កាលពីព្រេងនាយ មានបុរសម្នាក់ចង់បានប្រពន្ធ
ទៅដណ្តឹងកូនគេម្នាក់ ។ ម្តាយឪពុកគេថា
«បើចង់បានកូនយើងជាប្រពន្ធ លុះតែឲ្យយើងចង់ត្រាំទឹកបានបីយប់
ទើបយើងឲ្យកូនបាន» ។ បុរសនោះ ក៏ព្រមឲ្យគេចងត្រាំទឹក
ដល់ត្រាំទឹកបានពីរយប់បុរសនោះឃើញភ្លើងឆេះលើកំពូលភ្នំ
ក៏លើកដៃឡើងអាំងលេង ។ គេមើលមកឃើញគេថាបុរសនោះអាំងភ្លើង
គេមិនឲ្យកូនគេជាប្រពន្ធឡើយ ។ បុរសនោះ ខឹងណាស់ទៅប្តឹងចៅក្រម
ចៅក្រមឲ្យទៅកោះម្តាយឪពុកខាងស្រីនោះមកជំនុំជម្រះ ។
ចៅក្រមយកសំណូកពីអ្នកចុងក្តី ក៏កាត់ថា «ចៅឯងត្រូវចាញ់គេហើយ
មិនត្រូវបានកូនគេទេបើដូច្នេះ ចៅឯងទៅរៀបបាយមកឲ្យយើងស៊ី» ។
ឯចៅនោះ ឮចៅក្រមកាត់ថាមិនត្រូវបានកូនគេជាប្រពន្ធ
ហើយគេប្រើទៅរៀបបាយមកឲ្យគេស៊ីផង ក៏តូចចិត្តណាស់
ដើរបណ្តើរយំបណ្តើរ ទៅប្រទះនឹងសុភាទន្សាយៗសួរថា
«ថ្វីបងក៏បានជាយំ?» ។ បុរសនោះ ប្រាប់តាមដំណើរសព្វគ្រប់ប្រការ ។
សុភាទន្សាយសួរថា « គេឲ្យបងឯងទៅណា? » ។ បុរសនោះថា
«ឥឡូវគេប្រើឲ្យទៅរៀបបាយ » ។ សុភាទន្សាយថា « អើបងរៀបរួច
មកយកអញទៅផង អញទៅជួយជំនុំឲ្យ តែអញទៅមុខជាឈ្នះហើយ
បើបងឯងរៀបបាយមក ស្លកុំដាក់អំបិលប្រហុក ។
អំបិលប្រហុកដាក់ក្បែរខាងនោះស្លតែត្រីនិងបន្លែហើយ » ។
បុរសនោះឮសុភាទន្សាយអួតដូច្នោះក៏អរណាស់
ខំទៅរៀបបាយដូចបង្គាប់សុភាទន្សាយ
ហើយក៏យកមកជូនគេពីរនាក់នឹងសុភាទន្សាយ ។ ទៅដល់
ចៅក្រមឃើញសុភាទន្សាយមក ក៏សួរថា « បងទន្សាយមករកអ្វី?» ។
សុភាទន្សាយថា « មកជួយជំនុំក្តីលោក» ។ ចៅក្រមថា
«អើចាំស៊ីបាយរួចសិន» ។ ឯចៅក្រម ដល់ស៊ីបាយនោះទៅសួរថា
ស្លអ្វីក៏សាបម៉្លេះ ? » ។ សុភាទន្សាយឆ្លើយឡើងថា
« ភ្លើងឆេះលើកំពូលភ្នំថាក្តៅដល់, ចុះអំបិលប្រហុកដាក់ក្បែរនោះ
ម្តេចក៏បានជាមិនប្រៃដល់? » ។ សុភាទន្សាយឆ្លើយតែប៉ុណ្ណោះ
ចៅក្រមទាល់ប្រាជ្ញា ទើបកាត់សេចក្តីឲ្យបុរសនោះឈ្នះ
ឲ្យបានប្រពន្ធបុរសនោះ ។
ចេះឯង ឲ្យក្រែងចេះគេ