មានមនុស្សម្នាក់ ជាកូននៃអ្នកត្រកូលក្រីក្រ, បុរសនេះ
តាំងពីចម្រើនធំឡើង គ្មានរកស៊ីអ្វីសោះ
ខំប្រឹងសង្វាតតែខាងការបរបាញ់ ទាល់តែស្ទាត់ជំនាញ,
បើបុរសនោះបាញ់តម្រង់សព្វណា ចង់ឲ្យត្រូវក្បាល ត្រូវក ឬទ្រូង
រមែងត្រូវតាមបំណង, តែរូបឆោមលោមពណ៌បុរសនោះ
អាក្រក់មាឌស្គមកំព្រឹង សក់ក្រញាង មុខក្រញុះ
អ្នកស្រុកគេដាក់ឈ្មោះហៅថា «អាសំគមបាញ់លលក»
ព្រោះវាតែងដើរបាញ់លលករាល់ថ្ងៃ ។ ថ្ងៃមួយ អាសំគមបាញ់លលក
លីស្នាដើរទៅស្វែងរកបាញ់លលក បានប្រទះឃើញភូមិសេដ្ឋី១
មានដើមឈើដុះត្រសាយត្រសុំដង្គំដង្គោល
ជាទីលំនៅនៃបក្សីមានលលកជាដើម ។
សេដ្ឋីនោះជាអ្នកសម្បូណ៌សំបុកសម្បត្តិ
ព្រមទាំងមានកូនក្រមុំពីរនាក់ផង ។ អាសំគមបាញ់លលក
លីស្នាដើររសៀរតាមរបងភូមិសេដ្ឋី
ក៏ជួបជាកូនស្រីសេដ្ឋីទាំងពីរបណ្តើរគ្នាលេងតាមសួនច្បារ
ក្នុងភូមិរបស់ខ្លួន
ដ៏ដេរដាសដោយផ្ការីកស្គុសស្គាយផ្សាយក្លិនក្រអូបឈ្ងុយឈ្ងប់
នៅពេលព្រឹកព្រហាម។អាសំគមបាញ់លលកដើររសៀរតាមភូមិ ងើមមើលលើ
ក្រែងមានសត្វលលកទំនៅចុងឈើ ។ កាលបើអាសំគមបាញ់លលក
ងាកភ្នែកចុះឡើង ចោលកន្ទុយភ្នែកទៅក្នុងភូមិ,
ខ្សែភ្នែកក៏រត់ទៅប៉ះទង្គិចនឹងរូបរាងនាងក្រមុំទាំងពីរ
ដែលប្រកបដោយគ្រឿងតែងប្រាណ មានលំអស្រស់ស្រងៅ
ទាំងមណព្រលឹងសាច់ទ្រលុកទ្រលន់
នាំឲ្យភ្ញាក់កន្ទ្រាក់ដួងចិត្តប្រុសនៅវេលាឃើញដំបូង ។
ឯអាសំគមបាញ់លលក គ្រាន់តែចោលភ្នែកទៅប៉ះរូបនាងនោះភ្លាម
ក៏ស្រឡាំងកាំងភាំងស្មារតី ភ្លេចខ្លួន
ជ្រុះទាំងស្នាទាំងព្រួញដល់ដី ។ អាសំគមបាញ់លលក
តាំងពីបានឃើញកូនសេដ្ឋី ក៏ស្រឡាញ់ជាប់ក្នុងចិត្ត នឹកឥតភ្លេច
ហើយក៏ទៅដល់ផ្ទះ ថ្លែងប្រាប់ឪពុកម្តាយ
និយាយនឹងម្តាយឲ្យទៅដណ្តឹងកូនសេដ្ឋីឲ្យ ។ ម្តាយនិយាយនឹងកូនថា
«នៃកូន! ម្តេចក៏ឯងទៅស្រឡាញ់ កូនសេដ្ឋីអី ចេះ!
បើឯងក្រីក្រភោគសម្បត្តិ ទាំងរូបឯងទៀតក៏អាក្រក់ មិនសមនឹងកូនគេ
ធ្វើម្តេចគេនឹងឲ្យឯង ?» អាសំគមបាញ់លលក ក៏និយាយនឹងម្តាយថា «ម៉ែ!
