Google Search:

Wednesday, November 27, 2013

រឿងមនុស្សលោក


កាលពីព្រេងនាយមានកុមារីម្នាក់អាយុ ១៤ឆ្នាំម្តាយប្រើទៅអោយជីកដម្លូង។ ក្មេងនោះរៀបចបរួចស្រេចចេញដើរ​ទៅរកដម្លូង ទៅដល់ព្រៃធំមានដម្បូកមួយមានរូងជ្រៅ។ កុមារីនោះទៅជីកដម្លូងនៅជើងតម្បូកនោះរបូតផ្លែចបជ្រុះធ្លាក់​ទៅក្នុងរូងនោះ។ នាងនោះមិនដឹងធ្វើដូចម្តេចក៏ស្រែកប្រកាសថា «លោកណាជួយយកផ្លែចបអោយខ្ញុំបាន ខ្ញុំនឹងសងគុណ លោក»​។ ស្រែកតែប៉ុណ្ណោះ មានខ្លាចាស់មួយ ដំបៅក្បាលរុយបែងដង្កូវចុះគគ្រិច ចេញមកពីក្នុងព្រៃប្រាប់ទៅនាងនោះថា «នាង! តាយកអោយបានផ្លែចបនោះ តែបើតាយកបានគ្រាន់តែនាង​ឯងរកចៃអោយបានហើយតាមិនចាំបាច់យកគុណ​ពីចៅទេ»។ នាងឮខ្លាថាដូច្នោះ ក៏និយាយថា «ឱលោកតាអើយ! អោយតែលោកតាជួយយកអោយបានចុះ »។ ខ្លានោះយក ផ្លែចបបានពីក្នុងរូងអោយទៅនាងនោះ ហើយអោយនាងនោះរកចៃអោយ។ នាងនោះក៏យកបន្លាមកឆ្កិះដង្កូវនៅដំបៅ ក្បាលខ្លានោះ ។ ខ្លានោះចេះតែសួរនាងថា «នាងដំបៅតាស្អុយបឬក្រអូប? » ដំបៅនោះស្អុយណាស់ ប៉ុនែ្តនាងនោះឆ្លើយ​ទៅវិញថា « ក្រអូបណាស់លោកតា ។ ខ្លានោះចេះតែសួរនាងចេះតែថាក្រអូប ។ លុះឆ្កិះដង្កូវអស់ទៅ ខ្លានោះបាត់ឈឺបាត់ រមាស់ ហើយនិយាយប្រាប់នាងនោះថា នាង! យកជាលមួយមក តានឹងដាក់ដម្លូងអោយ​ » ។ នាងនោះយកជាលមួយមក អោយខ្លាៗ ដាក់សុទ្ឋតែមាសប្រាក់ពេញជាលនោះ ចងមាត់ជាលជាប់ អោយទៅនាងនោះរួចប្រាប់នាងថា «នាង! នាង យកជាលនេះទៅផ្ទះហៅបងប្អូនមកជុំបិទទ្វារអោយជិតសឹមបើក ។ នាងនោះលាខ្លាដើរទៅដល់ផ្ទះ ហៅបងប្អូនមកជុំ រួចក៏បើកជាលនោះ ដល់បើកទៅបានសុទ្ឋតែមាសនិងប្រាក់ចាយគ្នា ។ លុះយូរបន្តិចដឹងទៅដល់ស្រីឯទៀត ដែលមាន កូនក្រមុំស្រីនោះបញ្ឆោតកូនក្រមុំថា « ហងឯងមើលកូនគេ ៗ ទៅជីកដម្លូងបានមាសប្រាក់យកមកចែកបងប្អូនគេ ហង ទៅជីកដម្លូងបានតែដម្លូងគ្មានបានខ្មោចអ្វីទេ » ។ ថ្ងៃក្រោយស្រីនោះអោយកូនទៅជីកដម្លូងដូចនាងនោះទៀត លុះទៅ ដល់បានជួបប្រទះនឹងខ្លាមុននោះទៀត ក៏ធ្វើជាជ្រុះចបដូចនាងមុនហើយថា « លោកណាយកចបអោយខ្ញុំ ៗ នឹងសង​គុណលោក ។ ខ្លានោះឮហើយក៏មកយកអោយ រួចអោយនាងនោះចាប់ដង្កូវអោយ ។ ខ្លាសួរដូចពីមុនថា « នាង! ដំបៅតា ស្អុយឬក្រអូប? » ។ នាងនោះឆ្លើយថា « ស្អុយណាស់ ។ ខ្លាឮដូច្នោះ នាងយកជាលមួយមក តានឹងដាក់មាស​ប្រាក់អោយ «នាងយកជាលអោយខ្លា ៗ ចាប់សុទ្ឋតែពស់វែកដាក់ពេញជាលហើយអោយទៅនាងនោះប្រាប់​ថា​ « នាងយកទៅផ្ទះហៅបងប្អូនមកជុំបិទទ្វារអោយជិត សឹមបើក « នាងនោះទៅដល់ផ្ទះហើយប្រាប់ម្តាយ ម្តាយ​អរណាស់អោយបងប្អូនមកជុំបិទទ្វារបើកជាលមើល ពស់វែកចេញមកចឹកមនុស្សទាំងអស់នោះស្លាប់ទៅ៕
ចចើងចង់លោភរែងបាត់ធនទៅ

