កាលពីព្រេងនាយ មានមនុស្សពីរនាក់ ម្នាក់ខ្វាក់ ន្នាក់ខ្វិន
នៅខ្ញុំចិនទាំងពីរនាក់ អស់អ្នកស្រុកគេហៅអាខ្វាក់អាខ្វិន
ប៉ុន្តែនៅម្ចាស់ដោយខ្លួន អាខ្វាក់នៅនឹងចិនផ្ទះមួយ
អាខ្វិននៅនឹងចិនផ្ទះមួយទៀតជិតគ្នា ។
អាខ្វាក់អាខ្វិនយកគ្នាជាសំឡាញ់ ។ ឯអាខ្វាក់ៗ ភ្នែកទាំងពីរ
មើលមិនឃើញអាខ្វិនៗជើងទាំងពីរ ដើរមិនរួច
បើនឹងទៅណាបានតែកិលនឹងគូថ ។ ចិនជាម្ចាស់ប្រើអាខ្វាក់អាខ្វិន
គ្មានប្រណីអាណិតថាខ្វាក់ថាខ្វិនសោះ ។
អាខ្វាក់អាខ្វិននឿយលំបាក់ណាស់ ក៏គិតគ្នាថា
« យើងនឿយហត់លំបាក់ណាស់ នឹងទ្រាំនៅជាខ្ញុំចិននេះមិនបានទេ
មានតែយើងគិតរត់» ហើយអាខ្វាក់សួរអាខ្វិនថា « បើដូច្នោះ
យើងនឹងគិតដូចម្តេច? » ។ អាខ្វិនឆ្លើយឡើងថា
« អញឃើញទូកគេនៅកំពង់នោះមាន យើងត្រូវរត់ទៅដោយទូកនោះ ទើបរួច» ។
អាខ្វាក់អាខ្វិនគិតគ្នាព្រមហើយ
លុះយប់ក៏បបួលគ្នាចុះតៅកំពង់ហើយចេញទូកពីកំពង់ទៅ
ប៉ុន្តែអាខ្វាក់អាខ្វិន ជាមនុស្សមិនចេះអុំទូក
ក៏អង្គុយម្នាក់ឯក្បាល ម្នាក់ឯកន្សៃ ឈមមុខទល់គ្នា ប្រឹងអុំទូកទៅ ។
អាខ្វាក់មើលមិនឃើញអាខ្វិនជាមនុស្សមិនដែលអុំទូកសោះ
ហើយយប់ងងឹតមើលមិនឃើញ គិតស្មានថា ទូកលឿនទៅមុខ
តែទូកចេះតែវិលនៅត្រង់កំពង់នោះឯង
លុះអុំយូរទៅដល់ពាក់កណ្តាលអាធ្រាត្រ ឮសំឡែងសត្វអកយំ
អាខ្វាក់អាខ្វិននិយាយគ្នាថា «យើងប្រឹងអុំទូកឡើង
ដល់កន្លែងអន្លង់អកហើយ» ។ អាខ្វាក់អាខ្វិន ខំអុំទៅទៀត
លុះដល់ពេលមាន់រងាវ ហើយនិយាយគ្នាថា « យើងជិតដល់ស្រុកគេហើយ
ប្រឹងអុំឡើងក្រែងគេតាមទាន់» ។ អាខ្វាក់អាខ្វិនក៏ប្រឹងអុំ
លុះត្រាតែមានរងាវកុះ ឮសម្លេងតាវ៉ៅយំ ភ្លឺព្រាងៗពីឯកើត
អាខ្វិនក៏និយាយប្រាប់ទៅអាខ្វាក់ថា « ដូចជាកំពង់ផ្ទះយើង» ។
លុះភ្លឺបន្តិចឡើងម្ចាស់ចុះមកដងទឹក
ឃើញអាខ្វាក់អាខ្វិនអង្គុយអុំទូកឈមមុខទល់គ្នា
ហើយគេហៅឲ្យអុំទូកចូលមក គេដឹងថា « អាខ្វាក់អាខ្វិនរត់
