡើងលើកដៃសំពះទន្សាយថា " បងទន្សាយ មានគុណនឹងយើងខ្លាំងណាស់
បើប្រសិនជាយើងមិនបានបងទន្សាយមកធ្វើឧបាយកលឲ្យយើងទេ
នោះសមខ្លាវានឹងខាំយើងស៊ីជាចំណីវាទៅហើយ,
បងទន្សាយឯងមានប្រាជ្ញាល្មមធ្វើជាសុភាបាន" ។ ឯមនុស្សទាំងពីរនាក់
មើលទៅឃើញអស់សត្វជាន់គ្នាស្លាប់ពេញព្រៃដូច្នោះ
បបួលគ្នាអារយកសាច់រែកទាំងពីរនាក់ ដើរទៅបន្តិច
ឃើញខ្លាសំគមមួយដំរីជាន់បាក់ជើង ដើរបានតិចៗ
ក៏បបួលគ្នាយកខ្សែចងដឹងយកទៅ
លុះដើរទៅបន្តិចជួបនឹងអ្នកបររទេះគោ ។ ឯអ្នកបររទេះគោនោះ
ឃើញអ្នកទាំងពីររែកសាច់មកដូច្នោះក៏បញ្ឍប់រទេះសួរថា "
អ្នកធ្វើដូចម្តេច ក៏បានសាច់ច្រើនម្ល៉េះ? ។ អ្នកនោះបញ្ឆោតថា "
ឆ្កែកំបាក់ជើងខ្ញុំនេះឯង វាដេញខាំ ត្បិតឆ្កែនេះ ជាឆ្កែប្រដេញ
វាតែងតែដេញសត្វមក មិនដែលស្ងួតឆ្នាំងដល់មួយពេលទេ
ក្រែងតែគ្មានសត្វ បើព្រៃឯណាមានសត្វហើយ
មិនដែលរួចពីអាក្លឹកឆ្កែប្រដេញខ្ញុំនេះទេ
ឲ្យតែវាឃើញស្នាមជើងនោះ សង្ឃឹមថាបានឲ្យលាងឆ្នាំងចាំឲ្យហើយទៅ
មុខជានឹងបានមិនដែលខានទេ " ។ ឯអ្នកបររទេះគោ
ឮអ្នកនោះនិយាយអួតប្រាប់ដូច្នោះ
ហេតុតែជាមនុស្សល្ងង់មិនស្គាល់ក៏ចង់បានខ្លាកំបាក់ជើងសំគមនោះ
គិតថា ជាឆ្កែមែនទែន ហើយនិយាយអង្វរលួងលោមថា " បើដូច្នោះ
អ្នកអាណិតខ្ញុំៗ
សុំទិញឆ្កែអ្នកយកទៅប្រដេញត្បិតស្រុកខ្ញុំមានសត្វច្រើនណាស់ " ។
អ្នករែកសាច់ឆ្លើយថា " បើខ្ញុំលក់ឆ្កែនេះឲ្យអ្នកទៅ
ផ្ទះខ្ញុំសមនឹងស្ងួតឆ្នាំងហើយ រកអ្វីស៊ីគ្នានទេ
ប៉ុន្តែអ្នកបានជួបនឹងខ្ញុំម្តង បើមិននិយាយគ្នាក៏មិនបាន,
ឆ្កែខ្ញុំនេះ ខ្ញុំស្រឡាញ់វារកអ្វីប្រៀបគ្មានទេ បើអ្នកចង់ទិញ
តើអ្នកឲ្យថ្លៃប៉ុន្មាន ? " ។អ្នកបររទេះគោឆ្លើយថា "
ខ្ញុំមានតែគោមួយនឹមនេះឯង ហើយគោនេះ
ខ្ញុំស្រឡាញ់រកអ្វីប្រៀបគ្នាទេ
ត្បិតបរមួយថ្ងៃរាល់ល្ងាចមិនឈប់សោះក៏បាន
