កាលពីព្រេងនាយ មានបុរសង្នកស្រែម្នាក់
ប្រកបរបរចិញ្ចឹមជីវិតតែនឹងដាក់ជុយយកត្រី មកលក់ដូរប៉ុណ្ណោះ ។
បុរសនោះ មានកូនប្រុសពីរនាក់ កូនបង អាយុ ១៣ ឆ្នាំ កូនប្អូនអាយុ ១១
ឆ្នាំ ។ ប្រពន្ធស្លាប់ទៅ គាត់នៅពោះម៉ាយជាមួយ នឹងកូនទាំងពិរ
ហើយរកស៊ីចិញ្ចឹមកូនតែនឹងដាក់ជុយដដែល ។ វេលាដែលបុរសនោះ ទៅព្រៃ
រកវល្លិ៍ផ្តៅធ្វើជុច តែងយកកូនបងទៅជាមួយ,
ឯកូនប្អូនទុកឲ្យនៅចាំផ្ទះ ។ ថ្ងៃមួយ
កូនប្អូនមានសេចក្តីសង្ស័យនឹងឪពុកទៅព្រៃបោចវល្លិ៍ផ្តៅធ្វើជុច
ពេកណាស់ ព្រោះចង់ដឹងថា តើឪពុកធ្វើជុចយ៉ាងណា ខ្លួនមិនដែលឃើញសោះ
ក៏និយាយប្រាប់ឪពុកថា «ឪ! ខ្ញុំមិនហ៊ាននៅផ្ទះតែម្នាក់ឯងទេ
ខ្ញុំខ្លាចណាស់! សូមយកខ្ញុំទៅព្រៃជាមួយផង» ។
ឪពុកក៏ព្រមយកកូនប្អូនទៅជាមួយ ។ លុះទៅដល់ព្រៃឪ
ពុកក៏ខំប្រឹងរកបោចវល្លិ៍ផ្តៅបានហើយ
យកមកពុំច្រៀកជាចម្រៀតតូចៗ ល្មមនឹងធ្វើជាសរសៃជុយ
គាត់ក៏រែងធ្វើជាជុចទៅ ។
កូនបងដែលធ្លាប់តែតាមឪពុកទៅព្រៃធ្វើជុចសព្វៗថ្ងៃ
មិនដឹងជាឪពុកធ្វើជុចយ៉ាងណាឡើយ
ព្រោះមិនយកចិត្តទុកដាក់នឹងការងារនោះសោះគ្រាន់តែបានឃើញជុច
ជាប់ត្រីប៉ុណ្ណោះ ។
ឯកូនប្អូនដែលទើបតែនឹងបានតាមទៅក្នុងថ្ងៃនោះ ក៏ខំពិនិត្យ
មើលឪពុកធ្វើជុច ចាប់តាំងពីកាន់កាំបិតយកទៅកាប់វល្លិ៍ផ្តៅ
រហូតដល់កើតជារាងជុច យកទៅដាក់ត្រី ជាប់បានត្រីហើយ
យកត្រីមកដុតមកអាំង ចម្អិនជាចំណីអាហារ ។ ជួនជាថ្ងៃមួយនោះ
ឪពុកភ្លេចមិនបានយកដែកភ្លើងទៅ គ្មានអ្វីនឹងបង្កាត់ភ្លើង
អាំងត្រីឲ្យកូនបរិភោគ ក៏ទៅកាប់ឫស្សីស្ងួតមួយកំណាត់
យកមកកូតនឹងគ្នាឲ្យទាល់តែក្តៅ កើតជាភ្លើងឆេះបាន
ហើយគាត់បង្កាត់អាំងត្រី
ឲ្យកូនទាំងពីរនាក់បរិភោគចម្អែតផ្ទៃមួយពេលទៅ ។
ចំណេរចេរកាលមកខាងក្រោយ ឪពុកមានជំងឺជាទម្ងន់ ស្លាប់ទៅ ។
កូនទាំងពីរនៅកំព្រារញង់ ឥតមេបានឹងចិញ្ចឹមបីបាច់ថែរក្សា
រស់នៅដោយទ្រព្យបន្តិចបន្តួចដែលសល់ពីឪពុក
មិនយូរថ្ងៃខែប៉ុន្មានក៏អស់ទ្រព្យនោះទៅ ទើបប្អូននិយាយនឹងបងថា
«ឱបងអើយ! កាលពីដើមយើងបានឪពុកទំនុកបម្រុង
រកស៊ីចិញ្ចឹមយើងទាំងពីរនាក់យើងឥតមានសេចក្តីព្រួយលំបាកអ្វីឡើយ
ចាំតែបរិភោគស្រាប់ៗ ឥឡូវនេះឪពុកយើងស្លាប់ចោលទៅហើយ
ឯយើងទាំងពិរនាក់សោតទៀត
ក៏មិនទាន់ពេញកម្លាំងល្មមនឹងរកស៊ីចិញ្ចឹមជីវិតបានដោយខ្លួនឯង
ទាំងបងក៏នៅតូច
ទាំងខ្ញុំក៏នៅតូចនឹងទៅរកស៊ីឈ្នួលជួលព័ទ្ធអ្នកជិតខាង
ក្រែងគេមិនព្រមទទួល ពីព្រោះយើងជាមនុស្សកំព្រាអនាថា
រកទីពឹងគ្មាន គេមិនហ៊ានឲ្យនៅជាមួយ គេមិនទុកចិត្តយើង
ហេតុតែយើងគ្មានមេបាថែរក្សា បើដូច្នេះ តើបងគិតយ៉ាងណា
ឲ្យបានរស់នៅជាមួយនឹងគេឯង បង! អង្ករយើង ថ្ងៃនេះនៅតែ ១ ទូកដៃ
ល្មមតែល្ងាចនេះ, ថ្ងៃស្អែកគ្មានអង្ករដាំបាយបរិភោគទេ, បង!