ប៉ុន្តែគេគិតថា វានឹងរត់ទៅឯណា បើវាខ្វាក់ខ្វិនដូច្នេះ»
គេក៏ឲ្យឡើងទៅផ្ទះវិញ គេមិនបានជេរវាយទេ ។
អាខ្វាក់អាខ្វិនទៅនៅដូចពីដើមវិញ ។ លុះនៅយូរទៅ
អាខ្វាក់អាខ្វិនបបួលគ្នារត់ទៀត អាខ្វិននិយាយនឹងអាខ្វាក់ថា
« យើងរត់ម្តងនេះទៀត កុំឲ្យម្ចាស់គេតាមទាន់ យើងកុំទៅជើងទឹក
ទៅចើងគោកវិញ» ។ អាខ្វាក់ឆ្លើយថា «ទៅដូចម្តេចនឹងបានជើងគោកនោះ
បើអញខ្វាក់ ឯងខ្វិននឹងរត់ទៅឯណារួច» ។ អាខ្វិនឆ្លើយឡើងថា
« ឯងកុំព្រួយចិត្ត ឯងឲ្យអញជិះលើឯង ហើយអញបង្ហាញផ្លូវ » ។
អាខ្វាក់អាខ្វិនគិតគ្នាព្រមហើយ លុះដល់យប់ស្ងាត់គេដេកលក់អស់
អាខ្វាក់លើកងាខ្វិនឲ្យជិះលើស្មា ដើម្បីឲ្យបង្ហាញផ្លូវនឹងដើរទៅ ។
ឯម្ចាស់លុះព្រឹកឡើង មិនឃើញអាខ្វាក់អាខ្វិន
ដឹងថាអាខ្វាក់អាខ្វិនរត់
ប៉ុន្តែគិតថា« មនុស្សខ្វាក់ខ្វិនវានឹងរត់ទៅណារួច»
គេក៏មិនទៅតាម ។
អាខ្វាក់អាខ្វិនខំរត់ទៅពីរបីថ្ងៃបានដល់ស្រុកមួយ ស្រុកនោះ
មានខ្លាសាហាវអ្នកស្រុកគេហាមប្រាម កូនចៅគេថា
« ព្រលប់យប់ងងឹតហើយកុំលេងនៅដីខ្លាចខ្លា» ។
អាខ្វាក់អាខ្វិនទៅដល់ស្រុកនោះ ជួនជាព្រលប់យប់ងងឹតហើយគិតគ្នាថា
« យើងដល់ស្រុកគេហើយ បើដូច្នេះ យើងគិតធ្វើស្រែ
តើយើងបាននង្គ័លរនាស់ក្របីគោពីណា
នឹងធ្វើស្រែនឹងគេមានតែយើងគិតលួចគេទើបបាន » ។
អាខ្វិនបញ្ចេះអាខ្វាក់ឲ្យដើរចូលទៅភូមិគេ អស់អ្នកស្រុកគេឃើញ
គេប្រាប់ថា « ស្រុកនេះមានខ្លាសាហាវណាស់» ។ អាខ្វិនឆ្លើយឡើងថា
« ឃ្លេមិនខ្លាចទៅខ្លាចខ្លា» ។
ខ្លាក៏ជួនជាមកលបខាំគោពេលនោះដែរ ដល់ឮអាខ្វាក់ថា
« ឃ្លេមិនខ្លាចទៅខ្លាចខ្លា» ក៏គិតគ្នាថា « ពីដើមគេខ្លាចតែអញ
ឥឡូវមានឃ្លេផ្សេង គេខ្លាចជាងអញទៅទៀត
អញមិនដែលឃើញមិនដែលឮសោះទេឃ្លេនោះ
បើដូច្នេះអញចាំលបមើលឲ្យឃើញច្បាស់ប្រាកដ» ។
អាខ្វិនឃើញក្រោលគោគេ ហើយប្រាប់អាខ្វាក់ថា « ឯងទៅលួចគោចុះ
អញចាំឯងនៅក្រោយរបងនេះ » ។ អាខ្វាក់ដាក់អាខ្វិនចុះ ហើយដើរស្ទាប!
