មាននិយាយថា កាលណោះមានស្ដេច ១អង្គមានគោញី១
ដែលទ្រង់ស្រឡាញ់អស់ពីព្រះរាជហឫទ័យ នោះព្រះករុណាទ្រង់ជ្រាបថា
នឹងចិញ្ចឹមគោញីនោះឲ្យបានល្អ គួរផ្ញើនឹងអ្នកស្រែស្រុកក្រៅ
នៅទីណាដែលមានស្មៅច្រើនល្អ ឲ្យគោនោះវាបានស៊ីឆ្អែតផង
ទ្រង់ព្រះចិន្ដាដូច្នេះហើយ
ទ្រង់ត្រាស់បង្គាប់ឲ្យចៅហ្វាយស្រុក១នាក់ឈ្មោះអ៊ុក
មានងារនៅខែត្រដែលមានវាលធំល្អមកទទួលគោញីនោះនាំទៅឃ្វាលឯ
ស្រុកស្រែ ចៅហ្វាយស្រុកចូលមកហើយ ទ្រង់មានព្រះបន្ទូលថា
ដ្បិតអញផ្ញើមេគោអញ ១
នេះឲ្យរាស្រ្តខែត្រចៅហ្វាយស្រុកឯងឃ្វាលរក្សា
តែសត្វនេះយ៉ាងល្អចំឡែកប្លែក ហើយអញស្រឡាញ់ណាស់ផង
ដូច្នេះឲ្យគេចិញ្ចឹមថែទាំឲ្យល្អ
ឲ្យប្រយ័ត្នបើមានឈ្មោះណា១មកប្រាប់ថាមេគោអញនោះវាស្លាប់
អញនឹងកាប់ក្បាលអានោះឥតឡើយ
ឮដូច្នេះហើយចៅងឮហ្វាយស្រុកក្រាបទូលទទួលថា ព្រះករុណាវិសេស
ហើយនាំគោញីនោះចេញទៅខែត្រវិញ មកដល់ហើយចៅហ្វាយស្រុកប្រមូលអស់
នាហ្មឺន មេស្រុក ជំទព់រាស្ត្រទាំងអស់ផ្ដាំថា គោញី ១
នេះរបស់លួងជាអំម្ចាស់
ទ្រង់បានផ្ញើឲ្យយើងឃ្វាលរក្សាថែទាំឲ្យស្រួលសប្បាយតទៅមុខ
សេចក្ដីនេះឲ្យនាហ្មឺនក្រម្ការ រាស្រ្ត
យកចិត្តទុកចិត្តជួយទាំងអស់គ្នា ឲ្យមេគោនេះចំរើនកុំខានឡើយ
តែមិនឈឺឆ្អាលរក្សាទេឲ្យទៅជាស្លាប់នោះ
ព្រះករុណានឹងឲ្យកាប់ក្បាលយើងទាំងអស់គ្មានប្រណីឡើយ ។
នោះនាហ្មឺនក៏រករើសភូមិណាដែរមានស្មៅច្រើនល្អយ៉ាងឯកឲ្យរាស្រ្ត
ភូមិនោះ យកមេគោរបស់លួងទៅឃ្វាលឲ្យសំខាន់
ឯរាស្រ្តក៏ចេះតែខំប្រឹងយកចំណីឲ្យមេគោនោះស៊ីតែរាល់គ្នា
សព្វថ្ងៃវេលានោះមេគោនោះវាឡើងជាធាត់ណាស់
ពុំចេះដើររកស្មៅស៊ីទេ
ចាំតែក្នុងរោងឲ្យរាស្រ្តយកអ្វីឲ្យវាស៊ី
ក៏រាស្រ្តចេះតែយកចំណីជាច្រើនពេញកញ្ជើការុង ជារាល់វេលា
យកស្មៅខ្ចីខ្លះ សំណាបខ្លះ ទំពាំងឫស្សីខ្លះ ស្រូវខ្លះ កួពោតខ្ចី ៗ