ដើរសូមទានគេឬដូចម្តេចហ៎ះ! ខ្ញុំមិនទៅសូមទេខ្មាសគេណាស់
ស៊ូតែពីស្លាប់» ។ បងសួរប្អូន «ម្តេចក៏អូនថាយ៉ាងនេះ?» ។
ប្អូនឆ្លើយតបទៅនឹងបងថា «ខ្ញុំមានដៃពីរជើងពីរ គំនិតមារយាទ
ដូចអ្នកទាំងពួងដែរ» ។ «ឱ! ប្អូនឯងគិតយ៉ាងហ្នឹង?
ពិតមែនតែមានដៃពីរជើងពីរ គំនិតមារយាទដូចង្នកទាំងពួងមែនហើយ
តែខ្លួនយើងនៅតូចណាស់ មិនអាចនឹងពុនរែក កាប់គាស់
លីសែងអ្វីបានឡើយ » ។ «ឱ! បងអើយ សត្វចាបវាដែលទៅពុនរែក លី
សែងឯណាដែរឬ? ម្តេចក៏វាចិញ្ចឹមកូនវារស់ ហើយកូនវាទៀត
ធំឡើងរកស៊ីដូចមេវាទៀតបាន, ចុះបង
ម្តេចក៏មិនគិតដល់ការងាររបស់ឪពុកយើងផង ?» ។ «ប្អូន!
លាក់បាំងអី្វ! កាលពីខ្មោចឪយើងនៅរស់នៅឡើយ
គាត់រកស៊ីចិញ្ចឹមយើងតែនឹងដាក់ជុច
ប៉ុន្តែបងមិនដឹងថាគាត់ធ្វើជុច យកទៅដាក់ត្រីយ៉ាងណាទេ
បងចាំតែឆ្អិនតែម្ង ។ ម្យ៉ាងទៀតកាលគាត់យករបស់អ្វីមកធ្វើជុច
ក៏បងមិនចាំ ហើយគាត់ធ្វើជុចនោះមានសណ្ឋានបែបណា
ក៏បងមិនដឹងទាំអអស់, បើដូច្នោះ ឲ្យបងធ្វើដូចម្តេចកើត
ឃើញតែការសំទានរកស៊ីឈ្នួលគេហ្នឹងហើយ ដូចជាស្រួលគ្រាន់បើ ប្អូន!
ណ្ហើយចុះ! កាត់កេរ្តិ៍ខ្មាសសិនទៅចុះ
ទម្រាំយើងធំល្មរកស៊ីខ្លួនឯងបាន! ។ «ទេ!បង
ខ្ញុំមិនទៅសូមទានឬស៊ីឈ្នួលគេទេ ខ្មាសគេណាស់
ពីព្រោះពូជយើងមិនដែលសុំទាន
ឬស៊ីឈ្នួលគេបើទុកជាពីជីតាទួតលួតលាមក ធ្លាប់សុំទាន
ឬស៊ីឈ្នួលឲ្យកម្លាំងគេប្រើដូចជាសត្វតិរិច្ឆានក៏ដោយ
ខ្ញុំមិនព្រមប្រព្រឹត្តតាមបវេណីវង្សត្រកូលនោះដែរ, នៃបង!
ប្អូនគិតឃើញថា «កាលបើមានអ្នកសម្បុរសចិត្តល្អ ដាក់ទានឲ្យយើង ឬ
ក៏បានទៅច្រកកោននឹងចៅហ្វាយនាយ យើងក៏បានស្រួលបន្តិចទៅ,
តែបើប្រទះពារទៅលើអ្នកចិត្តតក់ម៉ក់អាក្រក់សំឡក់ភ្លែកស្លែ
ដូចភ្នែកមៀម គំហកគំរាមយើងដូចសត្វតិរិច្ឆាន
តើយើងយកមុខទៅទុកឯណា? ម្យ៉ាងទៀត អ្នកចិត្តល្អក្តី
អ្នកចិត្តអាក្រក់ក្តី កាលគេហុចរបស់មកឲ្យយើងដោយដៃគេ
យើងយកដៃទៅទទួលទានគេ ចុះដៃជាដៃ ជើងជាជើងមាត់ជាមាត់
ដូចគ្នាទាំងអស់ ម្តេចក៏ដៃគេគ្មានសំពេះសុំអ្នកណា?
មាត់គេមិនហានិយាយសុំអ្នកនា?
អន់អ្វីតែដៃជើងមាត់យើងជាងគេម្ល៉េះ ? បងគិតមើលចុះ
ប្អូនថាប៉ុណ្ណេះខុសឬត្រូវ?» ។ «បើដូច្នោះ
ប្អូនចេះចាំការងាររបស់ឪពុកយើងដែរឬ? »បងសួរទៅប្អូនវិញ ។ «អើ!