ចូលទៅជួនជាជួបនឹងខ្លា ។ ខ្លាឃើញអាខ្វាក់ គិតស្វានថាជាឃ្លេ
ក៏ខ្លាចមិនហ៊ានកំរើកខ្លួនអាខ្វាក់ស្ទាប់អស់ទាំងខ្លួនខ្លាគិត
ស្មានថាគោ ហើយស្ទាបទៅលើក្បាលខ្លា មិនឃើញស្នែងនឹកអរថា
«គោនេះស្នែងនប់ធាត់ល្អណាស់ អញទុកជាអានប់កូនក្រោល»
អាខ្វាក់ក៏ចាប់ទាញខ្លាដឹកយកមកនឹងខ្លុះ ។
ឯខ្លាគិតខ្លាចអាខ្វាក់ដោយស្មានថាឃ្លេ
អាខ្វាក់ធ្វើម្តេចក៏ចេះតែទៅតាមអាខ្វាក់ដឹកមកដល់ក្រៅរបង
ហើយប្រាប់ទៅអាខ្វិន ឲ្យយកកន្លុះមកនឹងខ្លុះអានប់កូនក្រោល
អាខ្វិនឃើញហើយប្រាប់អាខ្វាក់ថា «អាខ្វាក់! ខ្លាទេ! » ។
អាខ្វាក់ឆ្លើយថា « បើឯងខ្លាច ឯងឲ្យកន្លុះមកអញៗ
នឹងចាក់ច្រមុះយកទៅភ្ជួរស្រែ» ។
អាខ្វិនក៏ហុចកន្លុះទៅឲ្យអាខ្វាក់ ។ បានកន្លុះហើយចាក់ច្រមុះខ្លា ។
ខ្លាឈឺច្រមុះទ្រាំមិនបាន ក៏ស្ទុះច្រឡោតស្រែកឮតែរ៉ូមៗ
ហើយរត់ទៅ ។ ក្នុងពេលនោះ អាខ្វិនខ្លាចស្ទើរនឹងស្លាប់
ប៉ុន្តែអាខ្វាក់មិនព្រម ចេះតែទន្ទេញថា
« ស្តាយអានប់កូនក្រោលអញធាត់ល្អណាស់ » ហើយក៏ទៅតាម ។
លុះទៅដល់កណ្តាលស្រែ បានឃើញខ្ទមស្រែគេមួយ មានទាំងរនាស់ហើយ
ឃើញអណ្តើកមួយ អាខ្វិនឃើញហើយនិយាយប្រាប់អាខ្វាក់ថា
« វ៉ីយអាខ្វាក់មានខ្ទមស្រែគេ ហើយមានខ្សែពួរ និងចង្អេរ សន្ធឹកផង »
។ អាខ្វាក់ថា « ចេះតែយកឲ្យអស់ » ។ អាខ្វិនប្រកែកថា
« យកធ្វើអ្វីធ្ងន់ឥតអំពើ » ។ អាខ្វាក់ថា « ធ្ងន់អីឯង
ធ្ងន់តែអញទេ ចេះតែយកទៅ » ។
ហើយអាខ្វាក់អាខ្វិនយករបស់ទាំងអស់មានបាយមួយឆ្នាំដែលគេដាំតុកនៅ
ជើងក្រានផង អាខ្វិនលាលកាន់យករបស់សព្វគ្រប់អស់ហើយ
ក៏ឡើងជិះលើអាខ្វាក់ទៀត ។
អាខ្វាក់ជាមនុស្សមានកម្លាំងខ្លាំងក៏យករបស់ទាំងអស់ទៅ
លុះដើរចូលព្រៃលេចវាលទៅត្រាតែភ្លឺ
បានជួបមនុស្សម្នាក់គេមកយកឃ្មុំ ។ អាខ្វិនឃើញប្រាប់អាខ្វាក់ថា
« នៃវ៉ីយមានគេមកយកឃ្មុំ»
អាខ្វាក់ឮហើយស្រែកហៅទៅអ្នកយកឃ្មុំថា « វ៉ីយចែកឃ្មុំគ្នាស៊ីផង»