ខ្លះ ឯគោនោះវាស៊ីក្រៃពេក ទាល់តែស្លាប់ទៅដោយតែវាស៊ីហួស
ឃើញដូច្នេះរាស្រ្តតូចចិត្ត ទៅប្ដឹងជំទព់ ៗ
រត់ទាំងខ្លាចទៅប្ដឹងមេស្រុក ៗ
ភ័យណាស់ពុំហ៊ានទៅជំរាបលោកចៅហ្វាយ ទៅប្ដឹងត្រឹមស្មៀន ៗ
ភ័យពន្លឹកទៅជំរាបបាឡាត់ ៗ ឮតាមសេចក្ដីក៏ញ័រទាំងដៃទាំងជើង
ចូលទៅឯលោកចៅហ្វាយ ៗ ឃើញបាឡាត់ដូច្នេះក៏សួរថា
កើតគ្រោះអ្វីក៏លោកបាឡាត់ញ័រទាំងដៃទាំងជើងយ៉ាងម្ល៉េះ
នោះបាឡាត់ឆ្លើយទៅវិញថា ខ្ញុំប្របាទពុំហ៊ាននិយាយទេ
ឯចៅហ្វាយប្រាប់ថាមិនឥទេ ឲ្យលោកបាឡាត់និយាយចុះ
នោះបាឡាត់និយាយាថា សូមមេត្តាប្រោស
ដ្បិតមេគោព្រះករុណាវាស្លាប់ទៅហើយ
ឮដូច្នេះចៅហ្វាយស្រុកក៏ស្លុតញ័រសព្វសាច់ ស្រែកថា
ខ្ញុំអើយម្ដងនេះឃើញជាផុតជីវិតហើយ
ដ្បិតលួងជាម្ចាស់ជីវិតមានព្រះបន្ទូលផ្ដាំថា
បើនរណាទៅទូលថាមេគោនោះស្លាប់ នឹងឲ្យកាប់ក្បាល
យីខ្ញុំពុំព្រមទៅថ្វាយបង្គំក្រាបទូលតាមដំណើរទេ
ឲ្យលោកបាឡាត់ទៅចុះ ឯបាឡាត់ប្រកែក
ឯការដែលចូលទៅក្រាបទូលព្រះករុណាក្នុងវេលានេះ
ជាក្រសួងរបស់ចៅហ្វាយស្រុក ពុំគួរប្រើនាហ្មឺនណាទៅជួសឡើយ
ប្រកែកគ្នាទៅវិញទៅមកជាយូរខ្លាំងណាស់ ។
កាលណោះជួនជាកូនក្រមុំចៅហ្វាយស្រុកដើរលេងក្នុងច្បារជិតខាងសាលា
ខែត្រ ឮចៅហ្វាយស្រុកជាអាពុកក្សឹកក្សួលដូច្នេះ
ក៏នាងឡើងទៅលើសាលាសួរថា ឪអើយមានការអ្វីឲ្យបារមណ៍ចិត្តម្ល៉េះ
នោះចៅហ្វាយស្រុកប្រាប់មកវិញថា កូន្នើយអាពុកមានសេចក្ដីវេទនាណាស់
ដ្បិតគោញីរបស់លួងវាស្លាប់ទៅហើយ ឯព្រះករុណាបានផ្ដាំថា
បើអ្នកណាចូលទៅក្រាបទូលថាមេគោនោះស្លាប់
ព្រះករុណានឹងកាប់ក្បាលអ្នកនោះឥតប្រណី
ហេតុនេះបានជាអាពុកមានធុរៈជាខ្លាំងណាស់
ពុំព្រមចូលចូលទៅក្រាបទូលតាមសេចក្ដីទេ
ឮដូច្នេះហើយនាងឆ្លើយមកវិញថា កុំឲ្យអាពុកព្រួយចិត្ត
បើឪពុំហ៊ានទៅមិនឥទេ ខ្ញុំសូមទៅជួស ចៅហ្វាយស្រុកឃាត់