មិនងីទេបង! ប្អូនចាទាំងអស់, បងកុំព្រួយ! កុំគិតទៅសូមទាន
ឬស៊ីឈ្នួលឲ្យកម្លាំងគេប្រើ វាថោកខ្លួនណាស់
យើងនេះមិនមែនជាសត្វតិរិច្ឆាន គេវាយឯកើតវាយឯលិចដូចសុខនពេកទេ
ឪពុកគាត់ទុកកាំបិតព្រាឲ្យមួយដែរតើ! យើងទៅព្រួយង្វី
សត្វបើគ្រាន់ចិញ្ចឹមជីវិតមួយប៉ុណ្ណឹង ។ «អើ! បើយ៉ាងហ្នឹង
ប្អូនគិតការងារឪពុកទៅចុះ ។ ឯប្អូនជាក្មេងមានប្រាជ្ញា
ក៏ប្រារព្ធធ្វើជុចកើត យកទៅដាក់ត្រីបានដូចបំណង ។
លុះថ្ងៃក្រោយកន្លងមកទៀត ប្អូនអង្គុយគិតតែម្នាក់ឯង
មិនចេញវាចាប្រាប់បងសោះថា «ឪពុកអញ
គាត់ចេះធ្វើជុចដាក់ត្រីប៉ុណ្ណោះ ឯសត្វឯទៀតៗ
គាត់ដាក់ជុចមិនបានឃើញថា ប្រាជ្ញាគាត់នៅខ្សោយណាស់, បើដូច្នោះ
អញរកឧបាយនឹងធ្វើជុចដាក់សត្វម្រឹគ មានសត្វជ្រូកព្រៃ ឈ្លូស
រមាំងជាដើម ។ លុះគិតឃើញដូច្នោះហើយ ក៏និយាយប្រាប់បង «បង!
យើងគិតទៅរកដាក់ជុចឯព្រៃវិញ ក្រែងបានជាប់ជ្រូកព្រៃ ឈ្លូស រមាំង
ជាសត្វធំ ៗ មានសាច់ច្រើន» ។ បងក៏សុខចិត្តតាមប្អូនទាំងអស់
ព្រោះយល់ឃើញថា ប្អូនចេះចាំកិច្ចការរបស់ឪពុកពិតប្រាកដមែន,
ហើយក៏បណ្តើរគ្នាពិរនាក់បងប្អូន
ចូលទៅក្នុងព្រៃស្រោងជាទីរហោស្ថាន ។ ទៅដល់ពាក់កណ្តាលព្រៃ
បងស្រេកទឹកយ៉ាងខ្លាំង ក៏និយាយប្រាប់ប្អូនថា «ប្អូន!
បងស្រេកទឹកណាស់! រកទឹកឯណាផឹកបាន?» ។ ប្អូនឆ្លើយថា
«កាលឪពុកយើងរស់នៅ បើដើរទៅទីណាដែលគ្មានទឹក
គាត់តែងជីដីត្រង់កន្លែងណាសើមៗ យូរៗទៅ ចេញទឹកបាន, បើដូច្នេះ
បងជីលមើល!» ។ «ជីកឯណាកើត រប់អស់កម្លាំងយ៉ាងនេះ» ។ «អើ! បើដូច្នោះ
ចាំដើរទៅខាងមុខបន្តិចសិន ក្រែងជួនប្រទះទឹក» ។ ដើរបានបន្តិចទៅ
ក៏ជួបប្រទះត្រពាំងមយយមានទឹកថ្លា ពាសពេញដោយផ្កាឈូកផ្លែឈូក
បងប្អូទាំងបិរនាក់ ក៏នាំគ្នាងូតទឹក ផឹកទឹក
បេះផ្លែឈូកស៊ីតាមសប្បាយហើយក៏ទៅសម្រាននៅក្បែរមាត់ត្រពាំងនោះ
មួយស្របក់ ។ លុះមានកម្លាំងល្មនឹងដើរទៅទៀតបាន
ក៏នាំបងប្អូនដើរទៅ ទៅដល់ព្រៃធំមួយ ឈ្មោះព្រៃហិមពាន្ត
មិនដែលមានមនុស្សណាទៅដល់សោះ
បានឃើញពួកសត្វម្រឹគជាច្រើននៅអាស្រ័យក្នុងព្រៃនោះ
ប្អូននិយាយនឹងបងថា «បង! យើងឈប់នៅក្នុងព្រៃនេះហើយ
មើលទៅព្រៃនេះសម្បូណ៌សត្វម្រឹគិម្រឹគាណាស់,
យើងគិតធ្វើជាធ្នះមួយនៅលើចុងឆើ
ហើយខ្ញុំរកផ្តៅមកធ្វើជុចដាក់សត្វទាំងនោះ
យកមកធ្វើជាចំណីអាហារ» ។ ប្អូនធ្វើហើយ
ឲ្យបងនៅអាស្រ័យលើធ្នេះនោះទៅ ខ្លួនទៅរកបោចផ្តៅ
យកមកធ្វើជុចដាក់សត្វព្រៃ រៀបធ្វើជាចំណារចារជុំវិញព្រៃ
ហើយទុកតែផ្លូវ១ ល្មមសត្វនោះដើរចូលបាន
ដូចជាធ្វើកន្លែងដាក់ត្រីដែរ ។ ពេលនោះ
មានជ្រូកព្រៃមួយដើរសំដៅពីនាយមក
ហាក់ដូចជាគ្មានកោតក្រែងដល់អ្វីសោះ
ដើរមកតាមចន្លោះផ្លូវដែលកុមារនោះចារ ទៅដល់ត្រង់កន្លែងដាក់ជុច
ក៏ស្រាប់តែជាប់គ្នុងជុចកុមារ។
ជ្រូកនោះខំបម្រះននៀលរើយ៉ាងណាក៏មិនរួច
ជុចរឹតរួតជ្រូកព្រៃនោះយ៉ាងតឹង ស្ទើរតែដកដង្ហើមមិនរួច ។