អ្នកយកឃ្មុំឆ្លើយថា «គ្នាស៊ីតែទឹកទេ ទុកកាកឲ្យឯង»
ហើយអ្នកយកឃ្មុំដោះទុក្ខសត្វធំដាក់បំពង់ចុកជិតយកទៅឲ្យអាខ្វាក់
អាខ្វាក់កាន់យកទៅ លុះដើរលេចវាលចូលព្រៃ ថ្ងៃណាស់ហើយឃ្លានបាយ
ទើបនិយាយគ្នាថា «យើងស៊ីបាយសិន ឲ្យមានកម្លាំងសឹមទៅទៀត» ។
អាខ្វាក់ដាក់អាខ្វិនចុះ ហើយដាក់របស់ចេញពីខ្លួន
យកបំពង់ឫស្សីដែលអ្នកយកឃ្មុំឲ្យនោះ
ដោយស្មានថាជាសាច់ឃ្មុំមកស៊ីនឹងបាយ
ដល់ដកឆ្នុកឡើងធំស្អុយលាមក អាខ្វាក់ថា
កន្លែងសំណាក់នេះស្អុយលាមកហើយយើងទៅរកដំណាក់ឈប់ឯមុខទៀត» ។
អាខ្វាក់ចុកបំពង់លាមកហើយ
ក៏បបួលអាខ្វិនទៅឈប់ឯមុខទៀតដល់បន្តិចទៅអាខ្វាក់ថា
« អស់កម្លាំងឃ្លានបាយណាស់ រកកន្លែងឈប់ស៊ីបាយ»
អាខ្វិនក៏មើលឃើញម្លប់ល្អ
ហើយមានទឹកត្រពាំងល្មមស៊ីបាយបានអាខ្វិនទះកំភ្លៀងអាខ្វាក់ឲ្យ
តម្រង់ចូលទៅកន្លែងម្លប់ឈើនោះឯង
ដល់ហើយអាខ្វាក់ដកឆ្នុកបំពង់នោះឡើង ធុំស្អុយទៀត
អាខ្វាក់ប្រាប់ទៅអាខ្វិនដូចមុន
អាខ្វាក់អាខ្វិនចេះតែស្អុយដូច្នេះឯងពីរបីដង ។
ក្រោយទៀតអាខ្វាក់ឃ្លានបាយណាស់បបួលអាខ្វិនឈប់
ហើយដកឆ្នុកបំពង់យកដៃលូកទៅធុំស្អុយលាមកដឹងថាលាមកក៏ប្រាប់ទៅ
អាខ្វិនថា «វ៉ីយអាខ្វិន!អាដែលយកឃ្មុំនោះវាបញ្ឆោតយើង
ជុះលាមកដាក់បំពង់ហើយចុកមាត់បំពង់ឲ្យមកយើង» ។ អាខ្វាក់ខឹងណាស់
លាងដៃរួចហើយស៊ីបាយពីរនាក់នឹងអាខ្វិននិយាយគ្នាថា»
យើងស៊ីបាយឲ្យមានកម្លាំង រួចហើយយើងទៅតាមសម្លាប់អាចង្រៃ
ដែលវាបញ្ឆោតឲ្យលាមកយើង ឲ្យវាស្លាប់កុំឲ្យវាធ្លាប់
តែបញ្ឆោតយើងដូច្នេះ» ។
អាខ្វាក់អាខ្វិនស៊ីបាយហើយប្រញាប់ទៅរកអ្នកយកឃ្មុំនោះ
លុះទៅវង្វេងផ្លូវមិនដឹងជាទៅឯណា ។
អាខ្វាក់ឮសត្វសសេះចោះដើមឈើយកកណ្ឌៀស៊ី គិតស្មានថាអ្នកយកឃ្មុំ
ក៏ស្រែកហៅថា « ឯងមានចិត្ត ឯងចុះពីលើដើមឈើមក។
លុះដើរទៅដល់អាខ្វិនប្រាប់ថា «សត្វសសេះចោះដើមឈើទេ
មិនមែនមនុស្សទេ» ។ អាខ្វាក់អាខ្វិនដើរលេចវាលចូលព្រៃ