ក្នុងមួយថ្ងៃឲ្យទឹកផឹកតែម្តង ទាំងល្បឿនទៀតក្នុងស្រុកអាយនេះ
គ្មានគោណាលឿនស្មើទេ, តែឥឡូវនេះ ចិត្តខ្ញុំចង់បានឆ្កែអ្នកឯង
យកទៅដេញសត្វឯស្រុកខ្ញុំៗ សុំដូរថ្នូរគោមួយនឹម ព្រមទាំងកណ្តឹង
ចង្រ្កង់ ត្រដោក ខ្សែទាម ខ្សែចន្ទោលគ្រប់ប្រដាប់
ស្រាប់តែឡើងជិះបរតែម្តង, ខ្ញុំសុំតែខ្លួននិងប្រពន្ធចុះចេញ" ។
អ្នករែកសាច់ឮអ្នកបររទេះថា " ដូចជាគោមួយនឹងគ្រប់ប្រដាប់
ស្រាប់តែឡើងបរ " ក៏នឹកអរក្នុងចិត្តណាស់
ដោយសាររែកសាច់វាធ្ងន់ផង ហើយធ្វើជាមិនចង់ដូរទេ
តែក្នុងចិត្តដូរណាស់ និយាយថា " ឆ្កែខ្ញុំនេះ ខ្ញុំស្រឡាញ់ណាស់,
ឥឡូវអ្នកមកសុំដូរពីខ្ញុំទៅ
ខ្ញុំខំកាត់ចិត្តដូរឲ្យអ្នកទៅចុះ, ប៉ុន្តែអ្នកថ្នមវាឲ្យល្អ
កុំឲ្យវាអត់ឃ្លាន ហើយអ្នកយកសាច់នេះ ទុកឲ្យវាស៊ីតាមផ្លូវទៅ " ។
ឯអ្នករែកសាច់ ឲ្យសាច់ទៅអ្នកនោះល្មមខ្លាស៊ីឆ្អែត
ហើយយកសាច់ដាក់លើរទេះបរទៅ ។ អ្នកម្ចាស់រទេះគោនោះ
ក៏ដឹកខ្លាសំគមកំបាក់ជើងទេ ទៅបន្តិចទៅ ឲ្យសាច់ទៅខ្លាស៊ីជារឿយៗ
។ ខ្លានោះបានសាច់ស៊ី មានកម្លាំង ក៏ក្រាញមិនចង់ទៅ
ត្រាតែដាច់ខ្សែ ហើយដើរចូលក្នុងព្រៃទៅ,
អ្នកនោះដឹងថាខ្លាបោលចូលទៅក្នុងព្រៃហើយ ក៏រត់ទៅតាមចាប់
ហើយហៅថា " បឺសៗ ! អាក្លឹកមកឯអាយ" ។ ខ្លាឃើញមនុស្សទៅជិត
បែរមកគំរាមធ្វើហ៊ែៗ ហ៊ៗ សន្ធាប់ឲ្យអ្នកនោះ ។ អ្នកនោះ
ឃើញខ្លាគំរាមមុខគួរឲ្យខ្លាចដូច្នោះ ក៏ថយមកក្រោយវិញ
មិនហ៊ានតាមទៅទៀត ប៉ុន្តែនឹកស្តាយ មើលទៅរទេះបរទៅបាត់
មិនដឹងជាទៅដល់ណា ។ អ្នកម្ចាស់ខ្លាបានរទេះគោនោះហើយ
ក៏ម្នីម្នាដាក់អម្រែកលើរទេះ ឡើងជិះទាំងពីរនាក់ បរជាប្រញាប់ទៅ
ឲ្យតែហួសពីមុខម្ចាស់រទេះនោះ ។
ឯអ្នកម្ចាស់រទេះដល់ខ្លាបោលចូលព្រៃទៅហើយ នឹកស្តាយណាស់
មិនដឹងគិតធ្វើដូចម្តេច ក៏បបួលប្រពន្ធត្រឡប់ទៅផ្ទះវិញ ។
យកហេះទៅដូរហោះ