មិនយូរប៉ុន្មានជ្រូកនោះក៏ដាច់ខ្យល់ស្លាប់ទៅ ។ កុមារទាំងពីរ
ឃើញជ្រូកព្រៃជាប់ជុចស្លាប់ដូច្នោះហើយ ក៏ត្រេកអរពេកណាស់
នាំគ្នាដោះអូសចេញពីជុច គិតយកមកអាំងឆ្អើរ ធ្វើជាអាហារបរិភោគ ។
ជូនជាវេលានោះ ដែកភ្លើងដែលដាក់ក្នុងហោប៉ៅអាវបង
ក៏អស់ប្រឆេះរលីង គ្មានអ្វីធ្វើភ្លើងនឹងបង្កាត់អាំងឆ្អើរជ្រូក,
បងទាល់គំនិត មិនដឹងគិតធ្វើយ៉ាងណា ។ ឯប្អូនជាក្មេងមានគំនិត
បានដឹងជាក់ប្រាកដពីកាលឪពុកនៅ នាំទៅព្រៃ
បើគ្មានភ្លើងបង្កាត់ចម្អិនអ្វីៗ
គាត់តែងទៅកាប់ឫស្សីស្ងួតមកកួតគ្នា ឲ្យកើតជាភ្លើង
ដុតអាំងបានតាមប្រាថ្នា ហើយបានចាំទុកក្នុងចិត្តរួចស្រេច ។
វេលានោះ ប្អូននិយាយប្រាប់បងថា «កាលពីឪពុកយើងគាត់នៅ
បើគាត់ទៅព្រៃគ្មានភ្លើងដុតអាំងអ្វីៗ
គាត់គាប់ឫស្សីយកមកកួតគ្នា ឲ្យកើតជាភ្លើងបាន, បើដូច្នោះ
បងទៅចាំសត្វក្នុងទីនេះចុះ
ខ្ញុំទៅរកកាប់ឫស្សីស្ងួតយកមកកួតធ្វើភ្លើងអាំង»
ថាតែប៉ុណ្ណេះហើយ ក៏ទៅរកកាប់ឫស្សីបានយកមក
ធ្វើតាមតម្រាឪពុកកើតមែន អាំងឆ្អើរជ្រូកនោះទៅតាមបំណង
ឆ្អិនបានបរិភោគក្នុងវេលានោះទៅ ។
កុមារទាំងពីរនៅអាស្រ័យក្នុងព្រៃនោះអស់កាលជាយូរបានសេចក្តីសុខ
សប្បាយ រកស៊ីតែនឹងដាក់ជុចសត្វព្រៃប៉ុណ្ណោះ ។
ពួកសត្វដែលដើរមកជាប់ជុចកុមារទាំងពីរនោះ
តាំងតែពីសត្វជ្រូកព្រៃ រមាំង ឈ្លូស រហូតដល់ដំរី ។ រាត្រីមួយ
កុមារប្អូនបានឃើញដំរីស្តមួយយ៉ាងធំ ដើរក្បែររធ្នះនោះ
ក៏មានបំណងចង់ស៊ីសាច់ដំរី ទើបនិយាយប្រាប់បងថា
«ខ្ញុំចង់ស៊ីសាច់ដំរីណាស់ ត្បិតមានដំរីស្តមួយយ៉ាងធំធាត់
ដើរមកក្បែរធ្នះយើងរាល់រាត្រី
ខ្ញុំគិតដាក់ជុចយកដំរីនេះឲ្យបាន» ។ បងនិយាយឃាត់ថា «ណ្ហើយប្អូន
កុំ!ដំរីនេះធំណាស់ ប្អូនដាក់វាមិនជាប់ទេ ឬថា
ប្រសិនជាវាដើរមកជាប់ជុចប្អូនហើយ វាបម្រះត្រដររួចទៅនោះ វាខឹង,
កាលបើវាខឹងហើយ ថ្ងៃក្រោយវាមកព្រេចធ្នះយើង,
ល្អិតល្អោចខ្ទេចខ្ទី ហើយវាជាន់សម្លាប់យើង ស៊ីជាចំណីអាហារ
ពុំលែងឡើយ» ។ «ទេ មិនអីទេបង កុំព្រួយ! នៅឲ្យតែស្ងៀមទៅចុះ
ចាំមើលខ្ញុំធ្វើជុចដាក់ដំរីនេះឲ្យទាល់តែបាន » ។
ប្អូនថាដូច្នោះហើយ ក៏រកកាប់ផ្តៅក្រែកយ៉ាងធំៗ យកមករែងធ្វើជុច
ដាក់ត្រង់កន្លែងដែលដំរីគោចរ ។ ឯដំរីដែលដើរមកសព្វរាត្រី
ឥតមានគិតក្រែងអ្វីសោះឡើយ ដោយគិតថា «ព្រៃនេះ ស្រេចលើអញហើយ
គ្មានអ្នកណាជាចំបងលើអញទៀតទេ»
ក៏ដើរតម្រង់ត្រង់មកកន្លែងដែលកុមារដាក់ជុច
ស្រាប់តែចូលទៅក្នុងជុច ជាប់ខ្លួនចង្អៀតណែនក្តន់
ខំបម្រះននៀលស្រែករោទិ៍រំពងព្រៃធំយ៉ាងណា ក៏មិនរួច,
មិនយូរប៉ុន្មានដាច់ខ្យល់ស្លាប់ទៅ ។ កុមារទាំងពីរនាក់
បានឃើញដំរីជាប់ជុចស្លាប់ហើយ បបូលបងប្អូនបំពក់ភ្លើងភ្នក់យ៉ាងធំ
ដុតឆ្អើរដំរី ។ វេលានោះ ក្លិយឈ្ងុយសាច់ដំរី
ក៏ផ្សាយរហូតភពជាទីអាស្រ័យនៃយក្ស
ដែលមានអំណាចគ្របសង្កត់ពួកយក្សឯទៀតៗ ។ យក្សនោះលាន់មាត់ថា
ថ្ងៃនេះធុំក្លិនអ្វី ក៏ឈ្ងុយឈ្ងប់ម្ល៉េះ?