លេចព្រៃចូលវាល ទៅឆ្ងាយណាស់ក៏បានដល់ស្រុកគេមួយ ស្រុកនោះឯង
មានស្តេចគង់នៅនោះហើយមានយក្ខតែងមកស៊ីមនុស្សនៅសាលា។
ថ្ងៃដែលអាខ្វាក់អាខ្វិនទៅដល់នោះ
ស្តេចឲ្យយកនាងពៅជាព្រះរាជបុត្រីក្រមុំតែមួយ ជាបុត្រីសម្លាញ់
ប៉ុន្តែយក្ខវាចង់ស៊ី បើមិនឲ្យនាងពៅទៅយក្ខស៊ី
នោះយក្ខវានឹងស៊ីមនុស្សក្នុងនគរ ទាំងនាហ្មឺនទាំងស្តេច ។
នាងពៅអាណិតអស់រាស្រ្ត នូវនាហ្មឺននិងស្តេច បានជាមកឲ្យយក្ខស៊ី ។
ជួនជាថ្ងៃនោះឯងអាខ្វាក់ខ្វិនទៅដល់សាលានោះ
ហើយងាខ្វិនប្រាប់អាខ្វាក់ថា « យើងដល់សាលាសំណាក់ដែលគេឈប់
យើងក៏ល្មមពេលនឹងឈប់» ហើយអាខ្វាក់អាខ្វិនចូលទៅក្នុងសាលា ។
ឯនាងពៅនៅក្នុងស្គរ ឮមាត់អាខ្វាក់អាខ្វិនចូលទៅក្នុងសាលា ។
ឯនាងពៅនៅក្នុងស្គរ ឮមាត់អាខ្វាក់អាខ្វិននិយាយហើយសួរទៅថា
«អ្នកមកពីណា ត្បិតសាលានេះ
ស្តេចធ្វើសម្រាប់ដាក់មនុស្សឲ្យយក្ខវាស៊ីសព្វថ្ងៃ
តែដល់ព្រលប់យក្ខវាហោះមកឮសន្ទឹកដូចជាផ្គរ
វាមកស៊ីមនុស្សនៅសាលានេះ ឯខ្លួនខ្ញុំមកឲ្យជាចំណីយក្ខ
ដូច្នេះចូរអ្នកចេញទៅជាឆាប់
ខំតែនៅមុខជាយក្ខវាស៊ីជាចំណីវាមិនខានទេ» ។
ឯអាខ្វាក់ហេតុតែជាមនុស្សខ្វាក់ពីកំណើតមិនចេះខ្លាចអ្វីផង
មានកម្លាំងមានកម្លាំងមានរឹទ្ធិផង ឮហើយក៏ឆ្លើយថា ខ្លាចអីយក្ខនោះ
បើវាមក យើងមិនចេះកាប់វាឲ្យស្លាប់ទៅនាងឯងនៅឲ្យតែស្ងៀម
យកបាយចំណីចំណុកមកឲ្យយើងស៊ី
មានកម្លាំងនឹងកាប់យក្ខនោះឲ្យស្លាប់ នាងឯងរកតែដាវឲ្យមុតល្អ
យើងនឹងកាប់យក្ខនោះ» ។ នាងពៅឮអាខ្វាក់ថាដូច្នោះ ក៏ប្រាប់ទៅថា
«បើអ្នកសម្លាប់យក្ខនោះបាន
របស់ទ្រព្យទាំងប៉ុន្មានដែលគេយកឲ្យយក្ខនោះ
ខ្ញុំជូនអ្នកទាំងអស់» ។ អាខ្វាក់បានឮដូច្នោះអរណាស់
បង្គាប់ទៅអាខ្វិនថា
«ឲ្យយកបាយចំណីចំណុកមកស៊ីឲ្យមានកម្លាំងនឹងអាលសម្លាប់យក្ខ» ។
អាខ្វិនឮនាងពៅថា «យក្ខវានឹងមកស៊ី» ក៏ភ័យស្ទើរនឹងស្លាប់។
អាខ្វាក់ស៊ីបាយឆ្អែតហើយ បិទទ្វារសាលាទាំងអស់ ។
