អាសំគមបាញ់លលក លីស្នាដើរសៀរតាមរបងភូមិសេដ្ឋី ក៏ជួនជាកូនស្រីសេដ្ឋីទាំងពីរបណ្តើរគ្នាលេង តាមសួនច្បារក្នុងភូមិរបស់ខ្លួន មីរដេរដាសដោយផ្ការីកស្គុះស្គាយ ផ្សាយក្លិនក្រអូបឈ្ងុយឈ្ងប់នៅពេលព្រឹកព្រហាម ។ អាសំគមបាញ់លលក ដើរសៀរតាមភូមិងើបមើលលើក្រែងមានសត្វលលកទំនៅចុងឈើ ។ កាលបើ អាសំគមបាញ់លលកងាកភ្នែកចុះឡើងចោលកន្ទុយភ្នែកទៅក្នុងភូមិ ខ្សែភ្នែករត់ទៅប៉ះទង្គិចនឹងរូបរាងនាងក្រមុំទាំងពីរ ដែលប្រកបដោយគ្រឿងតែងប្រាណមានលំអស្រស់ស្រងៅ ទាំងមានព្រលឹងសាច់ទ្រលុកទ្រលន់ នាំអោយភ្ញាក់កន្ទ្រាក់ដួងចិត្តប្រុស នៅវេលាឃើញដំបូង ។ ឯ អាសំគមបាញ់លលក គ្រាន់តែភ្នែកទៅប៉ះរូបនាងនោះភ្លាម ក៏ស្រឡាំងកាំងភាំងស្មារតី ភ្លេចខ្លួនជ្រុះទាំងស្នា ទាំងព្រួញដល់ដី ។ អាសំគមបាញ់លលក តាំងពីបានឃើញកូនសេដ្ឋីក៏ស្រឡាញ់ជាប់ក្នុងចិត្ត នឹកឥតភ្លេច ហើយក៏ទៅផ្ទះថ្លែងប្រាប់ឪពុកម្តាយ និយាយនិងម្តាយអោយទៅដណ្តឹងកូនសេដ្ឋីអោយ ។ ម្តាយនិយាយនិងកូនថា«នៃកូនម្តេចក៏ឯងទៅស្រឡាញ់កូនសេដ្ឋីអីចេះបើឯងក្រីក្រភោគសម្បត្តិ ទាំងរូបឯងទៀត ក៏អាក្រក់មិនសមនិងកូនគេធ្វើម្តេចគេនឹងអោយឯង» ។ អាសំគមបាញ់លលក ក៏និយាយនិងម្តាយថា «ម៉ែ! បើម៉ែមិនទៅដណ្តឹងអោយខ្ញុំទេ ខ្ញុំក៏អស់ឃើញមុខម៉ែៗ ក៏លែងបានឃើញខ្ញុំពីថ្ងៃនេះទៅហើយ» ។ ម្តាយដែលមានចិត្តអាណិតកូនក៏ស៊ូកាត់កេរ្តិ៍ខ្មាសទៅនិយាយស្នើការនឹងសេដ្ឋីៗ ក៏តបវិញថា «ខ្ញុំឥតបើស្អប់ខ្ពើមអីកូននាងទេ ប៉ុន្តែកូនខ្ញុំៗ នឹងអោយពុំបាន ដ្បិតមិនទាន់គ្រប់ការ ណ្ហើយនាង! ប៉ុណ្ណោះទុកជាការស្រេចុះកុំបាច់ទៅមកទៀត» សំដី ប៉ុណ្ណោះជាសំដីបង្វែងដានមិនចង់អោយ ។ ម្តាយ អាសំគមបាញ់លលកតុះគំនិត រកឧបាយកលនិយាយទៀតគ្មានក៏លាសេដ្ឋីត្រឡប់ទៅផ្ទះវិញ ប្រាប់កូន ។ អាសំគមបាញ់លលក គ្រាន់តែម្តាយប្រាប់ដូច្នោះ ក៏ថ្លស់ទឹកមុខក្រៀមក្រំអង្គុយត្របោមក្បាលជង្គង់ ដង្ហើមឃូរៗ បាយលែងនឹក ទឹកលែងស្រែកចេះតែនឹកមមៃៗ ហាក់ដូចជាកូនសេដ្ឋីនៅពីមុខស្រស់ៗ ដោយកម្លាំងសេចក្តីស្នេហាខ្លាំងពេក ហើយបែរជាមិនបានដូចបំណង ។ នៅវេលាដែល អាសំគមបាញ់លលក ចូលដេក ក៏ចូលទៅទាំងនឹកអាល័យទៅជាមមើស្រែកច្រៀងទាំងយប់ថា «ឆោមអើយ ឆោមឆើតទាំងពីរប្រាណ ធ្វើម្តេចនឹងបានមកកៀកកើយអោយដូចជាពូក និង ខ្នល់ខ្នើយ បើម្លេះទៅហើយអស់សង្ឃឹម» ។ អាសំគមបាញ់លលក ទុកជាដឹងថាគេលែងអោយហើយដូច្នោះ លុះព្រឹកឡើងក៏នៅតែលីស្នា និងស្ពាយបំពង់ព្រួញ ដើរសំដៅទៅភូមិសេដ្ឋីរាល់ថ្ងៃឥតខានសោះ ពួនចាំលបមើលកូនសេដ្ឋី ។ ថ្លែងពីបុរសម្នាក់ទៀត ជាកូនអ្នកមានសម្បត្តិ ទាំងរូបឆោមនោះក៏សក្តិសមទឹកមុខឡើងស្រស់បំព្រងជាទីពេញចំណង់ស្រ្តី ភាព ។ បុរសនោះ ក៏ស្រឡាញ់កូនសេដ្ឋីនោះដែរ លុះទៅដណ្តឹងសេដ្ឋីក៏មិនព្រមអោយ ។ បុរសនោះទុកជាដឹងថាគេមិនព្រមអោយក៏នៅតែទៅលបមើលកូនសេដ្ឋីជារាល់ថ្ងៃ ។ ជួនជាពេលមួយបុរសនោះក៏ទៅ អាសំគមបាញ់លលកក៏មកជួបគ្នា អាសំគមបាញ់លលកសួរថា «អ្នកឯងទៅណា?» បុរសនោះឆ្លើយថា «ខ្ញុំមកលបមើលកូនសេដ្ឋី» ឆ្លើយហើយសួរថា «ចុះឯងមកធ្វើអ្វីដែរ?» ។ អាសំគមបាញ់លលក ថា«ខ្ញុំក៏មកលបមើលកូនសេដ្ឋីដែរ»។ បុរសនោះថា «យើ!រាងនេះអួតឯងចង់បានកូនសេដ្ឋីផង ប៉ុនអម្បាលរូបខ្ញុំ គេនៅតែមិនអោយ» ។ អាសំគមបាញ់លលកថា«បងឯងចាំមើលខ្ញុំយកទាល់តែបាន» ។ ថ្ងៃមួយសេដ្ឋីប្តីប្រពន្ធ នាំគ្នាទៅវត្តនៅតែកូនក្រមុំពីរនាក់ចាំផ្ទះ ។ អាសំគមបាញ់លលកដឹងដូច្នោះ ក៏រកឧបាយកលគ្រានោះជួនជាមានលលកមួយទុំលើចុងឈើមុខផ្ទះសេដ្ឋី ។ អាសំគមបាញ់លលកបានឳកាសក៏យឺតស្នាបាញ់ឮសូរក្លឹងប៉ាប់ស្រាប់តែលលកទធាក់ជើង ទទះស្លាប នៅទីធ្លាមុខផ្ទះ ។ លំដាប់នោះកូនក្រមុំសេដ្ឋីម្នាក់ចុះទៅឃើញលលកនោះហើយ ក៏ស្រែកប្រាប់បងថា«អ្នកបង! អ្នកណាបាញ់លលកធ្លាក់នេះ?» ថាហើយក៏រើសលលកទៅ ។ អាសំគមបាញ់លលកធ្វើដូចជាមិនដឹងដល់ គេបោចរួចហើយស្រាប់តែឡូឡារកលលកដែលខ្លួនបាញ់នៅថា «នរណាលួចលលកអញទៅណា? តែអញរកឃើញមុខជាប្តឹងរាជាការអោយយកទៅដាក់គុកពុំខាន» ។ នាងក្រមុំទាំងពីរនាក់ឮដូច្នោះ ក៏ភ័យស្រែកប្រាប់ថា«លលកបងឯងខ្ញុំយកមកនេះហើយ» ។ អាសំគមបាញ់លលកក៏ស្តីគម្រាមអោយថា «ម្តេចក៏ហ៊ានលួចលលកអញ ត្រូវយកមកអោយអញ» ។ កូនសេដ្ឋីក៏យកលលកមកអោយ។ អាសំគមបាញ់លលក «ទេ! លលកអញនៅរោម នៅស្លាប ឥឡូវនាងឯងយកទៅបោចរោមស្លាបអស់ហើយ ក្រែងតែអាំងឆ្អិនអោយអញបានអញយក» ។ នាងក្រមុំទាំងពីរនាក់ក៏យកទៅអាំងឆ្អិន ហើយយកមកអោយ ។ អាសំគមបាញ់លលកថា «នរណាសីុតែសាច់លលកក្រែងតែមានស្រាផឹកផងបានសុខកើត » នាងទាំងពីរនាក់ ហេតុតែខ្លួនស្រីប្រកបដោយសេចក្តីភិតភ័យច្រើន ក៏ទៅយកស្រាមកអោយ អោយមួយពែង ថាអោយមួយពែងទៀត ទាល់តែស្រវឹងដួលដេកលើផ្ទះនៅទៅ ។ ឯនាងក្រមុំទាំងពីរនាក់គិតថា«បើយើងបណ្តោយអោយវានៅហ្នឹងតែឪម៉ែមកវិញឃើញយើងមុខជាមានរឿង» គិតហើយមិនយកទៅទីណា ក៏នាំគ្នាសែង អាសំគមបាញ់លលកលាក់ទុកក្នុងផ្ទះ ។ ដល់ពេលយប់ អាសំគមបាញ់លលកដឹងខ្លួនស្រាប់តែស្រែកថា «មូសខាំណាស់» ។ កូនសេដ្ឋីនឹកភ័យក្រែង ឪពុកដឹងក៏នាំសែងទៅដាក់ក្រោមគ្រែដេករបស់ខ្លួន ។ អាសំគមបាញ់លលកស្រែកទៀតថា «សង្កើចខាំណាស់» ។ នាងទាំងពីរនាក់ ក៏លើកមកអោយដេកលើគ្រែក្នុងមុងជាមួយ ដោយគិតថាវាស្រវឹងស្រានឹងធ្វើអ្វី ។ ពេលនោះ អាសំគមបាញ់លលកបានឪកាស ក៏តាំងលូកប្រឡែងស្ទាបអង្អែលដោយសេចក្តីស្រឡាញ់ ដរាបដល់បានរួម ដំណេកជាមួយនឹងនាងក្រមុំទាំងពីរនាក់នោះទៅ ៕
ចេះដប់មិនស្មើប្រសប់មួយ