មានអ្នកណាឆ្អើរសាច់ឯណាអេះ? បើដូច្នេះ អញនឹងទៅរកមើល
ក្រែងបានមួយចម្អែត ពីព្រោះសាច់នេះក្លិនឆ្ងាញ់ណាស់
ហើយដោយស្មានទៅប្រហែលជាច្រើនផង
បានជាធុំក្លិនផ្សាយមកដល់ទីអញយ៉ាងនេះអញទៅគំរាមយកស៊ីទាំងអស់
កុំឲ្យអ្នកឆ្អើនេះនោះវាបានស៊ី » គិតដូច្នេះហើយ
ក៏ចាប់យកដំបងពេជ្រ គ្រវីហោះឡើងលើអាកាសវេហាស៍ ងាកមើលចុះឡើង
ឃើញផ្សេងហុយៗ ត្រង់ព្រៃធំ ក៏ហោះចុះសំដៅទៅត្រង់កន្លែងផ្សែងនោះ
ក្រឡេកមើលទៅឃើញក្មេងតូចពីរនាក់កំពុងឆ្អើរដំរី, គិតថា«ថ្ងៃនេះ
ពេញជាមហាលាភហើយ បានទាំងចំណី បានទាំងម្ចាស់, បើដូច្នេះ
តើអញនឹងស៊ីដំរីមុន ឬស៊ីក្មេងមុនអេះ? បើស៊ីដំរីមុន
ក្រែងក្មេងនេះវាភ័យនឹងអញ រត់ពួនបាត់តៅ ឥឡូវនឹងស៊ីក្មេង
គ្មានអ្វីគ្រាន់ធ្វើជាបង្អែម សម្រាប់លាងមាត់ខាងក្រោយ» ។
នៅទីបំផុតនោះ យក្សសម្រេចចិត្តថា«ណ្ហើយ! អញស៊ីដំរីមុនចុះ
ទុកក្មេងស៊ីក្រោយជាបង្អែមវិញ ទើបជ្រះមាត់ស្រួល, ក្មេងនេះ
វាមិនមែនរត់ពួនទៅឯណាឡើយ
ទុកជាវារត់ពួនកន្លែងណាក៏មិនកំបាំងនឹងភ្នែកអញដែរ,
វាមកពីស្រុកភូមិរបស់មនុស្សលោក ចូលមកដល់ព្រៃនេះម្ល៉េះហើយ
វារត់ទៅណានឹងរួច»
ទើបយក្សចូលទៅគម្រាមកុមារដែលកំពុងឆ្អើរដំរីនោះថា
« វ៉ីអាក្មេងច្រមក់! អាឯងមកពីណា? ដើរចេញឲ្យឆាប់» ។
កុមារទាំងពីរដើរចេញពីទីនោះទៅ ។ ប៉ុន្តែ
កុមារបងមានសេចក្តីភិតភ័យតក្កមា
ព្រោះខ្លួនស្គាល់ច្បាស់ជាយក្សហើយ បានដឹងប្រាកដអំពីសម្នាក់ចាស់ៗ
គេនិយាយប្រាប់ថា «យក្សខ្លួនធម មានចង្កូមពីរ
សម្រាប់ស៊ីមនុស្សលោក» តែមិនចេញវាចាប្រាប់ប្អូនឡើយ ។
ចំណែកខាងកុមារប្អូនគិតថា «មនុស្សនេះមកពីណា រូបរាងធំគម្រាំង
ធ្មេញធំៗ សស្ងាចប៉ុនៗចបកាប់ ភ្នែកឡើងក្រឡោតៗ ក្រហមត្លែត
ដូចភ្នែកអាអូត ស្បែកមុខឡើងគគ្រីតគគ្រាត ដូចស្បែកគីង្គក់
ដងខ្លួនដូចក្របីដេកភក់ សំឡេងឮគ្រក់ៗ ដូចជាទឹកដក់ក្នុងរន្ធឈើ
ដុះពុកមាត់ ពុកចង្កាស្រមេមស្រមាម ដូចបីសាចរាជភូត,
អានេះប្រហែលជាមិនខ្លាចកោតញញើតចិត្តអញទេ
បានជាហ៊ានមកនិយាយកំហែងអញដូច្នេះ, មិនអីទេ!
អាឯងព្រហើនហ៊ានស៊ីដំរី» ។
កុមារប្អូនថយចេញពីកន្លែងនោះមិនឆ្ងាយប៉ុន្មាន
ទៅឈរមើលយក្សស៊ីដំរី តែក្នុងចិត្តនឹកខ្នាញ់ពេកណាស់
មិនទាន់ចេញស្តី ថាដូចម្តេចៗឡើយ គ្រាន់តែនឹកក្នុងពោះប៉ុណ្ណោះ ។
ពេលនោះយក្សសួរថា «នៃអាក្មេង! អាឯងធ្វើដូចម្តេច
បានជាបានដំរីនេះយកមកឆ្អើរ?» ។ ពេលនោះកុមារតូចបានឱកាស
ក៏ឆ្លើយតបទៅយក្សវិញថា «ពូឯងសួរចង់ដឹងអ្វី? គិតតែបរិភោគទៅចុះ!