លុះដល់ព្រលប់ងងឹតបន្តិច ល្មមវេលាយក្ខមកស៊ីមនុស្ស
យក្ខហោះមកឮសន្ធឹកដូចព្យុះលាន់ខ្ទរទាំងដី ។ អាខ្វិនភ័យណាស់
ស្ទើរនឹងលេចអាចម៍លេចនោម, នាងពៅក៏សន្លប់នៅក្នុងស្គរ ។
អាខ្វាក់ឮសន្ធឹកយក្ខមកមិនខ្លាចសោះ អង្គុយចាំនៅមាត់ទ្វារ
លុះដល់យក្ខមកហើយ ឃើញទ្វារសាលាបិទ យក្ខស្រែកសន្ទាប់ដូចរន្ទះថា
« នរណាបិទទ្វារសាលាអញ? ។ អាខ្វាក់គ្មានខ្លាចស្រែកតបវិញថា
«អញបិទទ្វារសាលាអញខ្លាចអីឯង» ។ យក្ខឆ្លើយថា
«មនុស្សមកពីណាចិត្តធំដល់ម្ល៉េះ? » អញសុំមើលថ្លើមឯងប៉ុនណា
បានជាឯងចិត្តធំដល់ម៉្លេះ? » ។ អាខ្វាក់បោះចង្អេរគ្រាងធំទៅឲ្យ
យក្ខវាមើលខើញចង្អេរគ្រាងហើយ គិតក្នុងចិត្តថា
« ថ្លើមអានេះធំណាស់ សមខ្លួនវាធំជាងខ្លួនអញ «ហើយយក្ខថា
« បើថ្លើមឯងធំប៉ុណ្ណេះចៃឯងធំប៉ុនណា? ។
អាខ្វាក់បោះអណ្តើកទៅឲ្យយក្ខមើល ។ យក្ខស្មានថា ជាចៃមែន
ហើយគិតក្នុងចិត្តថា « ចៃវាធំប៉ុណ្ណេះសមខ្លួនវាធំមែន»
យក្ខសួរទៅទៀតថា «រោមជើងឯងធំប៉ុនណា»? ។
អាខ្វាក់បោះពួរដែលគេទាក់ក្របីទៅឲ្យយក្ខមើលហើយថា«រោមជើងអញ
ប៉ុណ្ណេះ» ។ យក្ខភិតភ័យរត់ត្រឡប់ទៅវិញ ។
អាខ្វាក់អាខ្វិនប្រាប់ទៅនាងពៅថា « យក្ខវាត្រឡប់ទៅវិញ ។
ត្បិតវាខ្លាចយើងបើដូច្នេះនឹងមានយក្ខមកទៀតឬទេ? » ។
នាងពៅក្រោកពីភ័យសន្លប់ឡើង ប្រាប់ទៅអាខ្វាក់ថា
« នៅមានយក្ខញីមួយទៀត យប់បន្តិចវានឹងមក» ។
អាខ្វាក់ឮនាងពៅប្រាប់ដូច្នោះ ក៏ប្រាប់ទៅអាខ្វិនថា
«ឯងទៅរើសថាវមួយ ឲ្យមុតធំវែងល្មមនឹងកម្លាំងអញ» ។
អាខ្វិនទៅរើសដាវឲ្យអាខ្វាក់ ។ លុះយប់យូរបន្តិចទៅ
យក្ខញីវាហោះមកឮសន្ធឹកដូចផ្គរ ។ អាខ្វាក់ឮសន្ធឹកយក្ខមកដូច្នោះ
ក៏ឈរកាន់ដាវចាំនៅមាត់ទ្វារ ហើយបិទទ្វារទុក
លុះយក្ខនោះមកដល់ហើយ វាច្រានទ្វារអើតកចូលមក
អាខ្វាក់ឮសន្ធឹកយក្ខច្រានទ្វារកាប់ស្មានទៅ
ត្រូវយក្ខដាច់កស្លាប់នៅទីនោះឯង ។ អាខ្វាក់អាខ្វិនដឹងថា