បើម៉ែមិនទៅដណ្តឹងឲ្យខ្ញុំទេ ខ្ញុំក៏អស់ឃើញមុខម៉ែ,
ម៉ែក៏លែងបានឃើញមុខខ្ញុំ តាំងពីថ្ងៃនេះទៅហើយ » ។
ម្តាយដែលមានចិត្តអាណិតកូណ ឮកូននិយាយដូច្នោះ
ក៏ស៊ូកាត់កេរ្តិ៍ខ្មាស់ ទៅនិយាយស្នើការនឹងសេដ្ឋីៗ ក៏តបវិញថា
«ខ្ញុំឥតបើស្អប់ខ្ពើមអីកូននាងទេ ប៉ុន្តែកូនខ្ញុំៗ
នឹងឲ្យពុំបាន ត្បិតមិនទាន់គ្រប់ការ, ណ្ហើយនាង!
ប៉ុណ្ណេះទុកជាស្រេចចុះ កុំបាច់ទៅមកទៀត» សំដីប៉ុណ្ណេះ
ជាសំដីបង្វែងដានមិនចង់ឲ្យ ។ ម្តាយអាសំគមបាញ់លលក
ទញ់តុះគំនិតរកឧបាយកលនិយាយទៀតគ្មាន
ក៏លាសេដ្ឋីត្រឡប់ទៅផ្ទះប្រាប់កូន ។ អាសំគមបាញ់លលក
គ្រាន់តែម្តាយប្រាប់ដូច្នោះភ្លាម ក៏ផ្លាស់ទឹកមុខក្រៀមក្រំ
អង្គុយត្របោមក្បាលជង្គង់ ដង្ហើមឃូរៗ បាយលេងនឹក
ទឹកលេងស្រេកចេះតែនឹកមមៃៗ ហាក់ដូចជាកូនសេដ្ឋីនៅចំពោះមុខស្រស់ៗ
ដោយកម្លាំងសេចក្តីស្នេហាខ្លាំងពេក ហើយបែរជាមិនបានដូចបំណង ។
នៅវេលាដែលអាសំគមបាញ់លលកចូលដេក ក៏ចូលទៅទាំងនឹកអាល័យទៅជាមមើ
ស្រែកច្រៀងទាំងយប់ថា៖ «ឆោមអើយឆោមឆើតទាំងពីរប្រាណ
ធ្វើម្តេចនឹងបានមកកៀកកើយ ឲ្យដូចជាពូកនិងខ្នល់ខ្នើយ
បើម៉្លេះទៅហើយងស់សង្ឃឹម» ។ អាសំគមបាញ់លលក ទុកជាដឹងថា
គេលែងឲ្យហើយដូច្នោះ លុះព្រឹកឡើង ក៏នៅតែលីស្នា
និងស្ពាយបំពង់ព្រួញ ដើរទៅសំដៅភូមិសេដ្ឋីរាល់ថ្ងៃឥតខាន សោះ
ពួនចាំលបមើលកូនសេដ្ឋី ។ ថ្លែងពីបុរសម្នាក់ទៀត
ជាកូនអ្នកមានសម្បត្តិ ទាំងរូបឆោមនោះក៏ស័ក្តិសម
ទឹកមុខឡើងស្រស់បំព្រង ជាទីពេញចំណង់នៃស្រ្តីភាព ។
បុរសនោះក៏ស្រឡាញ់កូនសេដ្ឋីនោះដែរ លុះទៅដណ្តឹង
សេដ្ឋីក៏មិនព្រមឲ្យ ។ បុរសនោះ ទុកជាដឹងថាគេមិនព្រមឲ្យ
ក៏នៅតែលបមើលកូនសេដ្ឋីរាល់ថ្ងៃ ។ ចូនជាពេលមួយ
បុរសនោះក៏ទៅអាសំគមបាញ់លលកក៏ទៅ ហើយបានជួបគ្នា
អាសំគមបាញ់លលកសួរថា «អ្នកឯងទៅណា?» ។ បុរសនោះឆ្លើយថា
«ខ្ញុំមកលបមើលកូនសេដ្ឋី » ឆ្លើយហើយសួរថា
«ចុះឯងមកធ្វើអ្វីដែរ? » ។ អាសំគមបាញ់លលកថា
«ខ្ញុំក៏មកមើលកូនសេដ្ឋីដែរ» ។ បុរសនោះថា «យើ!រាងនេះ
អួតឯងចង់បានកូនសេដ្ឋីផង! ប៉ុនអម្បាលរូបខ្ញុំ គេនៅតែមិនឲ្យ» ។
អាសំគមបាញ់លលកថា «បងឯងចាំមើល ខ្ញុំយកទាល់តែបាន» ។
ជួនជាថ្ងៃនោះ សេដ្ឋីប្តីប្រពន្ធនាំគ្នាទៅវត្ត
នៅតែកូនក្រមុំពីរនាក់ចាំផ្ទះ ។ អាសំគមបាញ់លលកដឹងដូច្នោះ
កំពុងតែគិតរកឧបាយ
ក៏ចួនជាក្រឡេកទៅឃើញសត្វលលកមួយតំនៅចុងឈើមុខផ្ទះសេដ្ឋី ។
អាសំគមបាញ់លលក បានឱកាសក៏យឺតស្នាបាញ់ឮសូរក្លឹងបាប់
ស្រាប់តែលលកទធាក់ចើង ទទះស្លាបនៅទីធ្លាមុខផ្ទះ ។ លំដាប់នោះ
កូនក្រមុំសេដ្ឋីម្នាក់ចុះទៅដី ឃើញលលកនោះហើយ ក៏ស្រែកប្រាប់បងថា
«អ្នកបង! អ្នកណាបាញ់លលកធ្លាក់មកនេះ? » ថាហើយក៏រើសលលកទៅ ។
អាសំគមបាញ់លលកធ្វើដូចជាមិនដឹង ដល់គេបោចរួចហើយ
ស្រាប់តែឡូឡារកលលក ដែលខ្លួនបាញ់នោះថា «នរណាលួចលលកអញទៅណា?