កុំចាំបាច់ដឹងហេតុការណ៍អ្វីឡើយ» ។ «យើ! អាច្រមក់! ប្រាប់ឲ្យឆាប់ៗ
អញស៊ីអាឯងឥឡូវនេះហើយ» យក្សសួរគំរាមកុមារតូច ។ «អើ! ដំរីនេះ
វាដើរមកជាប់ជុចខ្ញុំ» កុមារឆ្លើយតបនឹងយក្ស ។ «យីអើ!
អាឯងធ្វើជុចដូចម្តេចក៏ដាក់ដំរីបាន អាឯងនិយាយកុហកទេឬ?
ក្រែងដំរីវាស្លាប់ខ្លួនវាទេដឹង?
ហើយអាឯងនិយាយបញ្ឆោតអញយ៉ាងនេះទៅ មើលអាឯងនិយាយឲ្យត្រង់កុំហុក
តែកុហក អញស៊ីឯងទៀត ឥឡូវនេះមិនខាន» ។ «ខ្ញុំមិនចេះនិយាយកុហកទេ,
ពូឯងមើលចុះ! ជុចខ្ញុំនៅឯណោះហ្ន៎» ។
«ប្រាកដជាអាឯងដាក់ជុចដំរីនេះបានមែន? »
យក្សសួរសង្កត់សង្កិនកុមារ ។ «មែន»
កុមារឆ្លើយតបយ៉ាងយកជុចមកហើយប្រាប់យក្សថា «ពូឯងចងដឹង
ចូលទៅក្នុងជុចខ្ញុំលងមើល!» ។ ដោយហេតុតែការមើលងាយថា
«សត្វបើជុចសរសៃរ៉ើងៗប៉ុណ្ណោះ អញគ្រាន់តែកម្រើក
ក៏ដាច់ខ្ទេចខ្ទីដែរ» ថាហើយក៏ត្បុលក្បាលចូលទៅក្នុងជុច
ផុតដៃផុតជើងទាំងអស់
ស្រាប់តែជុចរឹតរួតតឹងខ្លួនដូចគេចាក់ស្រែះ
បម្រះននៀលបាក់ឈើព្រៃល្អឹតល្អោច ស្រែកទ្រហោរំពងព្រៃ,
រឹទ្ធិយក្សដែលធ្លាប់ពូកែយ៉ាងណា ក៏ប្របូលយកមកអស់
ថែមទាំងនឹកសូធ្យមន្តរបៀនសិល្បសាស្រ្ត
ដែលធ្លាប់ចេះធ្លាប់រៀនមកប៉ុន្មាន ក៏នៅតែរើមិនរួចពីជុចនោះ
រឹតតែតឹងឡើងៗ ស្ទើរនឹងដាច់ខ្យល់រកតែស្តីនិយាយស្ទើរតែមិនរួច ។
យក្សទើបដឹងថា«ជុចក្មេងនេះ ពូកែមែន
បើអញមិននិយាយអង្វរឲ្យវាស្រាយជុចនេះចេញទេ
នឹងស្លាប់អាសារឥតការមិនខាន» ទើបនិយាយអង្វរកុមារថា «ឱលោកអើយ!
កាលពីដើម ខ្ញុំមើលងាយជុចលោកដោយ គិតឃើញថា
មើលទៅមិនល្មមនឹងកម្លាំងខ្ញុំសោះ, ហេតុតែសេចក្តីមើលងាយនេះហើយ
បានជាខ្ញុំស្ទើរតែស្លាប់ខ្លួនយ៉ាងនេះ, ហេតុនេះ
សូមលោកអាណិតខ្ញុំម្តងទៅចុះខុសម្តងឆ្គងមួយថ្ងៃ
សូមលោកអធ្យាស្រ័យឲ្យតែរស់ជីវិត កុំឲ្យតែខ្ញុំស្លាប់» ។ ឯកុមារ
បានឃើញយក្សបម្រះននៀលមិនរួចអំពីជុចរបស់ខ្លួនហើយ
ថែមទាំងឮនិយាយអង្វរទៀត កាំបិតនៅដៃ និយាយតទៅនឹងយក្សវិញថា
«ម៉េចអាឯងជឿអញទេ? ឥឡូវ មកធ្វើជានិយាយអង្វរ, ឯសាច់ដំរីអញ
ឯងស៊ីអស់ ហើយគិតនឹងស៊ីអញទៀត អាឯងថ្លើមធំណាស់
អញមិនយកអង្វរអាឯងទេ, ល្ងាចនេះ អញគ្មានអ្វីស៊ីសោះ
ម្តងនេះអញស៊ីថ្លើមអាឯងហើយ ចុះមកបង!
ទៅរកកាប់ឫស្សីមកធ្វើត្រណោត ដោតថើ្លមអាខូចនេះអាំងស៊ី» ។
បងក៏ចុះពីធ្នះមកទាំអភ័យញញីញញ័រដល់មកជិតប្អូនឃើញយក្សគួរ
សម្បើម ក៏រឹងរឹតតែញាប់ញ័រ ។ ប្អូននិយាយថា «ឈប់បង!
កុំញ័រចង់ស៊ីសាច់វាពេក ឈប់សិន! ចាំឆ្អិនសិន, ហ៎!
