មានបុរសម្នាក់ អ្នកស្រុកគេហៅថា << ចៅអាចម៍សេះ >>
ព្រោះនៅខ្ញុំសេដ្ឋីគេឲ្យឃ្វាលសេះ ប្រហែលជា៥០ក្បាល
គេឲ្យទៅសង់ខ្ទមនៅបៀតមាត់ទន្លេ ។
បុរសនោះព្យាយាមរំឭកគុណព្រះពុទ្ធ ទោះឃ្វាលសេះក្ដី
ធ្វើការអ្វីក្ដី តែងទន្ទេញជាប់ << អញទៅដេញសេះ
សម្មាសម្ពុទ្ធោ អញទៅលើកអាចម៍សេះ សម្មាសម្ពុទ្ធោ >>
ធ្វើការអ្វីៗក៏ទន្ទេញថា សម្មាសម្ពុទ្ធោដូច្នេះដរាបទៅ ។
ឯអាចម៍សេះនោះទៀតបុរសមិនលើកចោលទេ តែងកើបច្រកការុងទុក
បានជាច្រើន ។ថ្ងៃមួយមានសំពៅ៥០០ មកពីស្រុកចិន នាំទំនិញមកលក់ ។
បុរសស្រែកហៅថា << ឲ្យចូលមកនេះសិន >> ។
លុះសំពៅចូលមកសួរថា << អ្នករាល់គ្នា បើកសំពៅមកពីណា ?
>> ។ នាយសំពៅថា << មកពីស្រុកចិន>>។ បុរសថា
<< អ្នកស្គាល់ស្ដេចក្រុងចិនទេ ? >> ។ នាយសំពៅថា
<< ស្គាល់ ព្រោះខ្ញុំនៅជិតព្រះរាជវាំងដែរ >> ។ បុរសថា
<< ស្ដេចក្រុងចិននោះ ជាក្លើរអញ
ហើយជាមិត្រសម្លាញ់ថ្ងៃមុនរៀងមក បើអ្នកត្រឡប់ទៅស្រុកចិនវិញ
អញផ្ញើរបស់ទៅក្លើអញផង >> ។ នាយសំពៅនោះឆ្លើយថា បាទ !
ហើយនាំគ្នាចេញសំពៅទៅលក់ដូរ, មិនយូរប៉ុន្មាន
នាយសំពៅត្រឡប់មកវិញ ចូលទៅរកបុរសនោះ សួរថា <<
អ្នកឯងបានអ្វីផ្ញើទៅ? យកមកខ្ញុំទៅឥឡូវហើយ >> ។
បុរសថាខ្វះអ្វី ខ្ញុំរៀបដាក់ក្នុងការុងបម្រុងផ្ញើទៅ>>។
នាយសំពៅក៏ប្រើជើងឈ្នួលឲ្យជញ្ជូនដាក់សំពៅ
នូវរបស់ប្រហែល៤០០ការុង ដែលសុទ្ធតែការុងពេញដោយអាចម៍សេះ
ហើយក៏លាបុរសនោះ ចេញសំពៅទៅស្រុកចិន,
ដល់ទៅដំណាក់ផែស្ដេចក្រុងចិន ហើយក៏បោះយុថ្កា ឡើងទៅក្រាបទូលថា
<< មានក្លើព្រះអង្គ ផ្ញើរបស់ពីស្រុកខ្មែរមកថ្វាយ
ដាក់នឹងការុងច្រើនណាស់ >> ។ ស្ដេចក្រុងចិនឆ្ងល់ថា <<
អញមិនដែលទៅស្រុកខ្មែរទេ អញមានក្លើឯណានៅស្រុកខ្មែរ ?