យក្ខស្លាប់ហើយក៏បបួលគ្នាយកទ្រព្យមាសប្រាក់នោះទៅ ។
លុះព្រឹកឡើងអាខ្វាក់ដាក់អាខ្វិនលើកហើយដើរទៅ
ឃើញដើមក្រសាំងមួយប្រាប់អាខ្វាក់ឲ្យចូលទៅនឹងចែករបស់គ្នា
លុះដល់ហើយ អាខ្វាក់ដាក់អាខ្វិនចុះពីលើកយករបស់មកចែកគ្នា
អាខ្វិនជាមេចំណែករើសរបស់ល្អនៅមុខខ្លួន
អាក្រក់ដាក់នៅមុខអាខ្វាក់ ហើយសួរទៅអាខ្វាក់ថា
«ឯងយករបស់ខាងមុខឯង ឬរបស់ខាងមុខអញ?» ។
អាខ្វាក់មានប្រាជ្ញាគិតថា អាខ្វិនវាយករបស់អាក្រក់ដាក់មុខខ្លួន
ក៏ប្រាប់ទៅអាខ្វិនថា «អញយករបស់នៅមុខឯង» ។
អាខ្វិនដឹងថាអាខ្វាក់យករបស់ល្អក៏ប្រាប់ទៅអាខ្វាក់ថា
«ចែកម្តងទៀត ចែកមុននោះមិនស្មើទេ» ហើយអាខ្វិនយករបស់ចែកម្តងទៀត
ដល់ចែកក្រោយទៀត អាខ្វិនយករបស់ល្អដាក់នៅមុខអាខ្វាក់ហើយសួរថា
«អាខ្វាក់ឯងយករបស់ខាងណា?» ។ អាខ្វាក់គិតថា
«ម្តងនេះអាខ្វិនយករបស់ល្អមកដាក់នៅមុខខ្លួន»
ហើយយកដៃស្ទាប់របស់នៅមុខនោះក៏ប្រាប់អាខ្វិនថា
«អញយករបស់នៅមុខអញ» ។
អាខ្វិនឃើញអាខ្វាក់បានរបស់ល្អក៏ឆ្លើយឡើងថា «ចែកមិនត្រូវទេ
ចែកម្តងទៀត»។អាខ្វាក់ឆ្លើយថា «ឯងចែកខ្លួនឯងហើយឯងថាមិនត្រូវ» ។
អាខ្វិនយករបស់ចែកជាថ្មីទៀត ហើយឲ្យអាខ្វាក់ថាដូចពីមុន ។
អាខ្វាក់ថាត្រូវតែលើរបស់ល្អ ។ អាខ្វិនប្រាប់អាខ្វាក់ថា
«មិនត្រូវទេ ចែកម្តងទៀត» ។ អាខ្វាក់អាខ្វិនប្រកែកគ្នាទៅវិញតៅមក
ពេលនោះផ្លែក្រសាំងជ្រុសមកត្រូវក្បាលអាខ្វាក់ៗគិតស្មានថាអាខ្វិន
វាយក៏ឆ្លើយថា «និយាយតែត្រឹមមាត់មិនអស់ចិត្ត
ដៃដល់ផងទៀត»ហើយអាខ្វាក់ស្ទុះទៅធាក់ដាល់អាខ្វិនទាល់តែទាខ្វិន
ត្រង់ដៃត្រង់ជើងទាំងអស់
ឯអាខ្វិនស្ទុះទៅដាល់អាខ្វាក់ត្រូវភ្នែកៗក៏ជាភ្លឺទាំងពីរឡើង
អ្នកទាំងពីរក៏បបួលគ្នាចែករបស់តាមល្អតាមអាក្រក់ស្មើគ្នាទាំង
ពីរនាក់ ហើយបបួលគ្នាដើរទៅទៀត ។ និយាយពីនាងពៅ
កាលក្រោយអាខ្វាក់អាខ្វិនទៅ
ដល់ព្រឹកភ្លឺមែនទែនឡើងអស់មនុស្សម្នាគេមកមើលនាងពៅនៅសាលា