ពុំព្រមឲ្យនាងទៅ ក្រែងស្ដេចកាប់ក្បាលនាងតាមព្រះបន្ទូល
ឯចៅហ្វាយឃាត់យ៉ាងណាក៏នាងក៏ព្រមស្ដាប់
ចេះតែអង្វរឲ្យអាពុកបើកច្បាប់ឲ្យទៅ
ដល់ចៅហ្វាយទាល់គំនិតបើកកូនទៅតាមប្រាថ្នាចិត្តទៅ
នោះនាងរៀបដំណើរស្លៀកសំពត់ហូលល្អ បង់កកំាម៉ាព្រែយ៉ាងល្អ
ចូលទៅគាល់នៅអង្គុយស្ងៀមនឹងគេ
នោះស្ដេចទតឃើញនាងក្រមុំនោះមានរូបល្អណាស់មានព្រះបន្ទូលសួរថា
នាងមកពីណាអញពុំដែលស្គាល់មុខសោះ នោះនាងក្រាបទូលថា
ពរម្ចាស់ខ្ញុំម្ចាស់មិនមែននៅ ៗ ក្រុងទេ ខ្ញុំម្ចាស់នៅស្រុកក្រៅ
ខ្ញុំម្ចាស់ជាកូនចៅហ្វាយស្រុកឈ្មោះ អ៊ុក
នោះស្ដេចមានព្រះបន្ទូលសួរថា
ចៅហ្វាយស្រុកអ៊ុកដែលចិញ្ចឹមមេគោអញនោះឬឥ
នាងក៏ក្រាបក្រាបទូលថាពរម្ចាស់
ខ្ញុំម្ចាស់ជាកូនចៅហ្វាយស្រុកនេះឯង
នោះព្រះករុណាក៏ទ្រង់ព្រះសោមនស្សណាស់
សួរថាឯមេគោអញសព្វថ្ងៃនេះ មេគោព្រះករុណាវាពុំចេះផឹកទឹកទេ
ស្ដេចឮដូច្នេះឆ្ងល់ណាស់សួរទៀតថា វាស៊ីស្មៅស្រួលទេ
នោះនាងឆ្លើយឡើងវិញ វាពុំចេះស៊ីស្មៅទេ ស្ដេចសួរថា
បើដូច្នេះមេគោអញវាធ្វើអ្វី នាងទូលថាវាពុំចេះបន្ទោរមូត្រទេ
នោះស្ដេចក៏ឆ្ងល់រឹតតែខ្លាំងឡើង សួរថាអ្វីទៀត ឯនាងក្រាបទូលថា
មេគោនោះវាលែងបន្ទោរល្មក់ផង ស្ដេចក៏ស្រែកថា
ណ្ហើយមេគោអញវាពុំចេះផឹកទឹក ពុំចេះស៊ីស្មៅលែងនោម លែងជុសអាចម៍
នោះដូចជាមេគោអញវាស្លាប់ទៅហើយ នាងក៏ក្រាបទូលថា
សូមទ្រង់ព្រះមេត្តាប្រោសព្រះករុណាមានព្រះបន្ទូលថា
មេគោនោះវាស្លាប់ហើយ ឯខ្ញុំម្ចាស់មិនបានក្រាបទូលថាដូច្នេះសោះ
ហេតុនេះមិនមែនជាក្បាលខ្ញុំម្ចាស់ទេដែលគួរកាប់នោះ
ឮដូច្នេះហើយស្ដេចក៏ទ្រង់ព្រះសំរួលពុំមានខ្ញាល់ឡើយ
ទ្រង់ព្រះរាជទានរង្វាន់ទៅនាងវិញផង
ហើយមានព្រះបន្ទូលត្រាស់បង្គាប់ឲ្យទិមព្រះរាជរថ ១
នាំនាងវិលទៅផ្ទះវិញ ទ្រង់អភ័យទោសទាំងអស់ ។