ញ័រចង់អ្វីទៀតហើយ! កុំញ័រអ្វីពេក ហើយស៊ីឆៅមិនឆ្ងាញ់ទេ
ហើមពោះពុងណា៎បង!» ។ យក្សឮសម្តីកុមារនិយាយនឹងបងដូច្នោះហើយ
រឹងរឹតតែភិតភ័យស្លុតព្រលឹង ហើយនិយាយអង្វរកុមារទៀតថា
«ឱលោកម្ចាស់ថ្លៃអើយ! សូមលោកអាណិតខ្ញុំ យកតែបុណ្យម្តងទៅចុះ,
ខ្ញុំនឹងជូនកន្លែងបក់កន្សែងបោយមយួ
ឲ្យតែលោកលែងខ្ញុំឲ្យបានរស់មានជីវិត, ត្បិតខ្ញុំជាស្តេចយក្ស
គ្រប់គ្រងអាណាប្រជានុរាស្រ្ត
បើលោកឲ្យខ្ញុំស្លាប់ទៅសមជាស្រុកទេសរបស់ខ្ញុំអន្តរធានមិនខាន
ទាំងកូនប្រពន្ធខ្ញុំទឪត ក៏ពុំមានទីពឹង» ។
កុមារប្អូនសួរបញ្ជាក់យក្សថា
«ចុះឯងឲ្យកន្សែងបក់កន្លែងបោយដល់យើង កន្លែងនោះ បើបក់បោយទៅ
អាចឲ្យសម្រេចប្រយោជន៍ដូចម្តេចខ្លះ?» ។ «តាមតែលោកចង់បានអ្វី
បក់មក បានតាមប្រាថ្នា បើចង់ឲ្យបាត់ទៅវិញ គ្រាន់តែបោយថា
ទៅវិញចុះ ក៏ស្រាប់តែបាត់អស់រលីង» ។ «ប្រាកដជាឯងឲ្យយើងមែនឬ?» ។
«មែន» ។ «ក្រែងកុហកអញទេដឹង?» ។ «មិនកុហកទេលោក» ។ «បើកុហក
តើឲ្យយើងធ្វើដូចម្តេច? យើងមិនទុកចិត្តទេ
ពីព្រោះឯងជាស្តេចសោយរាជ្យ ក្រែងរួចពីកណ្តាប់ដៃយើងទៅ
បបួលរេហ៍ពលមកច្បាំងនឹងយើងវិញ? បង! យកកាំបិតមកពន្លះសាច់វា
អាំងស៊ីសម្រន់សេចក្តីឃ្លាន១ស្របក់ សិន» ។
បងនោះនៅតែមិនទាន់បាត់ភ័យនឹងយក្ស ។
យក្សឮកុមារតូចឲ្យបងយកកាំបិត មកពន្លះសាច់ខ្លួនដូច្នោះ
ក៏ញាប់ញ័រស្ទើរបាត់ស្មារតី ហើយនិយាយអង្វរកុមារនោះទៀតថា
«សូមលោកទុកតែជីវិតឲ្យចុះ
ខ្ញុំនឹងប្រគល់រាជ្យទាំងអស់ព្រមទាំងស្រុកសួយទាំងអម្បាលម៉ាន
ជូនលោកទៀត ខ្ញុំសូមរួចតែខ្លួននឹងភរិយាបុត្រីបុត្រា
ហើយនៅធ្វើជាសេនារក្សាលោកទៀត » ។ កុមារប្អូនក៏សួរបញ្ជាក់យក្សថា
«បើឯងនិយាយទៀតត្រង់មែន ណ្ហើយ! យើងអត់ទោសឲ្យបាន,
តែយើងមិនដឹងជាឯងស្តេចសោយរាច្យនៅនគរណា
ចុះធ្វើម្តេចឲ្យយើងទៅតាមយកនគរឯងបាន? » ។ «ឱលោក
មិនសល់ក្រអ្វីនឹងអញ្ជើញទៅឯនគរខ្ញុំនោះទេ
ឲ្យតែលោកលែងខ្ញុំចុះ
ខ្ញុំនឹងធ្វើតម្រុយជាលំអានរហូតដល់ទៅរនគរខ្ញុំឯណោះ » ។
«ឯងធ្វើតម្រុយបែបណា?» ។ ខ្ញុំកាច់មែកឈើសស់បោះ ហែៗ
តាមផ្លូវទៅកាលបើលោកអញ្ជើញទៅ
សូមទៅតាមមែកឈើដែលខ្ញុំកាច់បោះនេះចុះ »។ កុមារទាំងពីរ
ក៏ព្រមដោះយកចេញពីជុច ។ ឯយក្សបានរួចខ្លួនពីជុចហើយ
ក៏ក្រាបថ្វាយបង្គំកុមារទាំងបីរ ដើរទៅនគរខ្លួនវិញ
ហើយកាច់មែកឈើជាតម្រុយ ដើម្បីជាទីសម្គាល់ដល់កុមារទាំងពីរប្រាណ
ឥតមានកុហកភូតភរអ្វីឡើយ
លុះដល់ទៅនគរហើយចូលទៅនិយាយប្រាប់ពួកពលសេនាយោធាទាហាន
ដេលនៅចាំក្លិងទ្វារទាំង ៧ ជាន់ថា «នែវ៉ីយ!