Saturday, April 27, 2013

រឿងឳពុកក្មេករើសកូនប្រសារ

កាល​ពីព្រេងនាយ​ មាន​តា​ចាស់​ម្នាក់​ និង​ដូន​ចាស់​ម្នាក់​ នៅ​ស្រុក​មួយ ។ តា​ចាស់​យាយ​ចាស់​នោះ​ មាន​កូន​ក្រមុំ​ម្នាក់​ រូប​ល្អ​ណាស់​ អ្នក​ណា​ទៅ​ដណ្ដឹង​ក៏​គាត់​មិន​ព្រម​ឲ្យ​គាត់​ថា << អ្នក​ណា​តម​មិន​ជេរ​ម្ដាយ​គេ​បាន​ ទើប​គាត់​ឲ្យ​កូន​ជា​ប្រពន្ធ​អ្នក​នោះ >> ។ ជួន​ជា​ថ្ងៃ​មួយ​នោះ​ មាន​កម្លោះ​ម្នាក់​ រូបរាង​ស្អាត​បាត​ ចូល​ទៅ​ដណ្ដឹង​កូន​គាត់ៗ​ថា << អើ​ អញ​ឲ្យ​ឯងៗ​ កុំ​ព្រួយ​ចិត្ត​ ប៉ុន្តែ​ឯង​ត្រូវ​តម​ជេរ​ម្ដាយ​គេ​ ហើយ​ទទួល​បម្រើ​អញ​តាម​ពាក្យ​អញ​ ទើប​បាន​អញ​ឲ្យ​ឯង​ បើ​តម​មិន​បាន​អញ​ផ្ដាច់​មិន​ឲ្យ​ឯង​ទេ​ អញ​ប្រាប់​ឯង​ឲ្យ​ដឹង​ជា​មុន, លុះ​ក្រោយ​ទៅ​ ឯង​កុំ​ថា​អញ​កាច​ណា >> ។ កម្លោះ​នោះ​ថា << ខ្ញុំ​បាទ​តម​ជេរ​ម្ដាយ​គេ​បាន​ ហើយ​ធ្វើ​ការ​អ្វីៗ​ ក៏​បាន​ទាំងអស់​ ខ្ញុំ​បាទ​ទទួល​សព្វ​គ្រប់​ប្រការ​ តាម​ប្រសាសន៍​លោក​ឪពុក >> ។តា​នោះ​ថា << អើ​បើ​ឯង​តម​ជេរ​ម្ដាយ​គេ​បាន​មែន​ ឯង​ទៅ​សិន​ចុះ​ ព្រឹក​ត្រូវ​ឯង​មក​វិញ​ពី​ព្រលឹម >> ។ កម្លោះ​នោះ​ ក៏​លា​វិល​ទៅ​ផ្ទះ​វិញ ។ ព្រឹក​ឡើង​ កម្លោះ​នោះ​មក​វិញ​ ចូល​ទៅ​បម្រើ​ឪពុក​ម្ដាយ​ក្មេកៗ​នោះ​ ប្រើ​កូន​ក្រមុំ​គាត់​ឲ្យ​រៀប​បាយ​ទឹក​ ឲ្យ​អ្នក​កម្លោះ​នោះ​ស៊ីៗ​រួច​ហើយ​តា​នោះ​ ក៏​ប្រាប់​ទៅ​កូន​ប្រសារ​ថា << នែ​កូន ! ចូរ​កូន​ទៅ​ចាប់​ក្របី​ទៅ​ភ្ជួរ​ស្រែ, កូន​ឯង​ភ្ជួរ​ដរាប​ដល់​ថ្ម​នៅ​ឯ​ស្រែ​នោះ​យំ​តេវៗ​ ហើយ​សឹម​ឯង​ដោះ​ក្របី >> ។ អ្នក​កម្លោះ​ទៅ​ចាប់​ក្របី​មក​ទឹម​ហើយ​ទៅ​ភ្ជួរ​ស្រែ​តាំង​ពី​ព្រលឹម​ដល់​ ថ្ងៃ​ត្រង់​ក៏​ថ្ម​ពុំ​យំ, ក្របី​ដើរ​ពុំ​រួច​ក៏​ថ្ម​ចេះ​តែ​ឈឹង​ពុំ​យំ​សោះ ។ អ្នក​កម្លោះ​ឃ្លាន​បាយ​ណាស់​ទ្រាំ​ពុំ​បាន​ជេរ​ម្ដាយ​ថា <<ម្ដាយ​អា​ថ្ម​នេះ​កាលណា​នឹង​យំ​ឡើង>>។កម្លោះ​នោះ​ជេរ​តែ​ ប៉ុណ្ណោះ​តា​នោះ​ក៏​ស្ទុះ​ចេញ​ពី​ក្រោយ​ថ្ម​មក​ថា << ណ្ហើយ​ចុះ ! ឯង​ដោះ​ក្របី​លែង​ ហើយ​ទៅ​ផ្ទះ​ឯង​ចុះ​ អញ​ផ្ដាច់​កូន​ហើយ​ ត្បិត​ឯង​តម​ជេរ​ម្ដាយ​មិន​បាន >> ។ កម្លោះ​នោះ​ក៏​ដោះ​ក្របី​លែង​ ហើយ​ទៅ​ផ្ទះ​វិញ ។ ថ្ងៃ​ក្រោយ​មក​ មាន​កម្លោះ​ម្នាក់​ចូល​ទៅ​ដណ្ដឹង​កូន​តា​នោះ​ទៀត​ គាត់​ក៏​បង្គាប់​ដូច​កម្លោះ​មុន, តែ​អ្នក​កម្លោះ​ក្រោយ​គេ​មាន​ប្រាជ្ញា​ គេ​ទៅ​ភ្ជួរ​ស្រែ​វេច​បាយ​ទៅ​ស៊ី​ផង​ លុះ​ភ្ជួរ​ដល់​ថ្ងៃ​ខ្ពស់​ឃ្លាន​បាយ​ ក៏​បញ្ឈប់​ក្របី​ស៊ី​បាយ, រួច​ហើយ​ក៏​ភ្ជួរ​ទៀត​ទល់​ថ្ងៃ​ជ្រេ​ពី​ត្រង់​ក៏​ថ្ម​ពុំ​យំ​ ក្របី​ក៏​អស់​ជើង​ដើរ​ពុំ​រួច ។ កាល​បើ​អ្នក​កម្លោះ​បរ​ក្របី​ទៅ​ដល់​ជិត​ថ្ម​នោះ​អ្នក​ធ្វើ​ជា​ស្ដី​ថា << ឱ ! លោក​ថ្ម​អើយ​ យំ​ឡើង, ក្របី​ដើរ​ពុំ​រួច​ទេ​ អាណិត​ក្របី​ផង​ទៅ, ខ្លួន​ខ្ញុំ​ឥត​បើ​អី​ទេ​ ខ្ញុំ​មាន​បាយ​ស៊ី​ហើយ​ ភ្ជួរ​ដល់​យប់​ក៏​បាន​ដែរ, បើ​មិន​អាណិត​ខ្ញុំ​អាណិត​តែ​ក្របី​ចុះ​ ត្បិត​វា​ជា​សត្វ >> ។ កម្លោះ​នោះ​អង្វរ​ដូចម្ដេច​ក៏​ថ្ម​ពុំ​យំ, អ្នក​កម្លោះ​នោះ​ក៏​ពុំ​ជេរ​ត្បិត​វា​ដឹង​ថា​តា​នោះ​ទៅ​ពួន​ក្រោយ​ថ្ម​ លុះ​និយាយ​យូរៗ​ទៅ​តា​នោះ​មើល​មក​ឃើញ​ក្របី​ដើរ​ពុំ​រួច​មែន​ គាត់​នឹក​អាណិត​ក្របី​គាត់​ ក៏​យំ​ក្រោយ​ថ្ម​នោះ​ឮ​តែ​តែវៗ, អ្នក​កម្លោះ​នោះ​ក៏​ដោះ​ក្របី​ឲ្យ​ស៊ី​ស្មៅ​ ហើយ​មក​ផ្ទះ​ឪពុក​ក្មេក​វិញ ។ តា​នោះ​ក៏​ឲ្យ​កូន​គាត់​លើក​បាយ​មក​ឲ្យ​អ្នក​កម្លោះ​នោះ​ស៊ី ។ លុះ​ល្ងាច​តា​នោះ​ប្រាប់​ថា << កូន​អើយ ! ទៅ​ផ្ទះ​ឯង​ចុះ, ព្រឹក​សឹម​ឯង​មក​វិញ >> ។ កម្លោះ​នោះ​ក៏​លា​ទៅ​ផ្ទះ​ លុះ​យប់​មក​លប​ចាំ​ស្ដាប់​យក​ការណ៍​ នៅ​ក្រោម​ដំណេក​តា​នោះ​ ព្រោះ​គាត់​និយាយ​គិត​គូរ​នឹង​ប្រពន្ធ​គាត់​ទាល់​តែ​ដេក​លក់ ។