>>ក៏មានព្រះបន្ទូលឲ្យទៅជញ្ជូនការុងអាចម៍សេះនោះ
មកដាក់គរនៅមុខព្រះលាន ទ្រង់ឲ្យស្រាយមាត់ការុងចាក់មើល
តើជារបស់អ្វីខ្លះ >> ដល់ស្រាយទៅ
ឃើញសុទ្ធតែដុំមាសគ្រប់ការុង ។
ស្ដេចមានព្រះទ័យត្រេកអររកទីបំផុតគ្មាន
ក៏ទ្រង់គិតក្នុងព្រះចិន្ដាថា<< នឹងបានអ្វីផ្ញើទៅគេវិញ,
មានតែព្រះរាជបុត្រីមួយ ព្រះជន្ម១៨ឆ្នាំ ព្រះរូប
ព្រះឆោមល្អលើសស្រីទាំងអស់ គិតផ្ញើទៅឲ្យគេ,
ហើយក៏ទ្រង់ចាត់ឲ្យជាងធ្វើស្គរមួយយ៉ាងធំពាសស្បែកសត្វទាំងសង
ខាង តែឲ្យមានកន្លែងបើកចេញចូលម្ខាងបាន
ហើយក៏ដាក់ព្រះរាជបុត្រីនោះទៅក្នុងស្គរ
មានទាំងកន្សែងបក់បោយមួយផង
ហើយចាត់បម្រើឲ្យបើកសំពៅយកទៅឲ្យចៅអាចម៍សេះ, បម្រើទៅដល់ហើយ
ក៏ស្រែកហៅបុរសនោះថា << ស្ដេចក្រុងចិនជាក្លើ
ផ្ញើស្គរមួយមកឲ្យអ្នកឯងវាយលេង >> ។
បុរសឮដូច្នោះក៏ត្រេកអរណាស់ ។ អ្នកបម្រើយកស្គរទៅចង
ក្នុងរោងសេះនោះ ។ បុរសនោះក៏ចេះតែវាយលេងទាំងនិយាយផងថា <<
ក្លើអញ ស្រឡាញ់អញផ្ញើស្គរនេះមកឲ្យអញវាយលេង >> ។
ថ្ងៃមួយ បុរសនោះវាយស្គរ ហើយចេញទៅឃ្វាលសេះ ។
នាងដែលនៅក្នុងស្គរចេញមក រៀបបាយទឹកទុកបម្រុងឲ្យបុរសនោះ
ហើយចូលទៅក្នុងស្គរ ចេញមក រៀបបាយទឹក មកវិញឃើញបាយគិតថា
<< នរណាអេះ មករៀបបាយឲ្យអញៗឃ្លានបាយ អញស៊ីហើយ >> ។
ឯនាងនោះធ្វើដូច្នេះជាច្រើនថ្ងៃ ។ បុរសនោះសង្ស័យនឹកថា <<
នរណា យកបាយឲ្យអញស៊ីរាល់ថ្ងៃម្ល៉េះ ? >> ចាំលបមើល
ក៏ឃើញនាងដ៏មានរូបល្អឯក ចេញពីក្នុងស្គរមក ហើយបក់បោយកន្សែង
ឲ្យកើតជាអាហារឡើងមួយរំពេច ។ បុរសនោះក៏ភ័យស្រែកថា <<
សម្មាសម្ពុទ្ធោ មកពីណាល្អម្ល៉េះ ? ហើយក៏រត់ទៅ ។ នាងនោះចេញតាម
បុរសនោះស្រែកថា << សម្មាសម្ពុទ្ធោ កុំចាប់អញ អាណិតអញ
លែងអញទៅ >> ។ នាងថា << ខ្ញុំមិនលែងទេ
អ្នកឯងជាប្ដីខ្ញុំហើយ ឪពុកខ្ញុំ
ឲ្យខ្ញុំមកនៅធ្វើជាប្រពន្ធអ្នកឯង
ព្រោះអ្នកឯងបានផ្ញើមាសប្រាក់ ទៅឲ្យឪពុកខ្ញុំច្រើនណាស់ >>
។ បុរសថា << ទេ ! ខ្ញុំមិនយកទេ >> ។
នាងនោះនិយាយលួងលោមច្រើនដង បុរសក៏ស្ងៀម,
នាងដឹកដៃបុរសនោះមករោងសេះវិញ ។ ក្នុងវេលាយប់នោះ