ឃើញនាងនៅរស់ យក្ខពុំស៊ីបានឃើញឯយក្ខស្លាប់ចង្រ្គាងនៅមាត់ទ្វារ
អស់មនុស្សម្នាគេទៅក្រាបទូលស្តេចតាមដំណើរ
ស្តេចទ្រង់ឲ្យទៅយកនាងពៅពីក្នុងស្គរមក
ទ្រង់មានព្រះទ័យត្រេកអរណាស់ព្រោះព្រះរាជធីតាបានរួចពីស្លាប់
ទ្រង់មានព្រះបន្ទូលសួរនាងពៅថា «ដូចម្តេចបានជាកូនរួចពីស្លាប់
ហើយឃើញឯយក្ខស្លាប់ទៅវិញ?» ។
នាងពៅក្រាបទូលព្រះបិតាតាមដំណើរសព្វគ្រប់ ។
ព្រះរាជបិតាបានឮព្រះរាជធិតាក្រាបទូលដូច្នេះ
ទ្រង់ឲ្យប៉ាវគងរកអ្នកណាដែលសម្លាប់យក្ខនោះ
ទ្រង់នឹងព្រះរាជទានព្រះរាជធិតាជាប្រពន្ធ ហើយឲ្យសោយរាជ្យ ។
ឯអ្នកប៉ាវគងទៅក្នុងស្រុកតូចធំជួបនឹងចៅខ្វាក់ចៅខ្វិន
ហើយចៅខ្វាក់ចៅខ្វិនសួរថា
« មានកលិយុគកលិយាកអីបានជាស្តេចឲ្យប៉ាវគង?» ។
អ្នកប៉ាវគងប្រាប់ថា
«ស្តេចឲ្យប៉ាវគងរកអ្នកសម្លាប់យក្ខនឹងយកទៅឲ្យសោយរាជ្យ» ។
ចៅខ្វាក់ចៅខ្វិនឮក៏ត្រេកអរណាស់ប្រាប់ថា
« ខ្ញុំនេះហើយសម្លាប់យក្ខ កាលដើមខ្ញុំខ្វាក់ខ្វិន ឥឡូវជាហើយ
មិនជឿសោតមានទាំងរបស់ដែលខ្ញុំយកមកជាសម្គាល់ផង» ។
អ្នកប៉ាវគងនាំចៅខ្វាក់ចៅខ្វិនទៅថ្វាយស្តេចលុះទៅដល់ហើយចៅ
ខ្វាក់ចៅខ្វិន
យកទាំងរបស់ដែលយកអំពីសាលាចូលទៅគាល់ស្តេចគ្រាន់ជាសម្គាល់ៗ
ចៅខ្វាក់ចៅខ្វិនក្រាប់ថ្វាយបង្គំស្តេច
ស្តេចទ្រង់មានព្រះបន្ទូលសួរថា «ចៅឯងឬដែលសម្លាប់យក្ខ? » ។
ចៅខ្វាក់ចៅខ្វិនក្រាបទូលតាមដំណើរសព្វគ្រប់ ។
ស្តេចទ្រង់ឲ្យហៅនាងពៅមកឲ្យមើល ហើយទ្រង់សួរថា
«ចៅនេះឬដែលសម្លាប់យក្ខ?» ។ នាងពៅក្រាបទូលថា
«អ្នកនេះហើយដែលសម្លាប់យក្ខ ប៉ុន្តែកាលពីមុខគាត់ខ្វាក់ខ្វិន
ឥឡូវនេះមិនខ្វាក់ទេ» ។ ស្តេចទ្រង់ជ្រាប
ទ្រង់ផ្សំនាងពៅឲ្យជាជាយាចៅខ្វាក់ ឲ្យសោយរាជ្យជំនួសព្រះអង្គ ។
ដល់ចៅខ្វាក់បានសោយរាជ្យហើយ ឲ្យចៅខ្វិនធ្វើជាឧបរាជ
ត្បិតជាមនុស្សកំសត់កម្រផងគ្នា ក៏បានសេចក្តីសុខរៀងរាបដរាបទៅ ។
ភ្នែកសាច់មិនសម្រេចដូចភ្នែកប្រាជ្ញា