ថ្ងៃស្អែកនេះមានក្មេងតូចៗ ពីរនាក់ ជាក្មេងមនុស្សលោក
មកដណ្តើមរាជ្យអញ បើឯងឃើញវាមកហើយ ត្រូវឃាត់កុំឲ្យវាចូល
តែកុំធ្វើទុកបុកម្នេញវាឡើយ គ្រាន់តែស្រែកឃាត់ប៉ុណ្ណោះបានហើយ
ពីព្រោះក្មេងនោះពូកែណាស់ អម្បាលអញដែលមានរឹទ្ធី
មានអំណាចច្បាំងដណ្តើមយកនគរឯទៀតៗ បាន
មកធ្វើជាប្រទេសរាជទាំងប៉ុន្មាន
ក៏វាដាក់ជុចអញជាប់ស្ទើរតែនឹងស្លាប់អសារឥតការ,
តែពួកឯងរាល់គ្នាឃាត់វាល្បងមើលសិនចុះបើវាមិនខ្លាចទេ
បើកផ្លូវឲ្យវាចូលមកចុះ» ។
យក្សបានប្រាប់គ្រប់សេនាអ្នកចាក្លោងទ្វារទាំង៧
ជាន់សព្វគ្រប់ហើយ ក៏ចូលទៅក្នុងប្រាសាទ សម្ងំដេកលក់
ស្រមុកកក្រើកប្រឹថពី ។ ឯកុមារបងប្អូនទាំងពីរនាក់
ក៏បណ្តើរគ្នាទៅនគរយក្សតាមតម្រុយមែកឈើ
លុះបានទៅដល់ហើយក៏ជួបប្រទះនឹងពួកកងទ័ពមួយកង
ដែលនៅចាំក្លោងទ្វារទី៧ នោះកុមារបង
កាលបានឃើញយក្សច្រើនដល់ម្ល៉ោះ
ក៏ភ័យញាប់ញ័រស្ទើរនឹងបាត់ស្មារតី, ប្អូននិយាយកម្លាបងឡើងថា
«នែបង កុំញ័រចង់ពេក! ឈប់! កុំអាលចង់ចាប់កាប់ធ្វើបាបវា ឈប់ៗ កុំៗ
យើបង! ស្ទើរតែឃាត់មិនឈ្នះណ្ហើយ កុំញ័រចង់ពេក វាខ្លាចបងឯងហើយ»
។ ពួកទាហាន យក្សបានឮកុមារនិយាយដូច្នោះ ក៏ខ្លាចរួញខ្លួន
ឥតហ៊ានមាត់កអ្វីសោះ
បើកផ្លូវឲ្យកុមារទៅដោយស្រួយរហូតដល់ទៅទ្វារក្នុងគម្រប់៧ជាន់
យក្សខ្លាចទាំងអស់ ។ ទើបនាំបងប្អូនឡើងទៅលើប្រាសាទយក្ស
ឃើញយក្សកំពុងដេកស្រមុកខ្ទ័រប្រាសាទ
ឃើញពួកស្រីស្នំកំពុងតែអង្គុយបក់ខាងស្តាំមួយរយ ខាងធ្វេងមួយរយ ។
ឯបងឃើញយក្សច្រើនសម្បើមណាស់ពេក ក៏ភ័យស្លុតស្មារតី
ប្អូនស្រែកហៅយក្សថា «នែ! អានេះក្រោកឡើង !
អញមកដល់ហើយដេកដល់ណាទៀត» ។ យក្សឮសំឡេងកុមារតូចស្រែកហៅខ្លួន
ដែលកំពុងដេកលក់ដូច្នោះ ក៏ភ្ញាក់ដឹងខ្លួនឡើង ក្រឡេកមើលទៅ
ស្គាល់ជាក់ជាកុមារម្ចាស់ជុច ក៏ភិតភ័យមហិមា
ស្ទុះមកម្នីម្នាក្រាបថ្វាយបង្គំកុមារតូចទាំងពីរ
ហើយប្រាប់ពួកស្រីស្នំដែលកំពុងអង្គុយគាល់
ប្រើអមាត្យឲ្យហៅពួកសេនាបតី នាហ្មឺនមុខមន្រ្តី ព្រាហ្មព្រឹទ្ធ
បុរោហិត បណ្ឌិតកវី ឲ្យចូលមកក្នុងបុរីយ៉ាងឆាប់វៃៗ ។
លុះពួករាជសេវកាមាត្យមកជួបជុំគ្នាសព្វគ្រប់ហើយ
យក្សស្រែកប្រកាសថា
«អ្នករាល់គ្នាចូរក្រាបថ្វាយបង្គំស្តេចមនុស្សទាំងពីរនាក់នេះ
ហើយត្រូវគោរពកោតខ្លាចយកចិត្តតុកដាក់ឲ្យដូចជាខ្លួនអញ
ត្បិតអញប្រគល់រាជ្យ ឲ្យស្តេចមនុស្សលោកនេះសោយហើយ ។
អញសូមរួចតែខ្លួនប៉ុណ្ណោះទេ,
ឯអ្នកទាំងអស់ត្រូវនៅជ្រកក្រោមម្លប់បុណ្យស្តេចមនុស្សលោកនេះចុះ»
។ ពួករាជសេវកាមាត្យទាំងអស់
ក្រាបថ្វាយបង្គំកុមារទាំងពីរគ្រប់គ្នា ឥតមាននរណាមួយ
ហ៊ាននិយាយថាដូចម្តេចឡើយ ។ យក្សក៏បានរៀបពិធីអភិសេកជាឯកមង្គល
ប្រជុំពួកពលយោធាជាអនេកប្រការ
ហើយប្រគល់ធីតារបស់ខ្លួនឲ្យជាមហេសី ។
ប៉ុន្តែកុមារប្អូនមិនសោយរាជ្យខ្លួនឯងទេ ឲ្យបងសោយរាជ្យវិញ
ព្រោះយល់ឃើញថា បងបានចិញ្ចឹមបីបាច់ថែរក្សាខ្លួន ។ កុមារទាំងពីរ
សឹងនៅជាសុខសប្បាយក្នុងនគរយក្សនោះ រហូតអវសានកាលទៅហោង ។
គិតគ្រប់សព្វដោយផ្លូវ ក្តីចន្លោះកុំបីមាន