នាងអធិដ្ឋានកន្សែងបក់បោយ ហើយបក់ទៅ កើតជាប្រាសាទរាជវាំង
មានមនុស្សគឹកកងរំពងនៅក្នុងនោះ ។ ចៅអាចម៍សេះ ហើយនិងនាងនោះ
ក៏នៅលើប្រាសាទ មានមនុស្សបម្រើឆ្វេងស្ដាំ ។
អ្នកស្រុកទាំងពួងឃើញហើយ ភ្ញាក់ផ្អើលគ្រប់គ្នា
ក៏រត់ទៅប្រាប់សេដ្ឋីជាចៅហ្វាយបុរសនោះថា <<
មានកើតប្រាសាទរាជវាំង ត្រង់ខ្ទមចៅអាចម៍សេះនោះច្រើនណាស់
>> ។ សេដ្ឋីសង្ស័យ រត់ទៅមើលឃើញហើយក៏ភិតភ័យ
រត់ទៅទូលស្ដេចតាមរឿង ។
ស្ដេចទ្រង់ជ្រាប ទ្រង់ចាត់បម្រើ ឲ្យទៅពិនិត្យមើល ឃើញពិតដូច្នោះមែន ក៏មានព្រះទ័យទោមនស្សជាខ្លាំងថា << ឈ្មោះណា ហ៊ានមកសាងប្រាសាទរាជវាំងក្នុងនគរអញ មានតែអញទេជាស្ដេចក្នុងនគរនេះ >> ទើបទ្រង់ប្រជុំនាហ្មឺនសព្វមុខមន្រ្តី មានព្រះបន្ទូលចាត់ឲ្យរៀបរេហ៍ពល លើកទៅចាប់ទាំងព្រះអង្គក៏ស្ដេចយាងជាមួយផង ។ វេលានោះមានបម្រើទៅប្រាប់ចៅអាចម៍សេះហើយ នឹងប្រពន្ធចៅអាចម៍សេះបានឮ ក៏មានសេចក្ដីភិតភ័យណាស់ ។ នាងប្រាប់ប្ដីថា << កុំឲ្យភ័យទុកងារឲ្យខ្ញុំច្បាំងនឹងស្ដេចនេះវិញ នាងក៏រៀបខ្លួនចេញទៅ ហើយអធិដ្ឋានកន្សែងបក់ កន្សែងបោយឲ្យស្ដេចបរាជ័យ ព្រមទាំងរេហ៍ពល ។
ចៅអាចម៍សេះនិងនាងនោះ បានសោយរាជ្យជាស្ដេច ដោយអំណាចដឹងគុណព្រះពុទ្ធ ។
«ការខំប្រឹងប្រែង តែងមានផលច្រើន »
ស្ដេចទ្រង់ជ្រាប ទ្រង់ចាត់បម្រើ ឲ្យទៅពិនិត្យមើល ឃើញពិតដូច្នោះមែន ក៏មានព្រះទ័យទោមនស្សជាខ្លាំងថា << ឈ្មោះណា ហ៊ានមកសាងប្រាសាទរាជវាំងក្នុងនគរអញ មានតែអញទេជាស្ដេចក្នុងនគរនេះ >> ទើបទ្រង់ប្រជុំនាហ្មឺនសព្វមុខមន្រ្តី មានព្រះបន្ទូលចាត់ឲ្យរៀបរេហ៍ពល លើកទៅចាប់ទាំងព្រះអង្គក៏ស្ដេចយាងជាមួយផង ។ វេលានោះមានបម្រើទៅប្រាប់ចៅអាចម៍សេះហើយ នឹងប្រពន្ធចៅអាចម៍សេះបានឮ ក៏មានសេចក្ដីភិតភ័យណាស់ ។ នាងប្រាប់ប្ដីថា << កុំឲ្យភ័យទុកងារឲ្យខ្ញុំច្បាំងនឹងស្ដេចនេះវិញ នាងក៏រៀបខ្លួនចេញទៅ ហើយអធិដ្ឋានកន្សែងបក់ កន្សែងបោយឲ្យស្ដេចបរាជ័យ ព្រមទាំងរេហ៍ពល ។
ចៅអាចម៍សេះនិងនាងនោះ បានសោយរាជ្យជាស្ដេច ដោយអំណាចដឹងគុណព្រះពុទ្ធ ។