តែអញរកឃើញមុខជាប្តឹងរាជការឲ្យយកទៅដាក់គុកពុំខាន » ។
នាងក្រមុំទាំងពីរនាក់ ឮដូច្នោះក៏ភ័យស្រែកប្រាប់ថា
«លលកបងឯងខ្ញុំយកមកនេះហើយ » ។ អាសំគមបាញ់លលកស្តីគំរាមថា
«ម្តេចក៏ហ៊ានលួចលលកអញ ត្រូវយកមកឲ្យអញ »
កូនស្រីសេដ្ឋីក៏យកលលកមកឲ្យ ។ អាសំគមបាញ់លលកថា «ទេ!
លលកអញនៅរោមនៅស្លាប ឥឡូវនាងឯងយកទៅបោចរោមស្លាបអស់ហើយ
ក្រែងតែអាំងឲ្យឆ្អិនឲ្យអញបានអញយក ។ «នាងក្រមុំទាំងពីរនាក់
ក៏យកទៅអាំង ឆ្អិនហើយយកមកឲ្យ ។ អាសំគមបាញ់លលកថា
«នរណាស៊ីតែសាច់លលក ក្រែងតែមានស្រាផឹកផង ទើបស៊ីកើត» ។
នាងទាំងពីរនាក់ ហេតុតែខ្លួនជាស្រីប្រកបដោយសេចក្តីភ័យច្រើន
ក៏ទៅយកស្រាមកឲ្យ
ឲ្យមួយពែងហើយថាមួយពែងទៀតទាល់តែស្រវឹងដួលដេកលើផ្ទះនោះទៅ ។
ឯនាងក្រមុំទាំងពីរនាក់គិតគ្នាថា
«បើយើងបណ្តោយឲ្យវានៅក្នុងទីហ្នឹង តែឪម៉ែមកវិញឃើញ
យើងមុខជាមានរឿង «គិតហើយ មិនដឹងយកទៅណា
ក៏នាំគ្នាសែងអាសំគមបាញ់លលក យកទៅលាក់ក្នុងផ្ទះ ។ ដល់ពេលយប់
អាសំគមបាញ់លលកដឹងខ្លួន ក៏ស្រែកថា «មូសខាំណាស់ » ។ កូនសេដ្ឋីភ័យ
ក្រែងឪពុកដឹង ក៏នាំគ្នាសែងទៅដាក់ក្រោមគ្រែដេករបស់ខ្លួន ។
អាសំគមបាញ់លលកស្រែកទៀតថា «សង្កើចខាំណាស់ » ។
នាងទាំងពីរនាក់ក៏លើកមកឲ្យដេកលើគ្រែ ក្នុងមុងជាមួយ ដោយគិតថា
វាស្រវឹងស្រា នឹងធ្វើអ្វី! ។ ពេលនោះ អាសំគមបាញ់លលកបានឱកាស
ក៏តាំងលូកប្រឡែងស្ទាបអង្អែល
ដោយសេចក្តីស្រឡាញ់ដរាបដល់បានរួមដំណេក
ជាមួយនឹងនាងក្រមុំទាំងពីរនាក់នោះទៅ ។
ចេះដប់មិនស្មើប្រសប់មួយ